នាយករដ្ឋមន្ដ្រី​ថ្មី​ជប៉ុន​​ចាត់ទុក​អាស៊ាន​​ជា​ដៃគូ​​ដ៏​ល្អ​

21-10-2020 4:15 pm 460
នាយករដ្ឋមន្ដ្រីថ្មីជប៉ុន​លោកស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដិ

​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដិ​បាន​និយាយថា លោក​បាន​ឯកភាព​ជាមួយនឹង​មេដឹកនាំ​នៃ​ប្រទេស​វៀតណាម​និង​ឥណ្ឌូនេស៊ី ដើម្បី​ធ្វើការ​រួមគ្នា​កសាង​សន្ដិភាព ភាពរុងរឿង​ក្នុង​ពេលអនាគត​នៅ​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​។ លោក​ថ្លែង​បែបនេះ​ក្នុង​ពេលធ្វើ​សន្និសីទ​នៅ​ទីក្រុង​ចា​កាតា​ប្រទេស​ឥណ្ឌូនេស៊ី​នា​ថ្ងៃទី​២១​តុលា​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​ក្រោយ​ចូល​កាន់តំណែង​កាលពី​ខែ​មុន​។ កាលពី​ថ្ងៃទី​១៩​តុលា លោក​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម​ផងដែរ​។​

​និយាយ​ពី​អាស៊ាន លោក​ថា​ជប៉ុន​និង​អាស៊ាន​អាចជួយ​គ្នា និង​ពង្រឹង​ចំណងទាក់ទង​ទៅវិញទៅមក ព្រោះ​ប្រទេស​អាស៊ាន​បាន​ចែករំលែក​គោលដៅ​រួម​ដូចគ្នា ក្នុងការ​អនុវត្ដ​គោលការណ៍​រួម​នៃ​នីតិរដ្ឋ ការ​បើកទូលាយ និង​តម្លាភាព​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក​នាយករដ្ឋមន្ដ្រី​លើកឡើងថា សន្ដិភាព​និង​វិបុលភាព​នៅក្នុង​តំបន់​អាច​កើតមានឡើង​បាន លុះត្រាតែ​សិទ្ធិសេរីភាព ការ​បើកទូលាយ និង​នីតិរដ្ឋ​អាច​ចាក់ឫស​នៅក្នុង​តំបន់​នេះ​បាន​សិន​។ លោក​សូម​ជំទាស់​ដាច់ខាត​រាល់​សកម្មភាព​ទាំងអស់ ដែល​បង្កើន​ភាព​តានតឹង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​លោក​សូមឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ដោយ​សន្ដិវិធី​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  ជប៉ុនអាស៊ាន

ព័ត៌មានផ្សេងទៀត