លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងដោយរិះគន់ថា អ្នកធ្វើនយោបាយខ្លះ មិនដែលនិយាយសូម្បីតែពាក្យរំលែកទុក្ខ និងពាក្យចូលរួមមរណទុក្ខ ចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់សោះ។
ការថ្លែងរិះគន់នេះ ធ្វើឡើងក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបន្តជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត នាថ្ងៃទី២២ ខែតុលានេះ។ ទោះបីជាប្រមុខរដ្ឋាភិបាល មានប្រសាសន៍មិនចំឈ្មោះ ក៏គេអាចកត់សម្គាល់ថា ការរិះគន់នេះសម្តៅដល់ក្រុមអ្នកធ្វើនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងសម្ងំលាក់ខ្លួននៅក្រៅប្រទេស។
ប្រមុខរដ្ឋាភិបាលមានប្រសាសន៍បន្តថា លោកគ្មានទម្លាប់ដើរចោលប្រជាជន នៅពេលដែលប្រជាជនជួបការលំបាកនោះទេ។ លោកនាយករដ្ឋមន្ត្រីរំលឹកថា ពាក្យរួមសុខរួមទុក្ខ ស្មើនឹងពាក្យខ្មែរយើងថា ជួយគ្នាក្នុងគ្រាក្រ មិត្តល្អក្នុងគ្រាលំបាក។
គួរបញ្ជាក់ថា ក្រោយប្រជាពលរដ្ឋកម្ពុជាជាង៤១ម៉ឺននាក់បានរងគ្រោះដោយសារទឹកជំនន់ និងមានអ្នកស្លាប់ចំនួនជាង៣០នាក់ផងនោះ រហូតមកដល់ពេលនេះ នៅមិនទាន់ឃើញមានអតីតមន្ត្រីនៃអតីតគណបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស បង្ហើរសារចូលរួមរំលែកទុក្ខ ឬរំលែកមរណទុក្ខដល់ពលរដ្ឋខ្មែរដែលកំពុងរងគ្រោះនោះឡើយ។
ប៉ុន្តែផ្ទុយត្រលប់មកវិញគេសង្កេតឃើញថា ក្នុងអំឡុងគ្រោះទឹកជំនន់នេះ មានសប្បុរសជនជាច្រើន រួមមានមន្ត្រីរាជការ អ្នកជំនួញ និងប្រជាពលរដ្ឋប្រកបរបរកស៊ីជាច្រើន បានផ្តល់ថវិកាដល់រដ្ឋាភិបាលសម្រាប់ជួយសង្គ្រោះដល់ពលរដ្ឋរងគ្រោះ និងបានចុះចែកអំណោយដោយផ្ទាល់ផងដែរ។ សកម្មភាពសប្បុរសទាំងនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីកោតសរសើរពីទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ជួយគ្នា ក្នុងគ្រាលំបាក៕