កូរ៉េខាងត្បូងស៊ើបអង្កេត​ករណី​​​មនុស្ស​៥​នាក់​​ស្លាប់​​​ក្រោយ​​ចាក់​វ៉ាក់សាំង​​ការពារ​​ផ្ដាសាយ​

21-10-2020 5:00 pm 242

​មនុស្ស​៥​នាក់​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ ខណៈ​ការព្រួយបារម្ភ​កើតឡើង​កាន់តែខ្លាំង ជុំវិញ​សុវត្ថិភាព​នៃ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​នេះ​។ អាជ្ញាធរ​បាន​និយាយថា​ពុំមាន​ហេតុផល​ណាមួយ​ជឿជាក់ថា ករណី​ស្លាប់​នេះ​មាន​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​ទេ តែ​យ៉ាងណាក៏ដោយ​ការស៊ើបអង្កេត​កំពុង​ធ្វើឡើង​។ 

​សូមបញ្ជាក់ថា ករណីនេះ​កើតឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​កម្មវិធី​ចាក់​វ៉ាក់សាំង​ជាតិ​ត្រូវបាន​ផ្អាក ដោយសារតែ​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​។ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង​បានបញ្ជាក់​នៅ​ថ្ងៃទី​២១​តុលា​នេះ​ថា នឹង​រឹតបន្ដឹង​លើ​កម្មវិធី​ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​។ កាលពី​ខែ​មុន​អាជ្ញាធរ​បានប្រកាស​ពី​ផែនការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ផ្ដាសាយ​ចំនួន​២០​ភាគរយ​បន្ថែម​សម្រាប់​រដូវរងារ​ខាងមុខ ដើម្បី​អាច​ចាក់​លើ​មនុស្ស​បាន​៣០​លាន​នាក់​។ ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ប្រព័ន្ធ​សុខាភិបាល ខណៈ​កំពុង​ទទួលបន្ទុក​ធ្ងន់ធ្ងរ​ដោយសារ​មាន​អ្នកជំងឺ​ផ្ដាសាយ​ច្រើន ក៏ដូចជា​កំពុង​ប្រឈម​ខ្លាំង​នឹង​ជំងឺ​កូវី​ដ​-១៩៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត