អា​ដុល ហ៊ី​ត្លែរ ពី​ក្មេង​ស្លូតបូត​ក្លាយជា​មេដឹកនាំ​អាល្លឺម៉ង់​ដ៏​សាហាវ​ម្នាក់​

18-10-2020 5:46 pm 409

​អា​ដុល ហ៊ី​ត្លែរ គឺជា​មេដឹកនាំ​របប​ណា​ហ្ស៊ី​ផ្តាច់កា​ររបស់​អាល្លឺម៉ង់ ដែល​ត្រូវបាន​ពិភពលោក​ចងកំហឹង​យ៉ាងខ្លាំង​។  យ៉ាងណាក៏ដោយ​សម្រាប់​ជនជាតិ​អាល្លឺម៉ង់ ហ៊ី​ត្លែរ​នៅតែ​ជា​វីរបុរស​មួយរូប ដែល​បាន​ទាញ​អាល្លឺម៉ង់​ឲ្យ​ងើប​ផុតពី​វិបត្តិ​សេដ្ឋកិច្ច​កាលពី​សម័យមុន​។ ដំបូង​ឡើយ​លោក​ជា​ក្មេង​ស្លូតបូត​ម្នាក់ ប៉ុន្ដែ​អត្ដ​ចរិត​ស្លូតបូត​បាន​ផ្លាស់ប្ដូរ​ក្រោយ​ចងកំហឹង​យ៉ាងខ្លាំង​លើ​ជនជាតិជ្វី​ហ្វ​។ 

​ជី​វប្រ​វត្ដិ​

​អា​ដុល ហ៊ី​ត្លែរ​កើត​នៅ​ថ្ងៃទី ២០ ខែ​មេសា ឆ្នាំ ១៨៨៩ ក្នុង​ទីក្រុង​Branau am Inn នៃ​ប្រទេស​អូ ទ្រី​ស​។ លោក​គឺជា​កូន​ទី​៤ ក្នុងចំណោម​បងប្អូន​ចំនួន​៦​នាក់ ហើយ​មាន​ឪពុក​ជា​មន្ត្រី​គយ​។ ឪពុក​របស់​អា​ដុល ហ៊ី​ត្លែរ​មាន​ឈ្មោះថា​Alois Hitler និង​ម្តាយ​មាន​ឈ្មោះថា​Klara Polzl​។  នៅពេល​មាន​អាយុ​៣​ឆ្នាំ គ្រួសារ​របស់លោក​បាន​ផ្លាស់ប្តូរ​មក​រស់នៅក្នុង​ប្រទេស​អាល្លឺម៉ង់​វិញ​។ និយាយ​អំពី​ជីវិត​នៅក្នុង​គ្រួសារ​Alois Hitler​ដែល​ត្រូវជា​ឪពុក លោក​គឺជា​មនុស្ស​ដែល​តឹងរ៉ឹង​ម្នាក់ ហើយ​តែងតែ​ដាក់ទណ្ឌកម្ម​និង​វាយ​ធ្វើបាប អា​ដុល ហ៊ី​ត្លែរ ជា​ញឹកញាប់ នៅពេលដែល​មានរឿង​អ្វីមួយ​។ រស់នៅ​ក្នុងស្ថានភាព​បែ​ប​នេះ អា​ដុល ហ៊ី​ត្លែរ មិនមាន​ការពេញចិត្ត​នោះឡើយ ព្រោះថា​រាល់​ទង្វើ​ដែល​ខ្លួន​ចង់​ធ្វើ​តែងតែ​ត្រូវបាន​ឪពុក​ប្រឆាំង និង​មិន​អនុញ្ញាតឲ្យ​ធ្វើ​ជាដាច់ខា​ត​។ ជាក់ស្តែង​ហ៊ី​ត្លែរ​គឺជា​មនុស្ស​ដែល​ចូលចិត្ត​ខាង​ផ្នែក​សិល្បៈ ហើយក៏​ចង់​សិក្សា​លើ​មុខវិជ្ជា​នេះ​ផងដែរ ប៉ុន្តែ​ឪពុក​របស់ខ្លួន​ហាម​មិនឲ្យ​រៀន​ឡើយ ហើយ​បែរជា​បង្ខំ​ឲ្យ​សិក្សា​ផ្នែក​ជំនួញ​ទៅវិញ​។  

