ផលិតផលក្លែងក្លាយជិត៦០០តោនត្រូវសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេល៩ខែដើមឆ្នាំនេះ

21-10-2020 11:28 am 270

៩ខែ ឆ្នាំ២០២០នេះ ការបង្ក្រាបឱសថខុសច្បាប់ ផលិតផលវេជ្ជសាស្ត្រ និងផលិតផលក្លែងក្លាយខុសច្បាប់សរុបចំនួន ១៣៤ករណី ស្មើនឹងចំនួន ៥៩៤.៦៥តោន។នេះបើតាមការឱ្យដឹងរបស់ លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្នុងកិច្ចប្រជុំស្តីពី«យន្តការអនុវត្តន៍ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងទិសដៅអនុវត្តន៍បន្ត»នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។

ក្នុងពិធីនោះដែរ លោក មៀច សុផាន់ណា បានបញ្ជាក់ពីជំហរ និងការប្តេជ្ញាចិត្ត យកចិត្តទុកដាក់ផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ ទាំងអត្តសញ្ញណក៏ដូចជាផលប៉ះពាល់នៃផលិតផលទាំងនោះ ដើម្បីធានា និងការពារសុខុមាលភាពប្រជាពលរដ្ឋជាចម្បង។

បើតាមរបាយការណ៍របស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយប្រភេទផលិតផល ឱសថ ១៩ករណី ផលិតផលវេជ្ជសាស្ត្រប្រឆាំងនឹងមេរោគកូវីដ១៩ ចំនួន១២ករណី ផលិតផលឧបភោគ និងបរិភោប ៣៥ករណី ផលិតផលគ្រឿងសម្អាង ២៩ករណី ផលិតផលប្រើប្រាស់ ២០ករណី និងផលិតផលថ្នាំជក់ ១៩ករណី។សម្រាប់ការចុះបង្រ្កាបផលិតផលក្លែងក្លាយនោះ ធ្វើឡើងនៅតាមបណ្ដារាជធានីខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ បាត់ដំបង កំពង់ចាម ត្បូងឃ្មុំ និងខេត្តស្វាយរៀង។

ចំពោះស្ថិតិតាមនីតិវិធី សមត្ថកិច្ចបានអនុលោមតាមច្បាប់លើអាជីវកម្ម៩ករណី កិច្ចសន្យាអប់រំណែនាំ ១០៥ករណី ផាកពិន័យតាមវិធានក្រសួងពាក់ព័ន្ធ ១ករណី។ កំពុងបន្តនីតិវិធី គបផក ៦ករណី។ បញ្ជូនសំណុំរឿងអយ្យការ/តុលាការ ១៣ករណី (ឃាត់ខ្លួនមនុស្ស ២០នាក់) ដោយក្នុងនោះកំពុងបន្តនីតិវិធី ១១ករណី (មនុស្ស ១៨នាក់) និងតុលាការសម្រេច ២ករណី (មនុស្ស២នាក់ ដាក់ពន្ធនាគារ)៕ 

ព័ត៌មានផ្សេងទៀត