ថៃ​ព្រមាន​​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​បួន​​និង​ទំព័រ​ហ្វេ​សប៊ុក​មួយ​​ចន្លោះពេល​​ផ្ទុះ​ការតវ៉ា​

19-10-2020 4:16 pm 308

​តាម​ការបញ្ជាក់​ពី​ប៉ូលិស​ថៃ​បានឲ្យដឹងថា ប៉ូលិស​ព្រមាន​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​បួន​និង​ទំព័រ​ហ្វេ​សប៊ុក​ចំនួន​មួយដែល​គ្រប់គ្រង​ដោយ​ក្រុម​តវ៉ា​។ មូលហេតុ​ដោយសារតែ​មាតិកា​ព័ត៌មាន​របស់​ពួកគេ​បង្កើតជា​ការគំរាមកំហែង​ដល់​សន្ដិសុខ​ជាតិ​។ មេ​ប៉ូលិស​ថៃ​លោក​Suwat Jangyodsuk បាន​ចុះហត្ថលេខា​តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន លើ​បទបញ្ជា​មួយ​ស្ថិតក្រោម​ក្រឹត្យ​ក្នុង​គ្រា​អាសន្ន ស្នើឲ្យ​ក្រសួង​ពាក់ព័ន្ធ​ដាក់បម្រាម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចំនួន​បួន មាន​ទាំង​ទូរទស្សន៍​និង​គេហទំព័រ រួមទាំង​ទំព័រ​ហ្វេ​សប៊ុក​ឈ្មោះ​ចលនា​យុវជន​សេរី​។​

​លោក​ឧត្ដមសេនីយ៍​Suwat​បាន​និយាយថា បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​បួន​និង​ទំព័រ​ហ្វេ​សប៊ុក​របស់​មេដឹកនាំ​ក្រុមបាតុករ បង្ហោះ​មានតិកា​ព័ត៌មាន​ដែល​គំរាមកំហែង​ដល់​សន្ដិសុ​ខ​ជាតិ​។ ក្រឹត្យ​បន្ទាន់​មួយ​ដែល​បាន​អនុវត្ដ​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន អនុញ្ញាតឲ្យ​អាជ្ញាធ​រអាច​ហាមឃាត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញសារព័ត៌មាន​ផ្សេងទៀត​ដែល​អាច​បង្គ​គ្រោះថ្នាក់​ឬ​គំរាមកំហែង​ដល់​សន្ដិសុខ​ជាតិ​។ 

​វិធានការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្វើឡើង​ចន្លោះពេល​ការប្រមូលផ្ដុំ​ប្រឆាំង​រដ្ឋាភិបាល បាន​ផ្ទុះឡើង​ទូទាំងប្រទេស ជាពិសេស​គឺ​បន្ទាប់ពី​មាន​ការចាប់ខ្លួន​មេដឹកនាំ​ក្រុម​តវ៉ា ក៏ដូចជា​បន្ទាប់ពី​ប៉ូលិស​អនុវត្ដ​វិធានការ​ក្ដៅ​ប្រើ​កាណុង​បាញ់​ទឹក​បំបែកហ្វូង​បាតុករ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ ជុំវិញ​ការ​គំរាម​បិទ​ដូច្នេះ ចំពោះ​ចលនា​យុវជន​សេរី​និង​គូកន​របស់គេ បាន​ស្នើសុំ​ឲ្យ​អ្នកគាំទ្រ​ងាក​ទៅ​គាំទ្រ​លើ​បណ្ដាញ​តេ​ឡេ​ក្រាម​វិញ បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ពួកគេ​នឹង​ក្លាយជា​គោលដៅ​របស់​អាជ្ញាធរ​។​

​ចំណែក​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​ថៃ​ម្នាក់ បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ដ​ជាមួយ​ចំណាត់ការ​របស់​ប៉ូលិស​ទៅលើ​គណនី​ហ្វេ​សប៊ុក​របស់​លោកឡើយ ហើយ​និយាយថា​ប្រទេស​ថៃ​កំពុង​ដើរ​ថយក្រោយ​ទៅរក​របប​ផ្ដាច់ការ​ទាំងស្រុង​។  លោក​កំពុង​ដាក់​ចម្ងល់​ថា​គណនី​ហ្វេ​សប៊ុក​ឯកជន​របស់​អ្នកដ​ទៃទៀត នឹង​ក្លាយទៅជា​គោលដៅ​បន្ទាប់​ដែរ​ឬ​យ៉ាងណា​។​

​សូម​រម្លឹកថា ប្រទេស​ថៃ​កំពុង​ផ្ទុះ​ចលនា​តវ៉ា​ដោយ​រីក​ជា​ទ្រង់ទ្រាយ​ធំ​ប្រមាណ​៥​ថ្ងៃ​ជាប់​គ្នា​មកហើយ ខណៈ​ការតវ៉ា​ដោយ​សន្ដិភាព​ធម្មតា​ចាប់ផ្ដើម​តាំងពី​បី​ខែ​មុន​។ ទោះបីជា​មាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់ ហើយ​អាជ្ញាធរ​កំពុង​ចាត់វិធានការ​បង្ក្រាប ប៉ុន្ដែ​នឹង​មិនអាច​បញ្ឈប់​ពួកគេ​បានឡើយ​។ ផ្ទុយទៅវិញ​ក្រុម​តវ៉ា​បានទាមទារ​កាន់តែខ្លាំង​ទម្លាក់​លោក​នាយករដ្ឋមន្ដ្រី​ប្រា​យុទ្ធ ចាន់​អូ​ចា និង​ទាមទារ​ធ្វើកំណែទម្រង់​របបរាជានិយម​ដើម្បី​កាត់​បន្ថយអំណាច​ព្រះមហាក្សត្រ​។ 

​តែ​សម្រាប់​រដ្ឋាភិបាល​ថៃ អ្វីដែល​ក្រុមបាតុករ​ធ្វើ​នៅពេលនេះ ពិតជា​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​បង្ក​ហានិភ័យ​នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​។ ដូច្នេះ​វា​ពិតជា​ស័ក្ដិសម​ដែល​ត្រូវ​ចាត់វិធានការ​បន្ទាន់​ដើម្បី​បង្ក្រាប​ពួកគេ​។ ប៉ូលិស​ធ្លាប់​បញ្ជាក់​ជំហ​រថា នរណា​ក៏ដោយ​ឲ្យតែ​មិន​គោរព​តាមបទប​ញ្ជា​ត្រូវតែ​ចាប់ខ្លួន ហើយ​បើ​នៅតែ​រឹងទទឹង​នឹង​ត្រូវយក​ច្បាប់​មក​អនុវត្ដ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត