រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​ម្នាក់ទៀត​ លើ​បុរស​ជនជាតិ​ប៉ូឡូញ​​

21-10-2020 8:10 am 212

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការរកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​០១​នាក់​លើ​បុរស​ជនជាតិ​ប៉ូឡូញ ដែល​ទើប​ធ្វើដំណើរ​ចូលមក​កម្ពុជា និង​មិនមាន​ករណី​ជាសះស្បើយ​នោះឡើយ​។

​បុរស​ជនជាតិ​ប៉ូឡូញ​អាយុ​៤៧​ឆ្នាំ ដែល​រកឃើញ​មាន​ជំងឺ​កូវី​ដ​១៩​នេះ មាន​អាសយដ្ឋាន​ស្នាក់នៅ​បណ្ដោះអាសន្ន នៅ​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​ព្រះសីហនុ ជា​អ្នក​ដែល​បាន​ធ្វើដំណើរ​មកពី​ប្រទេស​ប៉ូឡូញ បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។​

​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាករ​បស់​បុគ្គល​នេះ គឺ​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​
​សូមបញ្ជាក់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ​សរុប​មាន​ចំនួន ៥៤​នាក់ (​ស្រី ៣៦​នាក់ និង​កុមារ ០២​នាក់​) ដែល​ក្នុង​ចំនួន​នេះ មាន​បុរស​ជាតិ​ប៉ូឡូញ អាយុ​៤៧​ឆ្នាំ ខាងលើ​។ រីឯ អ្នកដំណើរ​ចំនួន ៥៣​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវី​ដ​-១៩ នោះ ត្រូវបាន​ដាក់​ឱ្យធ្វើ​ច​ត្តា ឡីស័​ក​ចំនួន​១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​មណ្ឌល​កងទ័ព​ជើង​អាកាស​។​

​គិត​ត្រឹម​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​កម្ពុជា​មាន​រកឃើញ​អ្នកមាន​វីរុស​កូវី​ដ​-១៩ មាន​ចំនួន​សរុប​២៨៦​នាក់ (​ស្ត្រី ៥៨​នាក់ និង​បុរស ២២៨​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស​មាន​ចំនួន ២៨០​នាក់ (​ស្មើនឹង ៩៧.៩០% ធៀប នឹង​ចំនួន​អ្នកមាន​វីរុស​កូវី​ដ​-១៩​ទាំងអស់​) និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​០៦​នាក់​៕


ព័ត៌មានផ្សេងទៀត