​ថ្នាក់ដឹកនាំ​អតីត​CNRP៩​រូប​​នឹង​ចូលមក​បំភ្លឺ​តាម​ដីកា​កោះ តែមាន​លក្ខខណ្ឌ​!​

21-10-2020 2:24 pm 1507

​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៩​រូប ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​នឹង​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូល​ឆ្លើយបំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ព្រម​តាម​សំណើរ​របស់ខ្លួន​ចំនួន​៤​ចំណុច ខណៈ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក​ផៃ ស៊ី​ផាន សុំ​មិនធ្វើ​អត្ថាធិប្បាយ​ឡើយ ដោយ​បង្វែរ​រឿងនេះ​ឱ្យទៅ​សួរ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​។

​ឆ្លើយតប​នឹង​ដីកាកោះ​របស់​តុលាការ​ក្រុងភ្នំពេញ ដែល​កោះ​ឱ្យ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​០៩​រូប កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស ឱ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១១ វិច្ឆិកា ឆ្នាំ​២០២០ អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ជាថ្មី​ថា ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ចំនួន​០៩​រូប នឹង​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន យល់ព្រម​តាម​សំណើរ​របស់ខ្លួន​ចំនួន​៤​ចំណុច ដោយ​ក្នុងនោះ​រួមមាន​៖

១. លើក​បម្រាម​ដែល​បាន​ហាម​ក្រុមហ៊ុន​យន្តហោះ​នានា មិនឱ្យ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រទេស​កម្ពុជា​។​

២. ផ្ដល់​ឡើងវិញ​នូវ​សុពលភាព​លិខិតឆ្លងដែន​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្រសួងការបរទេស​លុប​ចោល​។​

៣. សរសេរ​លិខិត​ទៅ​បណ្ដា​ប្រទេស​អាស៊ាន ជាពិសេស​ប្រទេស​ថៃ អនុញ្ញាតឱ្យ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចេញចូល​ប្រទេ​ថៃ​ដូច​អ្នកដំណើរ​នានា​។​

​និង​៤. កុំ​រារាំង ហាមឃាត់ បំភិតបំភ័យ និង​ចាប់ចង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទទួល​ស្វាគមន៍​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។​

​ជាមួយគ្នានេះ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ជាពិសេស​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់ ជម្រុញ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន អនុវត្តតាម​លក្ខខណ្ឌ​ខាងលើនេះ ដើម្បីឱ្យ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អាច​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​ស្ដារ​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។​

​ឆ្លើយតប​ចំពោះ​បញ្ហា​ខាងលើនេះ លោក​ផៃ ស៊ី​ផាន អ្នក​នាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​វិទ្យុ​វាយោ​ថា នេះ​ជា​ការស្នើសុំ​របស់​អ្នក​បាត់បង់​អភ័យឯកសិទ្ធិ​ដូចជា ប៉ាស្ព័រ លិខិតឆ្លងដែន​។ តែ​យ៉ាងណា​លោក​ផៃ ស៊ី​ផាន មិនបាន​បកស្រាយ​ទេ ដោយ​លោក​បាន​បង្វែរ​បញ្ហា​នេះ​ឱ្យទៅ​សួរ​ក្រសួងការបរទេស​វិញ​។ ដោយឡែក​បញ្ហា​ផ្សេងៗ​ទៀត ជាពិសេស​រឿង​កោះហៅ​ឱ្យ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​០៩​រូប ឱ្យ​ចូលខ្លួន​បំភ្លឺ​នោះ លោក​ឱ្យទៅ​សួរ​តុលាការ​ដែលជា​អ្នក​កោះហៅ​ផងដែរ​…

​សំឡេង​៖

ចំណែក​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឆ្លើយតប​តាម​បញ្ដាញ​សង្គម​តេ​ឡេ​ក្រាម​ប្រាប់​សារព័ត៌មាន​វិទ្យុ​វាយោ​ថា យើង​គ្មាន​ហេតុអ្វី​ទៅ​ធ្វើតាម​លក្ខខណ្ឌ​ទាំងអស់​នឹង​នោះទេ ពីព្រោះ​យើង​ដឹង​ហើយ​ថា​ក្រុម​នេះ (​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​០៩​រូប​) មិន​ចូល​មកឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ឡើយ​។ លោក​បន្តថា ផែនការ​របស់​ពួកគេ គឺ​យក​ប្រជាពលរដ្ឋ​មក​ធ្វើជា​ឈ្នាន់​ការពារ ដើម្បី​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​តែប៉ុណ្ណោះ​……………

​សំឡេង​លោក​ជិន ម៉ា​លីន​៖

​បើតាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូបនេះ មាន​លក្ខខណ្ឌ​មួយ​ប៉ុណ្ណោះ​ដែល​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​០៩​រូប អាច​ចូលមក​ប្រទេស​កម្ពុជា​បាន គឺ​មិនឱ្យ​បំផុសបំផុល​ប្រជាពលរដ្ឋ​ឱ្យមក​ចាំ​ទទួល​ខ្លួន ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ពី​ពេលវេលា និង​ទីកន្លែង​ជើងហោះហើរ សមត្ថកិច្ច​នឹង​ទៅយក​ដល់​កន្លែង ដើម្បី​យកមកអនុវត្ត​ច្បាប់ ពីព្រោះ​រដ្ឋាភិបាល​ចង់តែ​អនុវត្ត​ច្បាប់​ទៅលើ​ក្រុម​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​០៩​រូប​។ លោក​បន្តថា រដ្ឋាភិបាល​មិន​ចង់ឃើញ​ពលរដ្ឋ​ប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច ដោយសារតែ​ចាញ់បោក​ឧបាយកល និង​ការឃោសនា​ឱ្យមក​ចាំ​ទទួល​ស្វាគមន៍​ពួកគេ​ឡើយ​…………

​សំឡេង​លោក​ជិន ម៉ា​លីន​៖

​សូមបញ្ជាក់ថា តុលាការ​ក្រុងភ្នំពេញ បានចេញ​ដីកាកោះ​ឱ្យ​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​០៩​រូប រួមមាន​៖ លោក​សម រង្ស៊ី​, លោក​អេង ឆៃអ៊ាង​, លោកស្រី​មួរ សុខ​ហួរ​, លោក​អ៊ូ ចន្ទ័​ប្ញ​ទិ្ធ​, លោក​ហូរ វ៉ាន់​, លោក​ឡុង រី​, លោក​ម៉ែន សុថា​វ​រិន្ទ្រ​, លោកស្រី​ជូ​ឡុង សួ​មូរ៉ា និង​លោក​នុត រំដួល ឱ្យ​ចូលខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ វិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​បំភ្លឺ​លើ​បទ​ចោទ​ក្នុង​សំណុំរឿង «​ឧបឃាត​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​៕

ព័ត៌មានផ្សេងទៀត