គ្រោះបាក់ដីបណ្ដាលមកពីជំនន់ទឹកភ្លៀងនៅខេត្ដភាគកណ្ដាលប្រទេសវៀតណាម មនុស្សស្លាប់កើនដល់១១នាក់ហើយនិងបាត់ខ្លួនជាង១០នាក់ទៀត។ ទីតាំងកើតហេតុគឺនៅបន្ទាយទាហានមួយកន្លែងស្ថិតក្នុងខេត្ដQuang Tri កាលពីថ្ងៃទី១៨តុលា ដែលត្រូវបានវៀតណាមចាត់ទុកជាគ្រោះថ្នាក់ដ៏អាក្រក់មួយ។ ភ្លៀងធ្លាក់ខ្លាំងតាំងពីដើមខែតុលា បានធ្វើឲ្យតំបន់មួយចំនួនក្នុងប្រទេសវៀតណាមត្រូវជន់លិច ហើយគ្រោះបាក់ដីនេះបានសម្លាប់មនុស្សសរុបជាង៧០នាក់ហើយ បូកសរុបទាំងទាហាន១១នាក់។ ភ្លៀងរំពឹងថានឹងបន្ដធ្លាក់ខ្លាំងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
គួរជម្រាបបន្ថែមថា បើតាមការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ ការបាក់ដីបានវាយប្រហារទៅលើបន្ទាយទាហាននៃតំបន់យោធាទី០៤របស់វៀតណាម ដែលកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានគ្រោះបាក់ដីសម្លាប់មនុស្ស១៣នាក់នៅក្នុងខេត្ដជាប់ព្រំដែនគ្នាThua Thien Hue។ គិតត្រឹមពេលនេះមានសាកសពទាហានចំនួន១១នាក់ត្រូវបានរកឃើញ ខណៈកំពុងស្វែងរកសាកសពដែលនៅបាត់ខ្លួន៕(ដោយ៖ពេញ ផេង)