ក្រុមហ៊ុន​ភាពយន្ត​ថៃ​មួយ​ចេញ​មុខ​សុំ​ទោស​ក្រោយ​យក​រូប​អង្គរវត្ត​ដាក់​ក្នុង​ផ្ទាំង​ពាណិជ្ជកម្ម​

20-10-2020 4:52 pm 964

​បន្ទាប់​ពី​ទទួលបាន​ការរិះគន់​ពី​សំណាក់​ប្រជាជន​កម្ពុជា​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុក ទាក់ទង​ទៅនឹង​ការ​យក​រូប​ប្រាសាទអង្គរវត្ត ដែលជា​អត្តសញ្ញាណ​របស់​ជាតិខ្មែរ ទៅ​ដាក់​ក្នុង​ផ្ទាំង​ឃោសនា​កុន​ភាគ​មួយ​របស់​ថៃ​រួចមក អគ្គនាយករង​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន BEC Multimedia Company Limited គឺ​លោក​ចាក់គ្រីត ឌី​រេ​ក​វឌ្ឍនា​ឆៃ ក៏​បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​គឺ​លោក​អ៊ូ​ក សោភ័ណ្ឌ ដោយបាន​សុំទោស​ដល់​ពលរដ្ឋ​កម្ពុជា និង​ព្រម​ទទួលស្គាល់​នូវ​កំហុស​របស់​ខ្លួន​ផង​ដែរ​។​

​នៅក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៩ ខែតុលា របស់​ក្រុមហ៊ុន BEC Multimedia Company Limited បានឲ្យដឹងថា បន្ទាប់ពី​ដឹង​ពី​ការ​អាក់អន់ស្រពន់ចិត្ត​របស់​ប្រជាជន​កម្ពុជា ទាក់ទង​នឹង​ផ្ទាំង​ឃោសនា​ផ្សាយពាណិជ្ជកម្ម​មួយ ដែល​មាន​ចំណងជើង​ថា​«​សន្យា​ស្នេហ៍​»​ឬ​«The Promise» ចាក់​ផ្សាយ​នៅ​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ថៃ ដែល​បាន​ប្រើប្រាស់​រូបភាព ប្រាសាទអង្គរវត្ត នៅលើ​ផ្ទៃ​ខាងក្រោយ​រួច​មក ក្រុមហ៊ុន ក៏​បាន​រចនា​ផ្ទៃ​ខាងក្រោយ​ឡើងវិញ និង​បាន​ដក​រូប​ប្រាសាទអង្គរវត្ត​ចេញ​ផងដែរ​។​

​បន្ទាប់ពី​បាន​ដក​រូប​ប្រាសាទអង្គរវត្ត​ចេញពី​ផ្ទាំង​ពាណិជ្ជកម្ម​កុន​របស់​ខ្លួន​រួច ក្រុមហ៊ុន​ខាងលើ ក៏​បាន​សន្យាថា នឹង​មិន​មាន​រូប​ប្រាសាទអង្គរវត្ត លេចឡើង​នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​នៃ​រឿង​«The Promise» តទៅ​ទៀត​ឡើយ ហើយ​សាច់រឿង​ទាំងមូល ក៏​មិន​មាន​ទាក់ទង​នឹង​ប្រាសាទ​ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ​នេះដែរ​។​

​ជាងនេះទៅទៀត​ក្រុមហ៊ុន​ភាពយន្ត​ខាងលើនេះ បានបញ្ជាក់​ថា ខ្លួន​គ្មាន​បំណង​ប្រើប្រាស់​រូប​ប្រាសាទអង្គរវត្ត ក្នុងន័យ​ទុច្ចរិត​ណាមួយ​ឡើយ ហើយ​នឹង​បន្ត​ធ្វើការ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​ផលប៉ះពាល់​ណាមួយ ដែល​នាំ​ឲ្យ​ខូចខាត​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​។​

​សូម​បញ្ជាក់​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ប្រជាជន​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ដូចនេះ​ឃើញថា​កាលពី​អំឡុង​ខែ​កុម្ភះ ឆ្នាំ ២០២០ កន្លងទៅ ប្រជាជន​ខ្មែរ ក៏​ធ្លាប់បាន​ប្រតិកម្ម​រិះគន់​និង​មិន​ពេញចិត្ត នឹង​ភាពយន្ត​ភាគ​ទូរទស្សន៍​ថៃ មាន​ចំណងជើង​ថា​«​អ​សិរ​ពិស​» ដែល​បាន​ប្រើប្រាស់​រូប​ព្រះឆាយាល័ក្ខណ៍​របស់​សម្តេច​រាជ​បុត្រី ព្រះរៀម​បុប្ផា​ទេវី ដោយ​ពុំ​មាន​រាជានុញ្ញាត​។ គ្រា​នោះ ខាង​ស្ថានទូត​ថៃ ក៏​ដូចជា​ក្រុមហ៊ុន One31 Company Limited ដែលជា​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ភាគ​ទូរទស្សន៍​ខាងលើ ក៏​បាន​ផ្ញើលិខិត​មួយ​ច្បាប់​មក​លោក​ស្រី​ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ពន្យល់ និង​សុំ​អភ័យទោស​ចំពោះ​កំហុសឆ្គង​ដោយ​អ​ចេតនា​ផងដែរ​៕(​ដោយ​៖​ថា ចាន់​ធី​)

 

 

 


ព័ត៌មានផ្សេងទៀត