នៅមិនទាន់មានដំណោះស្រាយនោះទេ ចំពោះការតវ៉ានៅក្នុងប្រទេសថៃ។ ឆ្លងកាត់ការបង្ក្រាបដោយវិធានការក្ដៅពីសំណាក់រាជរដ្ឋាភិបាល ពេលនេះក្រុមបាតុករជាយុវវ័យបានប្រកាសប្រើយុទ្ធសាស្ដ្ររបស់ក្រុមបាតុករហុងកុង។ ពួកគេគ្រោងប្រើឆត្រធ្វើជារបាំងការពារ នៅពេលប៉ូលិសបើកការបង្ក្រា និងប្ដេជ្ញាការពារមិត្ដភក្ដិ ត្រូវបន្ដការទាមទារដើម្បីផ្លាស់ប្ដូរ ហើយការចាប់ខ្លួនមិនអាចបញ្ឈប់ពួកគេបានឡើយ។
បច្ចុប្បន្នភាពនៃការតវ៉ានៅក្នុងប្រទេសថៃនិងដើមចម
ការតវ៉ានៅក្នុងប្រទេសថៃបានចាប់ផ្ដើមឡើងតាំងពីខែកក្កដាមកម្ល៉េះ គិតត្រឹមពេលនេះមានរយៈពេលជាងបីខែហើយ។ តាមពិតបើរាប់ក្នុងឆ្នាំ២០២០នេះ មានការតវ៉ាជាពីរដំណាក់កាល គឺដំណាក់កាលទីមួយធ្វើឡើងក្នុងខែកុម្ភៈ ក្រោយមកក៏ស្ងាប់ស្ងាត់មួយរយៈធំហើយទើបមានដំណាក់កាលទីពីរចាប់ផ្ដើមក្នុងខែកក្កដា។
រម្លឹកដើមចមដែលនាំឲ្យមានការតវ៉ាដំណាក់កាលដំបូងក្នុងអំឡុងខែកុម្ភៈ តាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានអន្ដរជាតិ ពេលនោះគឺមានប្រតិកម្មខ្លាំងបន្ទាប់ពីតុលាការរដ្ឋធម្មនុញ្ញថៃប្រកាសរំលាយគណបក្សនយោបាយថ្មីថ្មោងមួយ គឺគណបក្សFuture Forward ឬអាចមានន័យជាខ្មែរថា គណបក្សឆ្ពោះទៅអនាគត នៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២០។ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំទៅមិញ បក្សនេះទទួលបានសំឡេងគាំទ្ររហូតដល់ជាង៦លានសំឡេង គឺឈ្នះ៨១ក្នុងចំណោម៥០០អាសនៈនៃរដ្ឋសភា ដ្បិតថាជាបក្សទើបបង្កើតថ្មីថ្មោងក៏ដោយ។ មេដឹកនាំគណបក្សគឺលោកថាណាថន វង្សរង់គ្រ័ងគីត(Thanathorn Juangroongruangkit) ដែលមានអ្នកគាំទ្រសុទ្ធសឹងជាក្រុមយុវជននិងនិស្សិត។ មូលហេតុនៃការរំលាយគណបក្សនេះ ក្រោមបទចោទប្រកាន់ថារំលោភលើច្បាប់បោះឆ្នោត។ ក្រៅពីនេះការតវ៉ាពេលនោះមានហេតុផលបន្ទាប់បន្សំមួយចំនួនទៀត ដូចជាការមិនពេញចិត្ដចំពោះសកម្មភាពប្រព្រឹត្ដអំពើពុករលួយក្នុងជួររដ្ឋាភិបាលជាដើម។
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ការតវ៉ាក្នុងដំណាក់កាលទីពីរបានចាប់ផ្ដើមឡើង។ ដំបូងឡើយជាការតវ៉ាដោសន្ដិភាព ហើយបើនិយាយពីដើមហេតុធំៗមានចំនួនបី ទីមួយទាមទារទម្លាក់លោកនាយករដ្ឋមន្ដ្រីប្រាយុទ្ធ ចាន់អូចាចេញពីតំណែង ទីពីរទាមទារឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ឡើងវិញ និងទីបីទាមទារធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រឲ្យស្ថិតក្រោមរដ្ឋធម្មនុញ្ញ។ ការតវ៉ាដោយសន្ដិភាពបានបន្ដរហូតដល់ថ្ងៃទី១៤ខែតុលាសប្ដាហ៍មុន ក្រោយមកក៏ផ្ទុះជាភាពចម្រូងចម្រាស ចាប់ផ្ដើមមានប៉ូលិសប្រឆាំងកុបកម្មចុះបង្ក្រាបលើហ្វូងក្រុមតវ៉ា រហូតឈានដល់ចាប់ខ្លួនមនុស្សជាច្រើននាក់ រួមទាំងមេដឹកនាំក្រុមបាតុករយុវវ័យផងដែរ។ គួរជម្រាបជូនដែរថា ការចុះបង្ក្រាបគឺក្រោយពេលមានក្រឹត្យក្នុងគ្រាអាសន្នមួយអនុម័តឲ្យប្រើដោយរាជរដ្ឋាភិបាលថៃ ចូលជាធរមាននៅថ្ងៃទី១៥តុលា ហើយកងកម្លាំងបង្ក្រាបបាតុករក៏ចាប់ផ្ដើមសកម្មភាពនៅព្រឹកថ្ងៃដដែលនេះតែម្ដង។
នៅថ្ងៃបន្ទាប់គឺថ្ងៃទី១៦តុលា ដោយសារតែក្រុមបាតុករមិនព្រមបញ្ឈប់ចលនាប្រមូលផ្ដុំ ល្មើសនឹងក្រឹត្យក្នុងគ្រាអាសន្នដែលហាមឃាត់ការជួបជុំមិនឲ្យមានមនុស្សលើសពី៥នាក់ ប៉ូលិសក៏សម្រេចប្រើកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងមនុស្សដែលប្រមូលផ្ដុំទាំងនោះ ញ៉ាំងឲ្យមានប្រតិកម្មកាន់តែខ្លាំងពីសំណាក់ក្រុមបាតុករយុវជននិងក្រុមសិទ្ធិមនុស្ស ក៏ដូចជាអ្នកនយោបាយខាងគណបក្សប្រឆាំងផងដែរ។ ភាគីតវ៉ាប្រកាសជំហរនឹងបន្ដសកម្មភាព ហើយអះអាងថាការចាប់ខ្លួននឹងមិនអាចបញ្ឈប់ពួកគេបានឡើយ លុះត្រាតែការទាមទាររបស់ពួកគេទទួលបានការឆ្លើយតប។ ចំណែកភាគីរដ្ឋាភិបាលក៏ប្រកាសជំហរដែរថា ការចាប់ខ្លួននឹងនៅតែបន្ដបើការតវ៉ាមិនបញ្ឈប់ ហើយច្បាប់នឹងត្រូវយកមកអនុវត្ដក្នុងករណីមានការរឹងទទឹងណាមួយ។
ហេតុអ្វីបានជារដ្ឋាភិបាលថៃចេញក្រឹត្យក្នុងគ្រាអាសន្ននៅពេលនេះ?
ការប្រមូលផ្ដុំដែលកៀរគរមនុស្សកាន់តែច្រើនឡើងៗ រដ្ឋាភិបាលថៃចាត់ទុកជារឿងប៉ះពាល់ដល់សន្ដិសុខជាតិ ប៉ះពាល់ដល់សេដ្ឋកិច្ចដោយសារទីតាំងធ្វើសកម្មភាពជាទីតាំងក្រុមហ៊ុនធំៗ និងការជួបជុំគ្នាខ្ទង់ម៉ឺននាក់ដូច្នេះ បង្កហានិភ័យខ្ពស់ដល់ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ មួយវិញទៀត នៅពេលក្បួនរថយន្ដម្ចាស់ក្សត្រីឆ្លងកាត់ក្បួនតវ៉ាកាលពីថ្ងៃទី១៤តុលា ក្រុមបាតុករយុវវ័យទាំងនោះបានលើកម្រាមដៃបីឡើងលើដាក់ក្បួនរថយន្ដជាសញ្ញានៃការតស៊ូ តែទង្វើនេះត្រូវបានហាមប្រាមនៅក្នុងប្រទេសថៃ។ អ្វីដែលបានរៀបរាប់ទាំងអម្បាលម៉ាន រាជរដ្ឋាភិបាលថៃចាត់ទុកថាស័ក្ដិសមហើយដែលត្រូវចាត់វិធានការទប់ស្កាត់កុំឲ្យជះឥទ្ធិពលអាក្រក់កាន់តែខ្លាំង។
លម្អិតបន្ថែមពីគោលបំណងធំៗទាំងបី
ទីមួយការទាមទារឲ្យលោកនាយករដ្ឋមន្ដ្រីប្រាយុទ្ធ ចាន់អូចាចុះចេញពីតំណែង វាមិនមែនជារឿងចម្លែកទេ ដោយសារក្រុមយុវជនតវ៉ាមិនពេញចិត្ដនឹងការដឹកនាំរបស់លោក។ តាំងពីរដ្ឋប្រហារឆ្នាំ២០១៤ទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា លោកប្រាយុទ្ធបានប្រើកណ្ដាប់ដៃដែកបង្ក្រាបលើក្រុមប្រឆាំង ហើយលោកបានព្យាយាមកាន់អំណាចបណ្ដោះអាសន្នរហូតដល់៥ឆ្នាំ ទើបមានការបោះឆ្នោតជាថ្មីនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។ ប៉ុន្ដែការបោះឆ្នោតនេះទៀតសោតត្រូវបាន ត្រូវក្រុមយុវជនចោទថាគ្រាន់ជាការរៀបចំយុទ្ធសាស្ដ្រ ដើម្បីឲ្យលោកប្រាយុទ្ធបានកាន់អំណាចបន្ដទៀតប៉ុណ្ណោះ។
ផ្សារភ្ជាប់ទៅគោលបំណងទីពីរ ដែលចង់ឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញបង្កើតឡើងដោយយោធាឆ្នាំ២០១៧ឡើងវិញ ដោយសាររដ្ឋធម្មនុញ្ញនេះបង្កើតឡើងដោយរបបយោធា ក្នុងចេតនាឲ្យលោកប្រាយុទ្ធបន្ដកាន់អំណាចក្រោយការបោះឆ្នោតនេះឯង។ ជាក់ស្ដែងរដ្ឋធម្មនុញ្ញចែងជាអាទិ៍ថា សមាជិកព្រឹទ្ធសភាទាំង២៥០រូបមិនចាំបាច់ឆ្លងកាត់តាមការបោះឆ្នោតទេ តែត្រូវតែងតាំងផ្ទាល់ដោយយោធា ហើយមានសិទ្ធិចូលរួមជាមួយសមាជិកជាប់ឆ្នោតរបស់រដ្ឋសភា ដើម្បីបោះឆ្នោតតែងតាំងនាយករដ្ឋមន្ដ្រី។ អំណាចពិសេសនេះរបស់ព្រឹទ្ធសភាគឺមិនប្រជាធិបតេយ្យ មិនមែនជាការចង់បានរបស់ពួកគេឡើយ។
ចំណែកគោលបំណងទីបី ដែលអាចជាគោលបំណងប្រហើនរបស់ក្រុមបាតុករយុវជន ព្រោះពុំធ្លាប់មាននរណាហ៊ានធ្វើឡើយកន្លងមក គឺការទាមទារឲ្យផ្លាស់ប្ដូរនៅក្នុងស្ថាប័នព្រះមហាក្សត្រ។ ក្រុមតវ៉ាចង់ឲ្យព្រះមហាក្សត្រសព្វថ្ងៃព្រះបាទម៉ាហា វ៉ាជីរ៉ាឡុងកន មានត្រឹមតួនាទីក្នុងរដ្ឋធម្មនុញ្ញ គឺគ្រងរាជសម្បត្ដិប៉ុន្ដែមិនត្រូវមានអំណាចលើសនេះទេ។ ផ្ទុយទៅវិញកន្លងមកគេមើលឃើញថា ព្រះមហាក្សត្រពិសេសក្នុងរជ្ជកាលរបស់ព្រះបាទភូមិបុល អាឌុលយ៉ាដេត ដែលទើបយាងចូលទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ហាក់មានសិទ្ធិអំណាចខ្លាំងក្លានៅក្នុងប្រទេសថៃ សូម្បីយោធាក៏ស្ដាប់បង្គាប់ទ្រង់ផងដែរ។ បន្ដដល់ព្រះបាទម៉ាហា វ៉ាជីរ៉ាឡុងកនដែលគ្រងរាជ្យបន្ដពីបិតា ទ្រង់បានសម្រេចចិត្ដលើកិច្ចការមួយចំនួនហាក់មិនមែនជាការពេញចិត្ដរបស់ក្រុមបាតុករយុវវ័យ ដូចជាការសម្រេចក្ដោបក្ដាប់អង្គភាពយោធាមួយចំនួន រួមនឹងការប្រើប្រាស់ថវិកានៅព្រះបរមរាជវាំងជាដើម ដែលទំនងជាក្រុមបាតុករមិនទុកចិត្ដនឹងការចាយវាយ ព្រោះទ្រង់ធ្លាប់មានប្រវត្ដិមិនល្អមុនឡើងគ្រងរាជសម្បត្ដិ។ ក្រុមបាតុករក៏បានទាំងទាមទារផងដែរគឺ ឲ្យលុបចោលច្បាប់ដាក់ទោសទណ្ឌលើអ្នកប្រមាថព្រះមហាក្សត្រ។ តាមច្បាប់នេះអ្នកប៉ះពាល់ព្រះមហាក្សត្រមានទោសធ្ងន់ធ្ងររហូតដល់ជាប់ពន្ធនាគារ។ ក្រុមបាតុករកន្លងមកធ្លាប់លើកឡើងទៀតថា ប្រទេសថៃគឺជារបស់ប្រជាជនថៃមិនមែនជារបស់នរណាផ្ដាច់មុខឡើយ។
ការតវ៉ានៅពេលនេះអាចនឹងបង្កជាភាពក្រឡាប់ចាក់ឬឈានដល់រដ្ឋប្រហារជាថ្មីទេ? ហើយអាចនឹងមានការផ្លាស់ប្ដូរយ៉ាងណាខ្លះ?
