លោក​ត្រាំ​នឹង​ដក​ស៊ូដង់​ចេញពី​បញ្ជីខ្មៅ​នៃ​រដ្ឋ​ដែលឧ​ត្ថ​ម្ភ​ភេរវកម្ម​

20-10-2020 11:09 am 1044

លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​tweeter បញ្ជាក់​ពី​ដំណឹង​ថ្មី​និង​ល្អ​សម្រាប់​រដ្ឋាភិបាល​ស៊ូដង់ ដែល​បាន​យល់ព្រម​ផ្តល់ប្រាក់​សំណង​ចំនួន​៣៣៥​លាន​ដុល្លារ ឲ្យទៅ​ពលរដ្ឋ​អាមេរិ​កដែល​រងគ្រោះ ពី​ការវាយប្រហារ​ភេរវកម្ម​។ នៅពេល​ប្រាក់​សំណង​ធ្លាក់​ដល់ដៃ​អាមេរិក​ភ្លាម លោក​ត្រាំ​នឹង​ដក​ប្រទេស​ស៊ូដង់ ចេញពី​បញ្ជី​អ្នក​ឧបត្ថម្ភ​ភេរវកម្ម​តែម្តង​។ ប្រជាជន​អាមេរិក​ដែល​រងគ្រោះ​បាន​រង់ចាំ យុត្តិធម៌​ជា​យូរណាស់​មកហើយ​។ ប្រធានាធិបតី​អាមេរិក មានអំណាច​នៅក្នុង​ការដក​រដ្ឋ​ណាមួយ ចេញពី​បញ្ជី​អ្នក​ឧបត្ថម្ភ​ភេរវកម្ម ប៉ុន្តែ​សភា​អាមេរិក​មាន​ពេល​៤៥​ថ្ងៃ ដើម្បី​ជំទាស់​ការសម្រេចចិត្តរ​បស់​ប្រធានាធិបតី​។​

​ភ្លាមៗ​ក្រោយ​លោក​ត្រាំ​បង្ហោះ​សារ​ដូច្នេះ នាយករដ្ឋមន្ត្រី​ស៊ូដង់​លោក​Abdalla Hamdok​ឆ្លើយតប​វិញ​ដោយ​និយាយថា ប្រាក់​បាន​ផ្ទេរ​រួចរាល់​ហើយ ប៉ុន្តែ​នៅ​មិនទាន់មាន​ការបញ្ជាក់​ពី​អាមេរិក​នៅឡើយ​ទេ​។ លោក Hamdok និយាយថា ប្រទេស​ស៊ូដង់​កំពុង​ទន្ទឹងរង់ចាំ ការជូនដំណឹង​ជា​ផ្លូវការ ដោយ​អាជ្ញាធរ​សហរដ្ឋអាមេរិក​។ លោក​ត្អូញត្អែរថា ការ​ស្ថិតនៅក្នុង​បញ្ជី​ខ្មៅ បានធ្វើឲ្យ​ប្រទេស​នេះ ខាតបង់​ច្រើនណាស់​។ ស៊ូដង់​ដែល​រស់នៅ​ក្រោម​សម្ពាធ​អស់​រយៈពេល​២៧​ឆ្នាំ​មកហើយ​នោះ ពិតជា​រីករាយ​ដែល​បាន​រួច​ផុតពី​បញ្ជីខ្មៅ​របស់​អាមេរិក​។ 

​សំណង​ដែល​ស៊ូដង់​ទូទាត់​សង​អាមេរិក ជាការ​ប៉ះប៉ូវ​ថ្លៃ​ខូចខាត និង​សងជំងឺចិត្ត​ដល់​ជន​ជនជាតិ​អាមេរិកកាំង ដែល​រងគ្រោះ​ពី​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ឆ្នាំ​១៩៩៨ ដោយ​ក្រុម​សកម្មប្រយុទ្ធ​អាល់​កៃ​ដា នៅ​ស្ថានទូត​អាមេរិក​នៅក្នុង​ទីក្រុង​ណៃ​រ៉ូ​ប៊ី​ប្រទេស​កេ​ន​យ៉ា និង​ក្រុង​Dar es Salaam​ប្រទេស​តង់​ហ្សា​នីស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក​។ ការវាយប្រហារ​នៅក្នុង​ប្រទេស​តង់​ហ្សា​នីនិ​ង​ប្រទេសកេន​យ៉ា​កាលនោះ បានសម្លាប់​មនុស្ស​ជាង ២០០ នាក់​និង​រាប់ពាន់នាក់​រងរបួស ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល ហើយ​ប្រាក់​សំណង​នឹងត្រូវ​ផ្តល់​ទៅឲ្យ ជនរងគ្រោះ​ដែលជា​ពលរដ្ឋ​អាមេរិក​និង​ក្រុមគ្រួសារ​របស់​ពួកគេ ដែល​រងគ្រោះ​ពី​ការវាយប្រហារ​ភេរវកម្ម​នេះ​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា ស៊ូដង់​ត្រូវបាន​អាមេរិក​ដាក់បញ្ចូល​ក្នុង​បញ្ជីខ្មៅ​តាំងពី​ឆ្នាំ​១៩៩៣ ពោល​ចាប់តាំងពី​រដ្ឋាភិបាល​ស៊ូដង់ យល់ព្រម​ទទួល​លោក​អូ​សា​ម៉ា ប៊ី​ន​ឡាដិន​មេដឹកនាំ​ក្រុមស​កម្មប្រយុទ្ធ​អាល់​កៃ​ដា ឲ្យ​ស្នាក់នៅ​ក្នុងប្រទេស​នេះ ក្នុងនាម​ជា​ភ្ញៀវ​របស់​រដ្ឋាភិបាល​។ ស៊ូដង់​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​៤ ដែល​ស្ថិតក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក រួមមាន​អ៊ីរ៉ង់ កូរ៉េខាងជើង​និង​ស៊ី​រី​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត