លោក​ហ៊ុន សែន​ទៅ​ខេត្ត​បន្ទាយមានជ័យ​ជួប​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​​

20-10-2020 9:04 am 156

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា​នេះ តាមរយ​:​គណនី​យ​ហ្វេ​សប៊ុក​ផ្លូវការ លោក​នាយករដ្ឋមន្ត្រី បានប្រកាសថា លោក​បាន​អញ្ជើញ​ធ្វើដំណើរ ទៅកាន់​ខេត្តបន្ទាយមានជ័យ ដើម្បី​សួរសុខទុក្ខ និង​ជួយឧបត្ថម្ភ​ប្រជាជន​ប្រមាណ​ពីរម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។​

​លោក​នាយករដ្ឋមន្ត្រី ឲ្យដឹងទៀតថា លោក​នឹង​ទៅ​បំពេញការងារ​រយ​:​ពេល​ពីរ​ថ្ងៃ នៅ​ខេត្តបន្ទាយមានជ័យ គឺ​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ មុននឹង​ត្រឡប់មក​ភ្នំពេញ​វិញ ដើម្បី​ដឹកនាំ​ការប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​២០២០​។ លោក​បន្តថា ខេត្ត​បន្ទាយមានជ័យ ជា​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់​ជាងគេ និង​យូរ​ជាងគេ ដែល​ចាំបាច់ ត្រូវ​ផ្តល់​អាទិភាព​សង្គ្រោះ​ផង និង​ស្តារឡើងវិញ ក្រោយ​ទឹកជំនន់​ផង​។​

​ជាមួយគ្នា លោក​នាយករដ្ឋមន្ត្រី ក៏​បានប្រកាស​ថ្លែងអំណរគុណ​សប្បុរសជន ដែល​ជួយផ្តល់​ជា​ថវិកា សម្ភារៈ ស្បៀងអាហារ​តាមរយៈ​រាជរដ្ឋាភិបាល ឬ​កាកបាទក្រហម ឬ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ឬ​ចុះ​ចែក​ផ្ទាល់​ដល់​ប្រជាជន ដែល​រងគ្រោះ​។ 

​ទទ្ទឹម​និង​នោះ លោក​ក៏បាន​កោតសរសើរ ចំពោះ​ស្ថាប័ន​ថ្នាក់ជាតិ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ព្រះសង្ឃ​ក្រុមយុវជន​ទាំងអស់ ដែល​បាន​ចូលរួម​ជួយសង្គ្រោះ​ប្រជាជន នៅ​តំបន់​រងគ្រោះ ដែល​នេះ បានបង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ និង​ទូលំទូលាយ​នៃ​ជាតិ​យើង​៕ (​ដោយ វណ្ណ យ៉ា​រី​)


ព័ត៌មានផ្សេងទៀត