ក្រសួង​យុត្ដិធម៌​អាមេរិក​​ប្ដឹង​ក្រុមហ៊ុន​Google​​ដោយ​ចោទថា​​បំពាន​ច្បាប់​

21-10-2020 2:40 pm 275

​វា​ហាក់ដូចជា​រឿង​មិនធម្មតា​មួយ​ដែរ ដែល​សហរដ្ឋអាមេរិក​ប្ដឹង​ក្រុមហ៊ុន​អាមេរិក​ខ្លួនឯង ហើយ​ជា​ក្រុមហ៊ុន​កំពុង​ល្បីល្បាញ​ទាំង​ក្នុងស្រុក​និង​លើ​ឆាក​អន្ដរជាតិ​ទៀត នោះ​គឺ​ក្រុមហ៊ុន​Google​។ ប៉ុន្ដែ​មិន​ថា​Google​បាន​ជួយ​លើក​មុខមាត់​អាមេរិក ឲ្យគេ​ទទួលស្គាល់​បច្ចេកវិទ្យា​ដ៏​ខ្លាំង​របស់​អាមេរិក​យ៉ាងណាក៏ដោយ ករណី​ដែល​ក្រុមហ៊ុន​នេះ​ធ្វើ​ខុស​អាមេរិក​ត្រូវតែ​ចាត់វិធានការ​។ 

​ជាក់ស្ដែង​ក្រសួង​យុត្ដិធម៌​អាមេរិក​ដាក់ពាក្យ​ប្ដឹង​ប្រឆាំង​ក្រុមហ៊ុន​Google​ទៅ​តុលាការ​នៅ​Washington DC ស្របពេល​មាន​ពាក្យបណ្ដឹង​ក្នុង​រដ្ឋ​ចំនួន​១១​ផ្សេងទៀត ដោយ​ចោទថា​Google​រំលោភ​លើ​ច្បាប់​ប្រឆាំង​សេចក្ដី​ទុកចិត្ដ​របស់​អាមេរិ​ក​(Antitrust law)​។ ក្រសួង​យុត្ដិធម៌​ថា​ក្រុមហ៊ុន​Google​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ឧបករណ៍ប្រើប្រាស់ ក្នុងនោះ​មាន​Apple​និង​Samsung​ជាដើម ដោយ​ត្រូវ​បង់ប្រាក់​ឲ្យ​ក្រុមហ៊ុន​ទាំងនេះ​រាប់លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ ធ្វើ​ដូច្នេះ​ដើម្បី​ធានាថា​កម្មវិធី​Google​ត្រូវតែ​ដំឡើង​នៅលើ​ឧបករណ៍ប្រើប្រាស់​ដែល​ក្រុមហ៊ុន​ទាំងនេះ​ផលិត​ចេញ ដូចជា​ទូរស័ព្ទដៃ​ជាដើម​។ កិច្ចព្រមព្រៀង​បាន​ជួយ​ធានា​ឲ្យ​ក្រុមហ៊ុន​Google​រក្សា​តំណែង​កំពូល​លើ​អ៊ី​ន​ធឺ​ណេត ពោលគឺ​អនុញ្ញាតឲ្យ​Google​អាច​គ្រប់គ្រង​បាន​៨០​ភាគរយ នៃ​ការស្វែងរក​ព័ត៌មាន​តាម​អ៊ី​ន​ធឺ​ណេត​ក្នុង​សហរដ្ឋអាមេរិក​។ ការ​អនុវត្ដ​សកម្មភាព​ទាំងនេះ បាន​ប៉ះពាល់​ទៅដល់​ការប្រកួតប្រជែង​និង​អ្នកប្រើប្រាស់​។​

