ទឹក​ជន់​លិច​ផ្លូវជាតិ​លេខ​៤​ខ្លាំង​អាជ្ញាធរ​បន្ត​បិទ​ឡាន​ធុន​ធំ​មិនឲ្យ​ធ្វើ​ដំណើរ​

20-10-2020 10:12 am 332

​ក្រោយ​ភ្លៀង​មួយ​មេ​ធំ​ទឹក​ជន់​លិច​ផ្លូវជាតិ​លេខ​៤​ខ្លាំង អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​តុលា​នេះ បាន​បន្ដ​បិទ​ចរាចរណ៍​ផ្លូវជាតិ​លេខ​៤ សម្រាប់​រថយន្ដ​ធុន​ធំ ចាប់ពី​តំបន់​សេដ្ឋកិច្ច​ពិសេស ដល់​ចំណុច​អូឌឹម ដើម្បី​កុំឲ្យ​រង​ផលប៉ះពាល់​ខូចខាត​ផ្លូវ​។​

​លោក​ឃឹម ស៊ុន​សូ​ដា អភិបាល​ខណ្ឌ​កំបូល​បានបញ្ជាក់​ថា ដោយសារ​តែ​ភ្លៀង​មួយ​មេ​ធំ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែតុលា ទឹក​បាន​បន្ដ​ជន់​លិច​ខ្លាំង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ពី​ចំណុច​តំបន់​សេដ្ឋកិច្ច​ពិសេស ដល់​អូឌឹម​។ ស្ថានភាព​បែប​នេះ អាជ្ញាធរ​សម្រេច​បិទ​ចរាចរណ៍​រថយន្ដ​ធុន​ធំ​មិន​ឲ្យ​ឆ្លងកាត់​ដែល​អាច​ធ្វើឲ្យ​ខូចខាត​ធ្ងន់ធ្ងរដ​ល់​ផ្លូវជាតិ ព្រមទាំង​ការស្ទះ​ចរាចរណ៍​ខ្លាំង​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខណ្ឌ​កំបូល ក៏​បាន​បង្ហាញ​ផ្លូវ​បង្វែរ​ទិស​ចរាចរណ៍ ដល់​ម្ចាស់​រថយន្ត​ដឹក​ធុន​ធ្ងន់​ទាំង​អស់​ផងដែរ អាច​បង្វែរ​ទិស​ចរាចរណ៍​របស់ខ្លួន នៅ​ផ្លូវ​ជាតិ​លេខ​៤ ចំណុចស្តុ​បផ្សារ​បែក​ចាន ឃុំ​បែក​ចាន តាមផ្លូវ​លខ​៤២ ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​៣ ឬ​តាម​ផ្លូវ​លេខ​៥១ ទៅ​ផ្លូវ​ជាតិ​លេខ​៥ ជំនួស​វិញ​៕

ព័ត៌មានផ្សេងទៀត