និយាយដល់រដ្ឋប្រហារ ថៃធ្លាប់មានរដ្ឋប្រហារដោយជោគជ័យរហូតដល់១៣លើកមកហើយ ដែលក្នុងនោះមានរដ្ឋប្រហារនៅឆ្នាំ១៩៣២ ឆ្នាំ១៩៣៣ ឆ្នាំ១៩៣៩ ឆ្នាំ១៩៤៧ ឆ្នាំ១៩៥១ ឆ្នាំ១៩៥៧ ឆ្នាំ១៩៥៨ ឆ្នាំ១៩៧១ ឆ្នាំ១៩៧៦ ឆ្នាំ១៩៧៧ ឆ្នាំ១៩៩១ ឆ្នាំ២០០៦ និងចុងក្រោយឆ្នាំ២០១៤។ តើការតវ៉ាលើកនេះអាចវិលទៅរកគន្លងរដ្ឋប្រហារចាស់ទេ? លទ្ធភាពគឺពេលនេះហាក់ពុំទាន់ឈានដល់នៅឡើយ។ មានន័យថាបច្ចុប្បន្នថៃមានត្រឹមក្រុមបាតុករចង់បានសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ប៉ុន្ដែពុំមែនជាក្រុមធ្វើបដិវត្ដន៍នោះឡើយ។ ពួកគេជាក្រុមយុវជនចង់ឲ្យមានការធ្វើកំណែទម្រង់ ដែលពុំដូចការតវ៉ារបស់ក្រុមអាវលឿងឬអាវក្រហមជ្រុលនិយមធ្លាប់ធ្វើទ្រង់ទ្រាយធំកន្លងមកទេ។
សួរទៀតថាតើការតវ៉ាអាចនឹងមានការផ្លាស់ប្ដូរអ្វីខ្លះ? វាពិតជាពិបាកក្នុងការប៉ាន់ស្មាន ដោយសារតែទាំងភាគីក្រុមតវ៉ានិងភាគីរដ្ឋាភិបាល សុទ្ធតែមានជំហរដាច់ខាតរៀងៗខ្លួន។ ប៉ុន្ដែសម្រាប់លោកប្រាយុទ្ធ ចាន់អូចានាយករដ្ឋមន្ដ្រីថៃ កាលពីថ្ងៃទី១៩តុលាបានប្រកាសឲ្យក្រុមតវ៉ាអត់ធ្មត់ ហើយកុំធ្វើអ្វីដែលខុសច្បាប់ លោកនឹងព្យាយាមសម្របសម្រួលទៅលើក្រឹត្យក្នុងគ្រាអាសន្ន។ ចង់ឬមិនចង់យើងអាចមើលឃើញពីលទ្ធភាពខ្លះៗ ឈានទៅរកដំណោះស្រាយដោយសន្ដិវិធី ព្រោះបើតាមគិតរដ្ឋាភិបាលថៃក៏មិនចង់ឲ្យមានវិបត្ដិនយោបាយតទៅទៀតដែរ ខណៈខ្លួនក៏មិនខុសពីប្រទេសដទៃកំពុងរងគ្រោះដោយសារតែការវាយលុកពីជំងឺកូវីដ-១៩ ប៉ះពាល់ធ្ងន់ណាស់ទៅហើយ រវល់ខ្លាំងណាស់ទៅហើយ។ យ៉ាងណាមិញស្ថានការណ៍តវ៉ានៅក្នុងប្រទេសថៃ គឺជារឿងត្រូវតាមដានបន្ដទៀត៕
(ដោយ៖ពេញ ផេង)