​ពេល​នៅ​ពី​ក្មេង​ហ៊ី​ត្លែរ​គឺជា​អ្នក​ពូកែ​រៀនសូត្រ ហើយក៏​ជា​អ្នកប្រតិបត្តិ​សាសនា​យ៉ាង​ជាប់លាប់​ផងដែរ​។ ដូច្នេះ​ទាំង​មិត្តភក្ដិ​និង​អ្នក​ជុំវិញ សុទ្ធតែ​រំពឹងថា​អា​ដុល ហ៊ី​ត្លែរ អនាគត​នឹង​ក្លាយទៅជា​មេដឹកនាំ​សាសនា ឬ​ជា​អាចារ្យ​ជាក់​ជាមិនខាន​។ ប៉ុន្តែ​អ្វីៗ​ត្រូវបាន​ប្រែប្រួល​អស់ ព្រោះ​ពេល​ក្រោយៗ​មក​អា​ដុល ហ៊ី​ត្លែរ ហាក់​ប្រែក្លាយ​ទៅជា​ក្មេង​ខ្ជិលច្រអូស និង​រៀនសូត្រ​មិនបាន​ល្អ​នោះទេ ជាហេតុ​ធ្វើឲ្យ​មិត្តភក្ដិ​ដែល​ធ្លាប់ស្និត​ស្នាល​និង​គាំទ្រ​បែរជា​លែង​រវីរវល់​ជាមួយ​។ ម្យ៉ាងវិញទៀត សម្ពាធ​ក្នុង​គ្រួសារ ជាពិសេស​ពី​សំណាក់​ឪពុក​នោះ រឹតតែ​ធ្វើឲ្យ​ហ៊ី​ត្លែ​រ​មាន​អា​រម្ម​កាន់តែ​តានតឹង​ឡើង​។ 

​ផ្ទុយ​ពី​ឪពុក​! ម្តាយ​របស់​ហ៊ី​ត្លែរ​គឺជា​អ្នកគាំទ្រ​នូវ​ជំហរ​របស់​ហ៊ី​ត្លែ​រ ហើយ​តែងតែ​លើកទឹកចិត្ត​ចំពោះ​ការងារ​ផ្សេងៗ​ដែល​កូន​ចង់​ធ្វើ​។ ប្រការនេះ គឺជា​ហេតុដែល​នាំឲ្យ​ហ៊ី​ត្លែ​រ​ស្រលាញ់​ម្តាយ​របស់ខ្លួន​យ៉ាងខ្លាំង ពោលគឺ​រាល់ពេល​លោក​តែងតែ​ទុក​រូបថត​ម្តាយ នៅជាប់​ជាមួយនឹង​ខ្លួន​ជានិច្ច​។ នៅ​ឆ្នាំ​១៩០៩​លោក​Alois Hitler ដែល​ត្រូវជា​ឪពុក​ក៏បាន​ស្លាប់​។ ពីរ​ឆ្នាំ​បន្ទាប់ ម្តាយ​របស់ ហ៊ី​ត្លែរ​ក៏បាន​សម្រេចចិត្ត​អនុញ្ញាតឲ្យ​កូន​របស់ខ្លួន បោះបង់ចោល​ការសិក្សា​លើ​ផ្នែក​ដែល​មិន​ចូលចិត្ត ហើយ​ទៅ​សិក្សា​ផ្នែក​សិល្បៈ​នៅក្នុង​ទីក្រុង​វី​យ៉េន​(Vienna) នៃ​ប្រទេស​អូទ្រីស​វិញ​។ នៅ​ទីនោះ​ហើយ ដែល​បានធ្វើឲ្យ​អាដុល ហ៊ី​ត្លែរ​ជួបប្រទះ​នឹង​បញ្ហា​ក្នុង​ជីវិត​យ៉ាងខ្លាំង​ថែមទៀត ព្រោះថា​សាលា​ផ្នែក​សិល្បៈ​នោះ​មិន​បាន​អនុញ្ញាតឲ្យ​លោក​បាន​ចូល​សិក្សា​ឡើយ ដោយសារតែ​មិនមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​។ 

​ការព្យាយាម​ចូល​សិក្សា​ជា​ច្រើនដង​តែង​ទទួល​បរាជ័យ ហ៊ី​ត្លែរ​ក៏​បន្ត​រស់នៅ​ទីនោះ​៥​ទៅ​៦​ឆ្នាំ​ទៀត​។ ក្នុង​រយៈពេល​នោះ ហ៊ី​ត្លែរ​បាន​ក្លាយទៅជា​មនុស្ស​ដែល​គ្មាន​ទីពឹង​ដោយសារតែ​ប្រាក់​សម្រាប់​ចំណាយ​ប្រចាំថ្ងៃ​ក៏​ត្រូវបាន​ចាយ​អស់ ហើយ​បាន​ធ្លាក់​ខ្លូន​ជា​មនុស្ស​អនាថា​។ ពេលនោះ​ហើយក៏​ជា​ពេលដែល​ហ៊ី​ត្លែរ​បានចាប់ផ្តើម​ចងកំហឹង​យ៉ាងខ្លាំង​ចំពោះ​ជនជាតិជ្វី​ហ្វ ព្រោះថា​គ្រូ​នៅ​សាលា​សិល្បៈ​ដែល​មិន​អនុញ្ញាតឲ្យ​លោក​ចូលរៀន​នោះ គឺជា​ជនជាតិជ្វី​ហ្វ ហើយ​ក្រោយមកទៀត​ម្តាយ​របស់លោក​ក៏បាន​ស្លាប់ ដែល​គ្រូពេទ្យ​ព្យាបាល​ឲ្យ​ម្តាយ​នោះ​ក៏​ជា​ជនជាតិជ្វី​ហ្វ​ដែរ​។ ការស្លាប់​នេះ ត្រូវបាន អា​ដុល ហ៊ី​ត្លែ​ស្តីបន្ទោស​យ៉ាងខ្លាំង​ទៅលើ​គ្រូពេទ្យ​ជនជាតិជ្វី​ហ្វ​ដោយ​លើកឡើងថា មិនបាន​បំពេញ​តួនាទី​ត្រឹមត្រូវ​ក្នុង​ការសង្គ្រោះ​ជីវិត​ម្តាយ​ខ្លួន​។ ម្យ៉ាងវិញទៀត ជនជាតិជ្វី​ហ្វ​ភាគច្រើន​សុទ្ធសឹងតែ​រស់នៅក្នុង​ផ្ទះ​ល្អៗ មាន​ជីវភាព ខ្ពស់ និង សុទ្ធតែជា​អ្នក​ក្តោប​ក្តាប់​សេដ្ឋកិច្ច​ដែល​ផ្ទុយ​ពី​ស្ថានភាព​របស់ខ្លួន ក៏ដូចជា​ជនជាតិ អាល្លឺម៉ង់​និង​អូទ្រីស​ដទៃទៀត ដែល​រស់នៅ​ជាមួយនឹង​ភាពក្រីក្រ​។ 

