ក្រុម​ប្រដាប់អាវុធ​វាយប្រហារ​ទម្លុះ​ពន្ធនាគារ រំដោះ​អ្នកទោស​៩០០​នាក់​នៅ​កុង​ហ្គោ​

20-10-2020 3:36 pm 291

​ជនសង្ស័យ​ថា​ជា​ក្រុម​សកម្មប្រយុទ្ធ បាន​លើកគ្នា​មក​ឡោមព័ទ្ធ និង​វាយ​ទម្លុះ​ទ្វារ​ពន្ធនាគារ​នៅក្នុង​ទីក្រុង​Beni ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​កុង​ហ្គោ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០២០ ដោយបាន​រំដោះ​អ្នកទោស​ប្រហែល​៩០០​នាក់ ក្នុងចំណោម​អ្នកទោស​ជាង​១០០០​នាក់ ដែល​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​នោះ​។ លោក Modeste Bakwanamaha អភិបាលក្រុង​បាន​ថ្លែងថា ក្រុម​ប្រដាប់អាវុធ​មាន​គ្នា​ច្រើនណាស់ បាន​សម្រុក​មក​ឡោមព័ទ្ធ គ្រប់គ្រង​ពន្ធនាគារ​ទាំងមូល និង​វាយ​បំបែក​ទ្វារ​ពន្ធនាគារ ហើយ​អ្នកទោស​ស្ទើរតែ​ទាំងអស់ បាន​រត់ចេញ​ជា​បន្តបន្ទាប់​។ លោក​Bakwanamaha បាន​ជំរុញ​ឲ្យ​អ្នកស្រុក កុំ​ឃុបឃិត​លាក់​បំពួន​អ្នកទោស​ដែល​បាន​រត់គេចខ្លួន​។ ក្រោយ​ប្រតិបត្តិ​ការវាយប្រហារ​រំដោះ​អ្នកទោស​បញ្ចប់ នៅសល់​អ្នកទោស​ជាង​១០០​នាក់​ប៉ុណ្ណោះ នៅក្នុង​ពន្ធនាគារ​។​

​លោក Bakwanamaha​ជឿជាក់ថា អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ គឺ​កងកម្លាំង ADF​ដែលជា​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម មកពី​ប្រទេសជិតខាង​អ៊ូ​ហ្គង់​ដា ដែល​បានធ្វើ​សកម្មភាព​នៅ​ភាគ​ខាងកើត​កុង​ហ្គោ ចាប់តាំងពី​ទសវត្ស​ឆ្នាំ​១៩៩០​។ យ៉ាងណាក៏ដោយ កងកម្លាំងប្រដាប់អាវុធ​ADF​មិនទាន់​បញ្ជាក់ថា​យ៉ាងណា​នៅឡើយ​ទេ ហើយ​ភ្លាមៗ​ក៏​មិនទាន់មាន​ក្រុម​ណាមួយ ចេញមុខ​ទទួលខុសត្រូវ ចំពោះ​ការវាយប្រហារ​នៅឡើយ​ដែរ​។​

តំបន់​ភាគ​ខាងកើត​ប្រទេស​កុង​ហ្គោ ជាពិសេស​ក្រុង​Beni​បាន​រង​នូវ​ការវាយប្រហារ និង​អុកឡុក​ជា​ញឹកញាប់​ពី​ក្រុម​ADF​។ អង្គការសហប្រជាជាតិ បាន​ព្យាយាម​ទាញ​ប្រទេស​នេះ ឲ្យមាន​ស្ថេរភាព​វិញអ​ស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ជាមួយនឹង​ការបង្កើត​កងកម្លាំង​ថែរក្សា​សន្តិភាព​ធំ​បំផុត របស់​អង្គការសហប្រជាជាតិ ដែលមាន​ឈ្មោះថា MONUSCO​។ បើទោះបី​ជាមាន​យុទ្ធនាការ​យោធា វាយ​បំបែក​ក្រុម​នេះ​ម្តង​ហើយ​ម្តងទៀត​ក៏ដោយ ប៉ុន្តែ​នៅតែ​បរាជ័យ មិនអាច​បំផ្លាញ​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​នេះ​ឲ្យ​បាត់​រូបរាង​បានឡើយ​។ បើ​យោងតាម​តួលេខ​របស់​សហប្រជាជាតិ​ ចាប់តាំងពីដើម​ឆ្នាំ​២០១៩​​មក ក្រុម​នេះ បាន​​សម្លាប់​ជន​ស៊ីវិល​អស់​១០០០​នាក់​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  កុងហ្គោរំដោះអ្នកទោស

ព័ត៌មានផ្សេងទៀត