បទល្មើស​ធនធានធម្មជាតិ ជាង​៩០០​ករណី​ត្រូវបាន​បង្ក្រាប​នៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​

19-10-2020 4:06 pm 186

​រយៈពេល ៩​ខែ ឆ្នាំ​២០២០ គឺ​ចាប់ពី​ខែ​មករា ដល់​ខែ​កញ្ញា មន្ត្រី​ឧទ្យានុ​រ​ក្ស​នៃ​ក្រសួង​បរិស្ថាន រួម​នឹង​សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ បាន​សហការ​គ្នា​ចុះ​ល្បាត ទប់ស្កាត់ បង្ក្រាប​បទល្មើស ការពារ និង​អភិរក្ស​ធនធានធម្មជាតិ នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់ បាន​ចំនួន ១,៨២៣​លើក​។​

​នៅ​ក្នុង​ប្រតិបត្តិការ​នៃ​ការចុះ​ល្បាត​នេះដែរ បទល្មើស​ធនធានធម្មជាតិ​ចំនួន ៩៥៤ ករណី​ត្រូវបាន​បង្ក្រាប ព្រមទាំង​បាន​កសាង និង​បញ្ជូន​សំណុំរឿង​ចំនួន ៤០​ករណី​ទៅ​តុលាការ ធ្វើការ​អប់រំ​និង​ចុះកិច្ចសន្យា បញ្ឈប់​សកម្មភាព​ចំនួន ៤២០ ករណី និង​ពិន័យ​អន្តរ​ការណ៍ ៤១ ករណី​។​នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​នេត ភ​ក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០​។​

​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ដដែល ក៏​បាន​បញ្ជាក់បន្ថែម​ថា នៅក្នុង​រយៈពេល ៩​ខែ​នេះ​ដែរ មន្ត្រី​ឧទ្យានុ​រ​ក្ស​បាន​បង្ក្រាប​បទល្មើស​និង​រឹបអូសរ​ណា​យន្ត​បាន​ចំនួន ៤៣៣​គ្រឿង រថយន្ត ៩​គ្រឿង គោយន្ត​ចំនួន​១០៦​គ្រឿង ម៉ូតូ ៤៦​គ្រឿង រឹបអូស​ឈើ​ចំនួន ៣០ ម៉ែត្រគូប ដោះ​អន្ទាក់​បាន​ចំនួន ១,៦៧៧ អន្ទាក់ ព្រមទាំង​ដកហូត​និង​រឹបអូស​កាំភ្លើង​កែច្នៃ​បាន​ចំនួន ១០៣​គ្រឿង​។​

​លោក​នេត ភ​ក្ត្រា បានឲ្យ​ដឹង​បន្ថែមថា ទោះបីជា​មាន​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប​ទាំង​យប់​ទាំង​ថ្ងៃ​ពី​សំណាក់​មន្ត្រី​ឧទ្យានុ​រ​ក្ស​និង​សមាជិក​នៃ​សហគម​ន៍​តំបន់ការពារធម្មជាតិ ក៏​បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​តូច​ដូចជា​៖​ការ​លប​លួច​កាប់​ឈើ ការទន្ទ្រាន​រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ការ​បរបាញ់ និង​ការដាក់​អន្ទាក់​សត្វព្រៃ នៅតែ​បន្ដ​កើតមាន​នៅក្នុង​តំបន់​ព្រៃ​ឡង់ ដែល​រឿង​នេះ​ពិត​ជា​ចាំបាច់​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ជា​បន្ត​ទៀត​។ 

​ចំពោះ​កត្តា ដែល​ជំរុញ​ឱ្យ​មាន​បទល្មើស​ទាំង​នេះ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លើកឡើងថា  រួមមាន​ដូចជា​៖​កត្ដា​ជីវភាព​របស់​ប្រជា​សហគមន៍ ដែល​ធ្លាប់តែ​ពឹង​អាស្រ័យ​ទៅលើ​ផល អនុផល​ព្រៃឈើ ការទាក់ទាញ​និង​ញុះញង់​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត គួបផ្សំ​នឹង​ចំនួន​មន្ដ្រី​ឧទ្យានុ​រ​ក្ស​ដែល​បាន​ឈរជើង​នៅក្នុ​ង​តំបន់​នោះ​នៅ​មាន​កម្រិត​នៅឡើយ​។​

​សូមបញ្ជាក់​ថា ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់​ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ នៅ​ខែ​ឧសភា ឆ្នាំ ២០១៦ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតា ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន ៤ រួមមាន​៖ ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ហើយ​ប​ច្ច​ប្បន្ន​នេះ​មាន​មន្ត្រី​ឧទ្យានុ​រក្សចំនួន ៨៤ នាក់​បាន​នឹង​កំពុង​ឈរជើង​ការពារ ដែល​ក្នុងនោះ ខេត្ត​កំពង់ធំ​មាន ៣៤ នាក់ ខេត្ត​ស្ទឹងត្រែង​មាន ២៤ នាក់ ខេត្តក្រចេះ​ចំនួន ១២ នាក់ និង​ខេត្ត​ព្រះវិហារ​ចំនួន ១៣ នាក់ ៕(​ដោយ​៖​ថា ចាន់​ធី​) 

 

 

 ពាក្យគន្លឹះ  ក្រសួងបរិស្ថាន

ព័ត៌មានផ្សេងទៀត