​ដំណើរ​ក្លាយជា​មេដឹកនាំ​

​ដោយសារតែ​រស់នៅក្នុង​ស្ថានភាព​ត្រដាបត្រដួស​អស់​រយៈពេល​ជាច្រើន​ឆ្នាំ រួមជាមួយ​នឹង​កំហឹង​លើ​ពួក​ជនជាតិជ្វី​ហ្វ​នោះ ហ៊ី​ត្លែរ​ក៏បាន​សម្រេចចិត្ត​ចូល​បំរើកងទ័ព​របស់​អូទ្រីស ប៉ុន្តែ​ជាច្រើនលើក​លោក​មិន​ត្រូវបាន​គេ​អនុញ្ញាតឲ្យ​ចូលរួម​ឡើយ ដោយសារតែ​សុខភាព​មិន​រឹងមាំ​គ្រប់គ្រាន់ ព្រោះ​ហ៊ី​ត្លែរ​បាន​រស់នៅក្នុង​ជីវភាព​ហូបចុក​មិន​គ្រប់គ្រាន់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ បន្ទាប់មកទៀត នៅ​ឆ្នាំ​១៩១៤ លោក​ក៏បាន​ចូល​បំរើកងទ័ព​របស់​អាល្លឺម៉ង់ ដែល​មិនសូវ​ទាមទា​ការពិនិត្យ​សុខភាព​តឹងរ៉ឹង​ដូច​កងទ័ព​អូទ្រីស​។ ការចូល​ធ្វើជា​ទ័ព​របស់​អាល្លឺម៉ង់​នោះ គឺធ្វើឡើង​ស្របពេល​ដែល​សង្គ្រាមលោក​លើក​ទី​១​បាន​ផ្ទុះឡើង​។ ក្នុង​សមរភូមិ អា​ដុល ហ៊ី​ត្លែរ​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ធ្វើសង្គ្រាម មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ក៏បាន​រងរបួស​បណ្តាលឲ្យមាន​បញ្ហា​ដល់​ភ្នែកអ​ស់​រយៈពេល​ជា​យូរ​ផងដែរ​ទើប​ជាសះស្បើយ​ឡើងវិញ​។ នៅក្នុងពេល​បំរើកងទ័ព​នោះ លោក​ក៏​ទទួលបាន​រង្វាន់​ជាច្រើន​ពី​សំណាក់​ថ្នាក់លើ​ផងដែរ​។ 

​ក្រោយ​សង្គ្រាមលោកលើកទី​១ អា​ដុល ហ៊ី​ត្លែរ​ក៏​នៅតែ​បន្តការងារ​ជា​យោធា​ដដែល​ដោយ​ទទួលបន្ទុក​ខាង​ផ្នែក​ភ្នាក់ងារ​ស៊ើប​ការណ៏​។ ស្របពេល​ជាមួយគ្នា​ហ៊ី​ត្លែរ​ក៏​ត្រូវបាន​អ្នកដឹកនាំ​បក្ស​ពលករ​របស់​អាល្លឺម៉ង់​មាន​ឈ្មោះថា លោក​Anton Drexler អញ្ជើញ​ឲ្យចូល​រួម​នៅក្នុងបក្ស​នេះ​។ សូមបញ្ជាក់ថា គណបក្ស​ពលករ​អាល្លឺម៉ង់​នោះ ក្រោយមក​ក៏បាន​ប្តូរ​ទៅជា​គណបក្ស​ណា​ហ្ស៊ី​វិញ​។ ចាប់តាំងពី​អា​ដុល ហ៊ី​ត្លែរ​បាន​ឈាន​ជើង​ចូលក្នុង​គណបក្ស​នេះ​មក កិត្តិនាម​របស់លោក​បាន​កើនឡើង​ជា​លំដាប់​តាមរយៈ​ការប្រើប្រាស់​ពាក្យសំដី​យ៉ាង​ប៉ិនប្រសព្វ​ជាហេតុ​ធ្វើឲ្យ​ចំនួន​អ្នកគាំទ្រ​កាន់តែ​ច្រើនឡើ​ងៗ​។ មិនយូរប៉ុន្មាន​ហ៊ី​ត្លែរ​ក៏បាន​ដឹកនាំ​គណបក្ស​ណា​ហ្ស៊ី​នេះ​ដោយផ្ទាល់​តែម្តង​។ 

​កំឡុងពេល​ធ្វើ​នយោបាយ វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​ក្នុងប្រទេស​អាល្លឺម៉ង់ បាន​ផ្តល់ឱកាស​ដ៏​សំខាន់​សម្រាប់​ហ៊ី​ត្លែរ​ក្នុង​ការបង្ហាញ​ពីរ​ទស្សនៈ និង​មនោ​គម​ន៏​វិជ្ជា​នយោបាយ​របស់ខ្លួន​ក្នុង​ការដោះស្រាយ​បញ្ហា​។ ជា​បន្តបន្ទាប់​មាន​មនុស្ស​ជាច្រើន​បាន​គាំទ្រ​។ រហូតដល់​ឆ្នាំ​១៩៣៤ លោក​បាន​ក្លាយទៅជា​អ្នកកា​ច់​បង្កូតប្រទេស​អាល្លឺម៉ង់​ទាំងមូល​តែម្តង​។ ប៉ុន្តែ​ជាមួយគ្នានេះ រឿងរ៉ាវ​នឹកស្មាន​មិន​ដល់​នោះ​គឺថា តាំងពី​តូច​មក​អា​ដុល ហ៊ី​ត្លែ​គឺជា​អ្នកប្រត្តិបត្តិ​សាសនាដ៍​ពេញលេញ ពោលគឺ​ហូប​អាហា​បួស មិន​ពិសារ​ស្រា តែ​ក្រោយ​ពេលដែល​ឡើងកាន់តំណែង លោក​ក៏បាន​ក្លាយទៅជា​មនុស្ស​ម្នាក់ដ៏​សាហាវ​ជាទីបំផុត​។ ជាក់ស្តែង អា​ដុល ហ៊ី​ត្លែរ​បានចេញ​ច្បាប់​មួយ​ដែល​អនុញ្ញាតឲ្យ​ធ្វើទុកបុកម្នេញជន​ជា​តិ​ជ្វី​ហ្វ​យ៉ាង​សេរី ដោយ​គ្មាន​ទោស​អ្វី​ទាំងអស់ បើទោះបីជា ចាប់រំលោភ ធ្វើ​ទារុណកម្ម ឬ​សម្លាប់​យ៉ាងណាក្តី​។  មិន​ត្រឹមតែ​ប៉ុណ្ណោះ អា​ដុល ហ៊ី​ត្លែ​នេះ​ហើយក៏​ជា​អ្នក​បំផ្ទុះ​ឡើង​នូវ​សង្គ្រាមលោកលើកទី​២ (​ចាប់ពី​ឆ្នាំ​១៩៣៩ ដល់ ១៩៤៥) តាមរយៈ​មហិច្ចតា​ចង់​ក្តោ​បក្តាប់​ពិភពលោ​កទាំង​មូល​។ 

​ប៉ុន្តែ​បើទោះបីជា​នយោបាយ​ហ៊ី​ត្លែ​មាន​លក្ខណៈ​ផ្តាច់ការ និង​សាហាវយង់ខ្នង​ក៏ដោយ ក៏​ប្រជាជន​អាល្លឺម៉ង់ ភាគច្រើន​បានចាត់ទុក​រូបលោក​ជា​វីរបុរស ព្រោះថា​ខណៈដែល​អាល្លឺម៉ង់​ជួបប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​កាលនោះ អា​ដុល ហ៊ី​ត្លែរ​ជា​អ្នក​ស្រោចស្រង់​ស្ថាន​ការណ៏​ឡើងវិញ ជួយ​សម្រូល​ដល់​បញ្ហា​ជីវភាព​ប្រជាជន​អាល្លឺម៉ង់​។ ដូច្នេះហើយ​បានជា​ប្រជាជន​អាល្លឺម៉ង់​មើល​មិនសូវ​ឃើញ​ពី​ភាព​សាហាវ​និង​ផ្តាច់ការ​របស់​ហ៊ី​ត្លែរ​។ 

​អាពាហ៍ពិពាហ៍​និង​មរណភាព​

​តែ​យ៉ាងណាក៏ដោយ ក្រោយពី​បាន​ឡើងកាន់​អំណាច​នឹង​បាន​បំផ្ទុះ​សង្គ្រាមលោកលើកទី​២​យ៉ាង​ផុសផុល​តាមរយៈ​ការកាប់សម្លាប់​ជនជាតិជ្វី​ហ្វ​យ៉ាងច្រើន និង​ការចូល​ឈ្លានពាន​បណ្តា​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេងៗ​មក  កងទ័ព​អាល្លឺម៉ង់​ក៏​ចាប់ផ្តើម​ថមថយ​ឥទ្ធិពល​របស់​ខ្លួន​មកវិញ​។ បណ្តា​ប្រទេស​ជាច្រើន​បានធ្វើការ​វាយបក​មកកាន់​អាល្លឺម៉ង់​វិញ​ជា​បន្តបន្ទាប់​។ អា​ដុល ហ៊ី​ត្លែរ​ក៏​បានដឹង​យ៉ាងច្បាស់​ថា បរាជ័យ​នