លោកJoão Doriaអភិបាលក្រុងSao Pauloប្រទេសប្រេស៊ីលថ្លែងថា រដ្ឋាភិបាលសហព័ន្ធ បានយល់ព្រមទិញវ៉ាក់សាំងការពារវីរុសកូវីដ១៩ CoronaVac ផលិតដោយក្រុមហ៊ុនចិន Sinovac Biotech ចំនួន៤៦លានដូស។ វ៉ាក់សាំងនេះកំពុងត្រូវបានដាក់ឲ្យធ្វើតេស្តពិសោធន៍ នៅវិទ្យាស្ថានButantanនៃទីក្រុងSao Pauloប្រទេសប្រេស៊ីល ជាវិទ្យាស្ថានគីមីសាស្ត្រឈានមុខគេបំផុតក្នុងប្រទេស។ ឆ្លងកាត់ការពិសោធន៍ដំណាក់កាលចុងក្រោយអស់២ដូស លទ្ធផលហាក់បង្ហាញថា វ៉ាក់សាំងនេះមានសុវត្ថិភាពនៅក្នុងការប្រើប្រាស់។ នេះបើតាមវិទ្យាស្ថាន Butantan ប្រកាសនៅថ្ងៃចន្ទ។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាលទ្ធផលនៃការធ្វើតេស្តមួយផ្នែកប៉ុណ្ណោះ គេត្រូវរង់ចាំការធ្វើតេស្តឲ្យអស់ចំនួនមនុស្ស ដែលបានចូលរួមក្នុងការធ្វើតេស្តសាកល្បងនេះសិន ទើបអាចវាយតម្លៃពីប្រសិទ្ធិភាពរបស់វ៉ាក់សាំងនេះបាន។ សង្កេតឃើញថា វ៉ាក់សាំងរបស់ចិន ដូចជាមានប្រជាប្រិយភាព ត្បិតក្រៅពីប្រេស៊ីល វ៉ាក់សាំងCoronaVac ក៏កំពុងត្រូវបានដាក់ឲ្យធ្វើតេស្ត នៅក្នុងប្រទេសតួកគីនិងឥណ្ឌូនេស៊ីផងដែរ។
ប្រសិនបើវ៉ាក់សាំងនេះត្រូវបានអនុម័ត ដោយនិយតករសុខភាពរបស់ប្រទេសប្រេស៊ីល CoronaVac នឹងក្លាយជាវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំងចំនួនពីរ ដែលត្រូវបានបញ្ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការរបស់ប្រទេសប្រេស៊ីល។ បច្ចុប្បន្នប្រេស៊ីលមានវ៉ាក់សាំងមួយប្រភេទរួចទៅហើយ ដែលជាវ៉ាក់សាំងផលិតដោយក្រុមហ៊ុនឱសថAstraZenecaរបស់អង់គ្លេស។ អភិបាលក្រុងSao Pauloនិយាយថា កម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ អាចចាប់ផ្តើមឆាប់ៗ គឺនៅខែមករាឆ្នាំ ២០២១ ដែលនេះជាការខិតខំដំបូងគេមួយនៅលើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតកូវីដ១៩។
ប្រេស៊ីលមានមនុស្សឆ្លងវីរុសកូវីដ១៩ជាង៥លាននាក់ ដែលជាចំនួនខ្ពស់បំផុតលំដាប់ទី៣ក្នុងពិភពលោក បន្ទាប់ពីអាមេរិកនិងឥណ្ឌា ហើយប្រេស៊ីលស្ថិតនៅលំដាប់ទី២ ជាប្រទេសដែលមានមនុស្សស្លាប់ដោយសារតែវីរុសកូវីដ១៩ច្រើនជាងគេលើពិភពលោក ចំនួនជាង១៥ម៉ឺននាក់ បន្ទាប់ពីអាមេរិក។ សរុបនៅក្នុងពិភពលោក មនុស្សឆ្លងវីរុសកូវីដ១៩បានកើនឡើងដល់ជាង៤១លាននាក់ នៅក្នុងនោះស្លាប់ជាង១លាន១សែននាក់ និងព្យាបាលជាសះស្បើយជាង៣០លាននាក់។ នេះបើតាមការចុះផ្សាយ ដោយគេហទំព័រធ្វើបច្ចុប្បន្នភាពវីរុសកូវីដ១៩ប្រចាំថ្ងៃ worldometer នៅរសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០២០៕
ដោយ៖អ៊ុន សុខឡា