ជំងឺគ្រុនឈាម រោគសញ្ញានិងវិធីបង្ការ

21-10-2020 4:46 pm 292

ជំងឺគ្រុនឈាមឆ្លងពីការខាំរបស់មូសខ្លាដែលផ្ទុកមេរោគគ្រុនឈាម។ ជំងឺគ្រុនឈាម ជាជំងឺមួយដែលអាចកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេងអាយុក្រោម១០ឆ្នាំ។ ជំងឺនេះបង្កឡើងដោយភ្នាក់ងារចម្លងយ៉ាងសកម្មបំផុតនោះគឺ មូសខ្លាញីខាំបឺតឈាមអ្នកដែលមានវីរុសគ្រុនឈាម ចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត។ នៅពេលមូសខាំមនុស្សម្នាក់ដែលមានជំងឺ ឬវីរុសបង្កជំងឺគ្រុនឈាម វីរុសនោះនឹងចូលទៅក្នុងសត្វមូស បន្ទាប់មកមូសនោះនឹងក្លាយទៅជាមូសដែលមានផ្ទុកជំងឺ។ នៅពេលវាទៅខាំមនុស្សម្នាក់ទៀត វីរុសនឹងចូលទៅក្នុងចរន្តឈាមរបស់មនុស្សនោះដើម្បីបង្កជំងឺទៀត។

បើយោងទៅតាមក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់ថា កត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលបង្កឱ្យមានជំងឺគ្រុនឈាមនោះ គឺមកពីបំរែបំរួលអាកាសធាតុ និងវត្តមានជម្រកមូសខ្លានៅតាមផ្ទះសម្បែង ឬទីធ្លាសាធារណៈ។ មូសខ្លា កកើតកូនចៅនៅក្នុងទឹកថ្លាស្អាត និងចូលចិត្តរស់នៅជិតមនុស្ស ហើយហើរក្នុងចំងាយមិនលើសពី១៥០ម៉ែត្រពីជម្រកកកើតមូស។

ជំងឺគ្រុនឈាម ត្រូវបានគេឃើញកើតភាគច្រើននៅអំឡុងរដូវភ្លៀង។ ជំងឺគ្រុនឈាមមានរោគសញ្ញាដូចជា ២ទៅ៣ថ្ងៃ ក្រោយពីមូសខ្លាញីខាំ អ្នកជំងឺមានអាការៈក្តៅខ្លួនចាប់ពី៣៩ ទៅ៤០អង្សារសេ អមដោយរោគសញ្ញាផ្សេងៗទៀតដូចជា ខ្សោយសរីរាង្គ អស់កម្លាំង មុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម។ 

ដូចច្នេះដើម្បីឲ្យខ្លួន ក៏ដូចជាកូនៗអ្នកជៀសផុតឆ្ងាយពីជំងឺគ្រុនឈាម អ្នកគួរអនុវត្តតាមវិធានការការពារសុខភាព ក៏ដូចជាការណែនាំរបស់អង្គការសុខភាពពិភពលោក ក្នុងការកាត់បន្ថយភ្នាក់ងារចម្លងមូសខ្លា ដោយក្នុងនោះរួមមាន៖

- ត្រូវកម្ចាត់ដង្កូវទឹកនៅកន្លែងមានទឹកដក់ ត្រូវលាងសម្អាតពាង ឬអាងឲ្យបានម្តងក្នុងមួយសប្តាហ៍ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលមូលដ្ឋាន ដើម្បីដាក់ថ្នាំអាបែត ឬប៊ីធីអាយ។

- កំចាត់ដង្កូវទឹកពីក្នុងសម្ភារដែលអាចដក់ទឹក ដោយកប់ឬដុតចោលឬទុកឲ្យមានរបៀបនូវរាល់សម្ភារ ដោយចៀសវាងកុំឲ្យមានទឹកដក់បានឲ្យសោះ។

- ត្រូវធ្វើអនាម័យក្នុងផ្ទះ ជុំវិញផ្ទះឲ្យបានស្អាតដើម្បីកម្ចាត់ជម្រកមូសខ្លា។ 

- ក្នុងករណីមានការសង្ស័យ ដូចជាមានអាការៈគ្រុនក្តៅខ្លាំង ត្រូវប្រញាប់ប្រញាល់នាំអ្នកជំងឺទៅ មណ្ឌលសុខភាព ឬមន្ទីពេទ្យដែលនៅជិតបំផុត ដើម្បីពិនិត្យនិងព្យាបាលឲ្យបានទាន់ពេលវេលា ជៀសវាងការផ្សំថ្នាំប្រើដោយខ្លួនឯង។

- សម្រាកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬក្នុងមុង និងស្លៀកសម្លៀកបំពាក់វែងៗ ពាក់ស្រោមដៃស្រោមជើង ធ្វើយ៉ាងណាឲ្យដៃជើងខ្លួនប្រាណជិតល្អ។

- កាត់បន្ថយការចេញក្រៅផ្ទះនៅពេលយប់ ជាពិសេសកន្លែងដែលមានមូសច្រើន។ល។

ជាមួយគ្នានេះ អំឡុងពេលកំពុងព្យាបាល អ្នកជំងឺគ្រុនឈាម គួរតែផ្អាកបរិភោគប្រភេទអាហាររឹង និងបង្កើនការញ៉ាំទឹកឱ្យបានច្រើន ដើម្បីកុំឱ្យខ្សោះជាតិទឹកក្នុងខ្លួន និងជួយបង្ការអាការៈក្ដៅខ្លួនខ្លាំង។ ផឹកទឹកផ្លែឈើស្រស់ ដូចជាទឹកក្រូចច្របាច់ ព្រោះវាសម្បូរវីតាមីន និងអង់ទីអុកស៊ីដង់ ដែលអាចចូលរួមចំណែកយ៉ាងខ្លាំងក្នុងការជួយព្យាបាល និងសម្រួលដល់អាការៈអ្នកជំងឺគ្រុនឈាម។ 

អ្នកជំងឺគ្រុនឈាមនឹងមិនអាចឈានដល់ការបាត់បង់ជីវិតទេ ប្រសិនបើទទួលបានការព្យាបាលទាន់ពេលវេលា។ ប៉ុន្តែយ៉ាងណា វាក៏អាចបណ្ដាលឲ្យប៉ះពាល់អាយុជីវិតបាន បើក្នុងករណីមិនរូសរាន់ បង្កឲ្យមានរោគសញ្ញាខ្លាំង ហើយពុំមានការតាមដាន ទៅព្យាបាលឲ្យបានត្រឹមត្រូវ៕ ដោយ៖ស៊ូ សូរិយា

 ពាក្យគន្លឹះ  សុខភាពជំងឺគ្រុនឈាម

ព័ត៌មានផ្សេងទៀត