ទឹក​ហូរ​បុក​ខ្លាំង​ពេក​មិន​ទាន់​អាច​រក​វិធី​បិទ​ភ្ជាប់​ទំនប់​អូរ​ខៃ​ដន​បាន​នៅឡើយ​ទេ​

20-10-2020 4:39 pm 580

​ការបាក់​ធ្លាយ​ទំនប់​អូរ​ខៃ​ដន ដោយសារ​ជំនន់​ទឹកភ្លៀង​ហូរ​ពី​ប្រទេស​ថៃ បាន​បង្ក​ការ​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ហើយ​ស្ថិតក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ​។ 

​លោក​គន់ គីម ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​តំបន់​រងគ្រោះ​បានបញ្ជាក់​ថា ស្ថានភាព​បាក់​ទំនប់​អូរ​ខៃ​ដន ដែល​បង្ក​ជា​ការ​ជន់​លិច​នេះ នឹង​បន្ត​ចូល​ទៅដល់​តំបន់​ច្រក​អូរ​បី​ជាន់ និង​ក្រុង​សិរីសោភ័ណ តែ​យ៉ាងណា​គណៈកម្មាធិការ​បាន​ត្រៀម​កងកម្លាំង​គ្រប់គ្រាន់​ដើម្បី​អន្តរាគមន៍​ជម្លៀស​ប្រជាពលរដ្ឋ ទៅកាន់​កន្លែង​សុវត្ថិភាព​។​

​លោក​ង៉ោ ម៉េង​ជ្រួញ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​បាន​បានបញ្ជាក់​ថា មិនទាន់​មាន​ការរក​វិធី​បិទ​ភ្ជាប់​ទំនប់​អូរ​ខៃ​ដន​ដែល​បាន​បាក់​នេះ​នៅឡើយ​ទេ ដោយសារ​ទឹក​ហូរ​បុក​ខ្លាំងពេក​។ ជាមួយគ្នា​នេះ​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​បាន​ប្រមូលផ្តុំ​កម្លាំង ដើម្បី​ត្រៀម​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​កម្ពស់​ទឹកជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ នៅតែ​បន្ត​កើនឡើង​គួរឲ្យ​បារម្ភ ខណៈ​អាជ្ញាធរ​អះអាងថា ទឹកជំនន់​នេះ មួយ​ភាគ​ធំ​បាន​ធ្លាក់​មក​ពី​ប្រទេស​ថៃ​បង្ក​ឲ្យ​ទំនប់​អូរ​ខៃ​ដន​បាក់​ធ្លាយ​ដែល​នឹង​បង្ក​ឲ្យ​ក្រុង​ប៉ោយប៉ែ​ត​ជន់​លិច​ខ្លាំង​។​

​គួរបញ្ជាក់​ថា ទំនប់​អូ​ខៃ​ដន ជា​ទំនប់​ធ្វើឡើង​ដើម្បី​ស្តុក​ទឹក​សម្រាប់​ទាញ​យក​ទឹក​ទៅ​បំលែក​ជា​ទឹកស្អាត​សម្រាប់​ពលរ​ដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត​ប្រើប្រាស់​។ ទឹកភ្លៀង និង​ទឹក​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ ត្រូវ​ហូរ​ធ្លាក់​ចូល​នៅក្នុង​ទំនប់​នេះ​។ ទំនប់​នេះ​អាច​ស្តុក​ទឹក​រហូតដល់​រាប់​លាន​ម៉ែត្រគូប​៕

ព័ត៌មានផ្សេងទៀត