​នៅក្នុង​ពាក្យបណ្ដឹង​សង្កត់ធ្ងន់ថា “​ក្រុមហ៊ុន​Google​បានប្រកាស​ពី​ការប្រកួតប្រជែង​ក្នុង​ការស្វែងរក​ព័ត៌មាន​លើ​អ៊ី​ធឺ​ណេត​។ ប៉ុន្ដែ​ក្រុមហ៊ុន​ប្រកួតប្រជែង​ផ្សេងទៀត​បានប្រកែក​ថា មិនមាន​ការទទួលស្គាល់​ខ្លាំង​នោះទេ​ទៅលើ​សេវាកម្ម​របស់​ពួកគេ ជារួម​ពួកគេ​ថា​គ្មាន​ឱកាស​ពិតប្រាកដ​ណាមួយ​ដើម្បី​ប្រជែង​ជាមួយ​Google​បានឡើយ​។ Google​មាន​ភាព​លេចធ្លោ​ខ្លាំងណាស់ ដែល​មិន​ត្រឹមតែ​អាច​សម្គាល់​អត្ដ​សញ្ញាណ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​គ្រាន់តែ​គេ​លឺថា​Google នោះគេ​ស្គាល់​បាត់ទៅហើយ​ថា​ជា​សេវា​ស្វែងរក​ព័ត៌មាន​ឬ​ទិន្នន័យ​តាម​អ៊ី​ន​ធឺ​ណេត​។​” ពាក្យបណ្ដឹង​គូសបញ្ជាក់​ទៀតថា “​កិច្ចព្រមព្រៀង​រវាង​Google​ជាមួយ​ដៃគូ​ពាក់ព័ន្ធ បាន​ធ្វើឲ្យប៉ះពាល់​ដល់​សាធារណជន​តាម​រយៈ​ការបំផ្លាញ​គុណភាព​នៃ​សេវា​ស្វែងរក ក្នុង​លក្ខខណ្ឌ​នៃ​ការការពារ​ទិន្នន័យ​ឬ​ព័ត៌មាន​ឯកជន និង​អាច​កាត់បន្ថយ​ដល់​ជម្រើស​ឬ​ការច្នៃ​ប្រឌិដ្ឋ​ថ្មី​បន្ថែមទៀត​។​”

​សម្រាប់​ក្រុមហ៊ុន​Google​វិញ​បាន​ចេញមុខ​ច្រានចោល​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់​។ មន្ដ្រីជាន់ខ្ពស់​ក្រុមហ៊ុន​ចាត់ទុក​ពាក្យបណ្ដឹង​គ្មាន​ភាពត្រឹមត្រូវ ហើយ​ថា​មនុស្ស​ប្រើប្រាស់​Google​វា​ជា​ការសម្រេចចិត្ដ​របស់​ពួកគេ ពុំមែន​ការបង្ខិតបង្ខំ​ឲ្យប្រើ​ប្រា​ស់ឡើយ ឬក៏​ព្រោះតែ​ពួកគេ​មិនអាច​រកបាន​សេវាកម្ម​ដែល​សមស្រប​តាម​តម្រូវការ​។ ច្បាប់​នេះ​នឹងមិន​អាចជួយ​អ្វី​ឡើយ​ដល់​អ្នកប្រើប្រាស់ ផ្ទុយទៅវិញ​វា​នឹង​បង្កើត​ជម្រើស​ស្វែងរក​ដែលមាន​កម្រិត​ទាប និង​កាន់តែ​ពិបាក​សម្រាប់​មនុស្ស​ក្នុង​ការទទួលបាន​សេវាកម្ម​ដែល​ពួកគេ​ចង់​ប្រើ​។​

​ពាក់ព័ន្ធ​ករណីនេះ អ្នកវិភាគ​មួយចំនួន​និយាយថា​នឹង​មានការ​តតាំង​គ្នា​ខ្លាំង​នៅ​តុលាការ រវាង​រដ្ឋាភិបាល​អាមេរិក​និង​ក្រុមហ៊ុន​Google​។ 

​គួរ​ជម្រាប​ថា ក្រុមហ៊ុន​Google​ត្រូវបាន​ស្ថិតក្រោម​ការស៊ើបអង្កេត​របស់​ក្រសួង​យុត្ដិធម៌​តាំងពី​ខែកក្កដា​ឆ្នាំ​២០១៩​។ ស៊ើបអង្កេត​ដើម្បី​ចង់ដឹងថា​តើ​ក្រុមហ៊ុន​កំពុង​ព្យាយាម​រារាំង​ការប្រកួតប្រជែង​ដោយ​យុត្ដិធម៌​មែន​ឬក៏​យ៉ាងណា​។ ការស៊ើបអង្កេត​ក៏​អាច​នាំឲ្យមាន​បណ្ដឹង​បន្ថែមទៀតផង​ដែរ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត