លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួកបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានលើកឡើងនៅលើបណ្តាញសង្គមរបស់ខ្លួនដោយអះអាងថា ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋមន្ត្រីការបរទេសកម្ពុជា ស្នើសុំព័ត៌មានបន្ថែមអំពីមូលដ្ឋានពិត និងមូលដ្ឋានច្បាប់លើការចាប់ឃុំខ្លួនលោករ៉ុង ឈុន និងសកម្មជនសង្គមជាង១០នាក់ផ្សេងទៀត។ (
បើតាមក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ របៀបចាប់ខ្លួន និងឃុំខ្លួននេះ ស្របតាមនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ទាក់ទងនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈនោះឡើយ។ ជាមួយគ្នានេះក្រុមអ្នកជំនាញ អ.ស.ប ក៏បានស្នើសុំនូវព័ត៌មានបន្ថែមអំពីភាពត្រូវគ្នានៃការចាប់ខ្លួន ជាមួយនឹងសិទ្ធិសេរីភាព និងសន្តិសុខបុគ្គល រាប់ទាំងការទទួលបានការជូនដំណឹងនៅពេលចាប់ខ្លួនអំពីមូលហេតុនៃការចាប់ខ្លួនគាត់ផងដែរ។
ក្រៅពីបញ្ហាទាំងនោះ ក្រុមអ្នកជំនាញ អ.ស.ប បានស្នើសុំព័ត៌មានបន្ថែមអំពីរបៀបដែលការបំបែកការជួបប្រជុំដោយសន្តិវិធី នៅថ្ងៃទី០៣ និង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ស្របតាមកាតព្វកិច្ចផ្លូវច្បាប់របស់រដ្ឋាភិបាល ដែលមានចែងក្នុងមាត្រា ២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិសិទ្ធិនយោបាយ (ICCPR) និងច្បាប់កម្ពុជា និង អំពីរបៀបបុគ្គលទាំងឡាយនៅក្នុងប្រទេស ដែលបានចូលរួមធ្វើការជួបប្រជុំដោយសន្តិវិធី អាចអនុវត្តសិទ្ធិរបស់ពួកគេដោយសេរីចំពោះសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងការបង្កើតសមាគម។
ពាក់ព័ន្ធសំណើររបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិខាងលើនេះ សារព័ត៌មានវិទ្យុវាយោ មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានទេ ដោយទូរស័ព្ទចូលហើយតែគ្មានអ្នកទទួល។
សូមបញ្ជាក់ឱ្យដឹងថា ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបានស្នើឱ្យក្រសួងការបរទេសកម្ពុជាបំភ្លឺលើការចាប់ខ្លួនលោករ៉ុង ឈុន និងសកម្មជនសង្គមផ្សេងទៀតនោះ គឺមានអ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពនៃការបញ្ចេញគំនិត និងមតិ។ ក្រុមការងារស្តីពីការឃុំខ្លួនដោយបំពាន។ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា។ អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិសេរីភាពក្នុងការជួបជុំដោយសន្តិវិធី និងបង្កើតសមាគម។ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស។
គួរបញ្ជាក់ថា លោករ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ បន្ទាប់មកតុលាការសម្រេចឃុំខ្លួនលោក ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការចាប់ខ្លួននេះ ធ្វើឡើងក្រោយលោកនិយាយថា វៀតណាមរំលោភយកដីពលរដ្ឋខ្មែរនៅខេត្តត្បូងឃ្មុំ។ បន្ទាប់ពីចាប់ឃុំខ្លួនលោករ៉ុង ឈុន នៅមានសកម្មជនសង្គមជាង១០នាក់ទៀតត្រូវចាប់ឃុំខ្លួនផងដែរ បន្ទាប់ពីពួកគេធ្វើបាតុកម្ម ទាមទារឱ្យដោះលែងលោករ៉ុង ឈុន៕