ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះ​ឆ្នោត​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៩​តុលា​នេះ​

19-10-2020 4:00 pm 322

ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា​នេះ​ហើយ បន្ទាប់​ពី​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២០​មក​។ លោក​បណ្ឌិត​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​ថ្លែង​ប្រាប់​អ្នកយកព័ត៌មាន​វិទ្យុ​វា​យោ​FM​ថា ទោះបីជា​ជួប​ឧបសគ្គ​ខ្លះ​ដោយសារ​ទឹក​ជន​ន់ ដែល​តម្រូវឲ្យ​មាន​ការបិទ​ការិយាល័យ​មួយចំនួនក៏​ដោយ ក៏​ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​បាន​ដំណើរការ​ទៅ​ជា​ប្រក្រតី​ធម្មតា ហើយ​ទទួលបាន​លទ្ធផល​ជិត​ដូច​អ្វី​ដែល​គ​.​ជ​.​ប​បាន​ប៉ាន់ស្មាន​ទុក​។ 

ប្រសាសន៍​លោក​បណ្ឌិត​ហង្ស ពុទ្ធា៖

លោក​ឆុម ចាន់ថន អគ្គលេខាធិការ​គណបក្ស​យុវជន​កម្ពុជា បាន​ថ្លែងថា ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​ជួប​បញ្ហា​ប្រឈម​ចំនួន​ដូចជា​៖​បញ្ហា​ជំងឺ​កូវី​ដ​-១៩ និង​បញ្ហា​ទឹកជំនន់​ជាដើម​។ ក៏​ប៉ុន្តែ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នូវតែ​ដំណើរការ​ល្អ​ជា​ធម្មតា​។ យ៉ាងណា​ក៏​ដោយ​លោក​ឆុម ចាន់ថន អះអាង​ថា​រូបលោក​បាន​ស្នើ​ឲ្យ​គ​.​ជ​.​ប​បន្ថែម​ថ្ងៃ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ដែរ ក្នុង​កិច្ចប្រជុំ​រៀបចំឡើង​ដោយ​គ​.​ជ​.​ប​នៅ​ថ្ងៃទី​១៩ ខែ​តុលា​នេះ​។  

ប្រសាសន៍លោក​ឆុម ចាន់ថន៖

​ចំណែក​លោក​ខឺ​យ ស៊ី​នឿន អនុប្រធាន​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ បាន​កត់សម្គាល់​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​គឺ​រយៈពេល​ខ្លី ហើយ​បាន​ជួប​បញ្ហា​ប្រឈម​ដោយសារ​ទឹកជំនន់​ថែម​ទៀត​។ ក្នុងនោះ​ដែរ​មាន​ប្រជាពលរដ្ឋ​មួយចំនួន ក៏​មិន​ទទួលបាន​ព័ត៌មាន​អំពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នេះ​ដែរ​។ លោក​ខឺ​យ ស៊ី​នឿន ក្នុងនាម​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​ចង់​ឲ្យ​គ​.​ជ​.​ប​បន្ថែម​ថ្ងៃ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​កាលៈទេសៈ​បែបនេះ​។ 

ប្រសាសន៍​លោក​ខឺ​យ ស៊ី​នឿន៖

​ទោះបីជា​បែបណា​ក៏​ដោយ​លោក​បណ្ឌិត​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បានឲ្យដឹងថា គ​.​ជ​.​ប​មិនទាន់​កំណត់ថា ត្រូវ​បន្ថែម​ថ្ងៃ​ចុះឈ្មោះ​បោះឆ្នោត ឬ​មិន​បន្ថែម​នៅឡើយ​ទេ​។ គិត​ត្រឹម​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ មាន​ប្រជាពលរដ្ឋ​ជាង​៩០​ភាគរយ​ហើយ លើ​ចំនួន​ប៉ាន់ស្មាន​របស់​គ​.​ជ​.​ប​ដែលថា​ត្រូវ​ចុះឈ្មោះ​ថ្មី​ប្រចាំ​ឆ្នាំ​ចំនួន​៣០០,៣៩០​នាក់​៕ ដោយ​៖​ឃួន សុភ័​ក្រ 

 

ព័ត៌មានផ្សេងទៀត