លោក​អូ​បា​ម៉ា​វាយប្រហារ​លោក​ត្រាំ​ខ្លាំងៗ​ក្នុង​យុទ្ធនាការ​ជួយ​លោក​បាយ​ដិន​

22-10-2020 2:00 pm 1394

​នៅពេលដែល​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាន់តែ​កៀក​មកដល់​នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០ អតីត​ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ាក់ អូ​បា​ម៉ា ក៏បាន​ចុះ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដោយផ្ទាល់ ដើម្បី​ជួយ​លោកចូ បាយដិន​បេក្ខជន​ប្រធានាធិបតី តំណាង​គណបក្ស​ប្រជាធិបតេយ្យ ស្វែងរក​សំឡេងគាំទ្រ​។ នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​លើកដំបូង​នេះ លោក​អូ​បា​ម៉ា​បាន​ទៅ​ជួប​អ្នកគាំទ្រ នៅ​ក្រុង​Philadelphia រដ្ឋ Pennsylvania​។ នៅ​ទីនោះ អតីត​ប្រធានាធិបតី​ទី​៤៤​របស់​អាមេរិក​រូបនេះ បាន​ប្រើ​វោហារសាស្ត្រ វាយប្រហារ​បំបាក់​គូប្រជែង​របស់លោក​បាយ​ដិន គឺ​លោក​ដូណាល់ ត្រាំ​ដែលជា​បេក្ខជន​ប្រធានាធិបតី តំណាង​គណបក្ស​សាធារណរដ្ឋ​។ 

​លោក​អូ​បា​ម៉ា​បាន​បង្កើន​សន្ទុះ​វាយប្រហារ​ខ្លាំងៗ​លើ​លោក​ត្រាំ អំពី ការ​រាតត្បាត​នៃ​វីរុស​កូវី​ដ​១៩ និង​ការ​លាក់បាំង​ការធ្វើ​ជំនួញ​ជាមួយ​ចិន​។ លោក​អូ​បា​ម៉ា​និយាយ​ដោយ​យោងទៅតាម សេចក្តីរាយការណ៍ របស់​កាសែត​ដ៏​ល្បី New York Times ថា លោក​ត្រាំ​បន្តធ្វើ​ជំនួញ​ជាមួយ​ចិន ព្រោះ​លោក​មាន​គណនី​ធនាគារ​ចិន​យ៉ាង​សម្ងាត់​។ លោក​ត្រាំ បាន​រិះគន់​លោកចូ បាយដិន​ចំពោះ​ទំនាក់ទំនង​ជាមួ​យ​ចិន ប៉ុន្តែ​លោក​ត្រាំ​ផ្ទាល់ បែរជា​មាន​ទំនាក់ទំនង​ក្នុង​ការរកស៊ី​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ចិន​ទៅវិញ​។​

​លោក​អូ​បា​ម៉ា​បាន​យក​ការ​រាតត្បាត​នៃ​វីរុស​កូវី​ដ​១៩ វាយប្រហារ​លើ​លោក​ត្រាំ​ផងដែ​រថា ៨​ខែ​ក្នុង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ ករណី​ឆ្លង​ជាច្រើន​កំពុងតែ​កើតមាន​ជាថ្មី​ម្តងទៀត​នៅ​ទូទាំងប្រទេស​។ លោក​អូ​បា​ម៉ា​ដែល​ធ្លាប់​គ្រប់គ្រង​តំណែង​ប្រធានាធិបតី រយៈពេល​ពីរ​អាណត្តិ គឺ​ពី​ឆ្នាំ​២០០៩ ដល់​២០១៧ ហើយ​នៅតែ​ជា​មនុស្ស​ម្នាក់​ស្ថិតក្នុង​ចង្កោម​ឥស្សរជន ដែលមាន​ប្រជាប្រិយ​បំផុត នៅក្នុង​គណបក្ស​ប្រជាធិបតេយ្យ បាន​បន្ទោស​លោក​ត្រាំ ចំពោះ​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩ ដោយ​ថា​លោក​ប្រធានាធិបតី មិន​ត្រឹមតែ​មិនអាច​ការពារ​ប្រជាជន​អាមេរិក​បាន​ភ្លាមៗ​ទេ សូម្បីតែ​លោក​ត្រាំ​ផ្ទាល់​ក៏បាន​រងគ្រោះ​ដោយសារ​វីរុស​នេះដែរ​។​

​ការបង្ហាញ​ខ្លួន​របស់​លោក​អូ​បា​ម៉ា នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដ៏​ក្តៅគគុក​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​ការបំពេញ​ចន្លោះប្រហោង​ឲ្យ​លោក​បាយដិន ដែល​មិន​បានចេញ​ធ្វើ​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេងគាំទ្រ​ទេ ដោយសារតែ​ជាប់រវល់​តាំងពី​ថ្ងៃ​ចន្ទ​មក ដើម្បី​ប្រជុំ​និង​ការរៀបចំ​ខ្លួន មុន​ការជជែក​ដេញដោល​លើកចុងក្រោយ​ជាមួយ​លោក​ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​ខែតុលា​ឆ្នាំ​២០២០ នៅ​ក្រុង​Nashville រដ្ឋ Tennessee​។ លោក​អូ​បា​ម៉ា​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ជួបជុំ​បន្តទៀត នៅ​ថ្ងៃ​សៅរ៍​ក្នុង​ទីក្រុង​ម៉ៃ​អា​មី និង​បន្ទាប់មកទៀត​នឹងមាន​ការប្រមូលផ្តុំ​ជួបជុំ​មួយទៀត នៅ​ក្រុង​Orlando រដ្ឋ Florida នា​សប្តាហ៍​ក្រោយ ដើម្បី​ស្វែងរក​សំឡេងគាំទ្រ​ឲ្យ​លោក​បាយដិន ដែលជា​អតីត​អនុ​ប្រធានាធិបតី ក្នុង​ជំនាន់​លោក​អូ​បា​ម៉ា​ជា​ប្រធានាធិបតី​អាមេរិក​៕ ដោយ៖អ៊ុន សុខឡា

ព័ត៌មានផ្សេងទៀត