ដំណាំ​ស្រូវ​ខេត្ត​ត្បូងឃ្មុំ​ប្រមាណ​៨០​ហិកតា​ ត្រូវ​កណ្តុរ​កាត់​ស៊ី​ខូចខាត​ទាំងស្រុង​​

19-10-2020 4:11 pm 172

​ដំណាំ​ស្រូវ​នៅ​ភូមិសាស្ត្រ​ឃុំ​អ​ញ្ចើម ស្រុក​ត្បូងឃ្មុំ ស្រូវពូជ​ផ្ការំដួល ប្រមាណ ៨០​ហិកតា ត្រូវ​កណ្តុរ​កាត់​ស៊ី​ខូចខាត​ទាំងស្រុង ដោយសារ​ប៉ុន្មាន​សប្តាហ៍​មកនេះ ទឹកភ្លៀង បាន​បង្អុរ​ធ្លាក់​ជា​បន្តបន្ទាប់ លិច​វាលស្រែ​នៅ​តំបន់​ទំនាប ដែល​ខ្វះ​ទឹក​កន្លងមក ដែល​ជាហេតុ​ធ្វើឲ្យ​សត្វកណ្តុរ​បានបម្លាស់​ទីទៅ​ប្រមូលផ្តុំ​តំបន់​ទួល​។ នេះ​បើតាម​ការ​ឲ្យដឹងពី​មន្ទីរ​ព័ត៌មា​ន​ខេត្ត​ត្បូងឃ្មុំ​។​

​ស្រប​នឹង​ពេលនេះ ស្រូវ​ផ្ការំដួល ចូលដល់​ដំណាក់កាល​ផើម​និង​ចេញ​កួរ ចេញ​ផ្កា ហើយ​មួយចំនួន​ចូលដល់​ដំណាក់កាល​ដាក់​ទឹកដោះ បាន​ក្លាយជា​ប្រភព​ទាក់ទាញ​សត្វ​កណ្តុរ ដែល​ស្វែងរក​ចំណី​។ ជាក់ស្តែង​នៅ​ភូមិសាស្ត្រ​ឃុំ​អ​ញ្ចើម ស្រុក​ត្បូងឃ្មុំ ស្រូវពូជ​ផ្ការំដួល​ត្រូវ​កណ្តុរ​កាត់​ស៊ី​ខូចខាត​ទាំងស្រុង បន្ទាប់ពី​ស្តារឡើងវិញ​។​

​ហេតុនេះ ដើម្បី​ទប់ស្កាត់​ការបំផ្លាញ​ស្រូវ​ពី​សត្វ​កណ្តុរ​បន្តទៀត មន្ត្រី​ជំនាញ​នៃ​មន្ទី​រក​សិម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ បាន​ចុះទៅ​ធ្វើ​ការណែនាំ និង​បង្ហាញ​ដល់​ដល់ កសិករ ត្រូវ​ចុះ​ពិនិត្យ​ស្រែ​ឲ្យបាន​ជាប្រចាំ តាមដាន​ពិនិត្យ​វត្តមាន​សត្វ​កណ្តុរ​និង​យកចិត្តទុកដាក់​ខ្ពស់​ចូលរួម​ទប់ស្កាត់​និង​កម្ចាត់​សត្វ​កណ្តុរ តាម​វិធីសាស្ត្រ​មួយចំនួន​។​

​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​បង្ហាញ​ពី​វិធី​ទប់ស្កាត់ និង​កម្ចាត់​កណ្តុរ​ស៊ី​ស្រូវ​រួមមាន ទី​១-​ដាក់​បំពង់​ឬ​ស្សី ឬ ទុយោ នៅក្បែរ​ភ្លឺស្រែ ឬ​ដាក់​សម្រាស់​ជា​គំនរៗ ជា​ជម្រក​សត្វ​កណ្តុរ ដើម្បី​ចាប់​កណ្តុរ​។ ២-​ដាក់​នុយ​បំពុល ដោយ​ផ្លាស់ប្តូរ​ប្រភេទ​នុយ​ជាប្រចាំ​។ ៣-​ប្រើ​អង្គប់​ចាប់​កណ្តុរ​។ ៤-​ថែរក្សា​សត្វប្រេ​ដា​ទ័​រ ដូចជា ពស់ថ្លាន់ ទី​ទុយ ខ្លែង​ស្រាក​។ ៥-​ត្រូវ​បំផ្លាញ​ជម្រក និង​កម្ចាត់​កណ្តុរ ជា​សហគមន៍​(​កសិករ​ទាំងអស់ ចូលរួម​កម្ចាត់​ព្រម​គ្នា ក្នុងពេល​តែមួយ​)៕ (​ដោយ​៖​វណ្ណ យ៉ា​រី​)

ព័ត៌មានផ្សេងទៀត