បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch) បានបង្ហាញឲ្យដឹងថាស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើងនៅតែមិនទាន់ល្អប្រសើរ។ ប្រព័ន្ធនៃការចាប់ឃុំខ្លួននៅកូរ៉េខាងជើង បន្ដគំរាមកំហែងខ្លាំងដល់សិទ្ធិសេរីភាព ដោយមានទាំងការធ្វើទារុណកម្មនិងចាត់ទុកមនុស្សមានតម្លៃតិចជាងសត្វទៅទៀត។ របាយការណ៍ដែលចេញដោយអង្គការមានមូលដ្ឋាននៅអាមេរិកមួយនេះ ផ្អែកទៅលើការសម្ភាសជាមួយអតីតអ្នកជាប់ឃុំកូរ៉េខាងជើងនិងអតីតមន្ដ្រីជាច្រើននាក់។
កូរ៉េខាងជើងក៏ត្រូវបានអង្គការសហប្រជាជាតិនិងបណ្ដាប្រទេសមួយចំនួន ចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សផងដែរ ហើយស្ថានភាពនៃប្រព័ន្ធយុត្ដិធម៌របស់ប្រទេសនេះ មិនត្រូវបានគេដឹងឡើយឬដឹងតិចតួចបំផុត។ តាមរយៈការធ្វើបទសម្ភាស អ្នកជាប់ឃុំត្រូវបានគេវាយដំនឹងដំបង ព្រនង់ ទាត់ឬធាក់ជាដើម រួមជាមួយសកម្មភាពក្រៅប្រព័ន្ធច្បាប់ផ្សេងៗទៀត នៅពេលចាប់ឃុំខ្លួនបណ្ដោះអាសន្ន។ ប៉ុន្ដែសម្រាប់កូរ៉េខាងជើងតែងតែចាត់ទុករបាយការណ៍ក្រុមអង្គការសិទ្ធិមនុស្សជារឿងមិនត្រឹមត្រូវ និងថាលោកខាងលិចមិនអាចបង្កើតស្ដង់ដាសិទ្ធិមនុស្សសម្រាប់ពិភពលោកទាំងមូលបានឡើយ៕(ដោយ៖ពេញ ផេង)