ស្ថានភាព​ទឹកជំនន់​ក្នុង​ខេត្ត​សៀមរាប​មាន​ភាព​ធូរស្រាល​បើ​ធៀប​នឹង​ខេត្ត​ដទៃ​

19-10-2020 4:34 pm 163

​លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប បានឲ្យដឹងថា បើ​ធៀប​ទៅ​នឹង​ខេត្ត​ដទៃ​ដែល​រងគ្រោះ​ដោយជំនន់ទឹកភ្លៀងដូចគ្នា ស្ថាន​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្តសៀមរាប គឺ​មាន​សភាព​ធូរស្រាល​។ លោក​អភិបាលខេត្ត​បន្តថា បើ​គិត​មក​ទល់​ពេល​នេះ​ខេត្ត​សៀមរាប​ពុំទាន់​មាន​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ឡើយ ខណៈ​បាន​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ចន្លោះ ២០០ ទៅ​៣០០​ខ្នង​ត្រូវ​រង​ការលិចលង់ ។ លោក​អភិបាលខេត្ត​សៀមរាប​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​តាមរយៈ​បទសម្ភាសន៍​ជាមួយ​វិទ្យុ​វាយោ​នៅ​រសៀល​ថ្ងៃ​ទី​១៩​តុលា​នេះ​។​

​ជាមួយ​គ្នា​លោក​ទៀ សីហា ក៏​បាន​បញ្ជាក់ថា ទឹកជំនន់​បាន​ហូរ​ចាក់​ពី​ស្រុក​វ៉ារិន​ឆ្លងកាត់​ស្រុក​បន្ទាយស្រី និង​ចុងក្រោយ​ហូរ​ចូល​ទៅក្នុង​ស្ទឹង​សៀមរាប ហើយ​បច្ចុប្បន្ន​ស្ថានភាព​ទឹក​ក្នុង​ស្ទឹង​សៀមរាប គឺ​ទឹក​មាន​សភាព​ហៀរ​នៅ​ផ្នែក​ខាងជើង​នៃ​ស្ទឹង​។​

​ក្នុង​ការចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់ លោក​អភិបាលខេត្ត​សៀមរាប បាន​ណែនាំ​ដល់​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​បន្ត​តាមដាន និង​ពិនិត្យ​កម្ពស់​ទឹក​ឱ្យ​បាន​ជាប់​ប្រចាំ ប្រសិន​បើ​ទឹក​ឡើង​ដល់​កម្រិត​មួយ​ត្រូវ​ប្រកាស​អាសន្ន​នោះ​ត្រូវ​ឆាប់​ជូនដំណឹង​ដើម្បី​ធ្វើ​ជម្លៀស​ប្រជាពលរដ្ឋ​រក​កន្លែង​សុវត្ថិភាព ហើយ​ត្រូវ​សហការ​និង​ត្រួតពិនិត្យ​នូវ​ទ្វារ​ទឹក​ដែល​អាច​បើក​បញ្ជៀ​ស​ទឹក និង​ជៀសវាង​ក្នុង​ការបាក់​ទំនប់​ឬ​ទឹក​ឡើង​ដល់​កម្រិត​។ 

​លោក​អភិបាលខេត្ត​បាន​ជំរុញ​ឲ្យ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល និង​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​រដ្ឋបាល​ក្រុង​ស្រុក​ឃុំ សង្កាត់ ត្រូវ​អន្តរាគមន៍​ប្រជាពលរដ្ឋ​រក​ទីទួល​សុវត្ថិភាព​ឱ្យ​បាន​ទាន់ពេលវេលា ជៀសវាង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​និង​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​។​

​គួរ​ជម្រាប​ថា ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្ត​សៀមរាប កើតឡើង​បន្ទាប់ពី​ភ្លៀង​ធ្លាក់​កម្រិត​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា និង​បាន​បង្ក​ឱ្យ​មាន​ការប៉ះពាល់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូ​ថ្នល់​មួយចំនួន​ក្នុង​ឃុំ ហើយ​ផ្លូវ​មួយចំនួន​មិន​អាច​ធ្វើ​ចរាចរណ៍ និង​ព្រមទាំង​បាន​បង្ក​ជា​ការលិចលង់​ផ្ទះ​ប្រជាជន​មួយចំនួន​ផង​ដែរ​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត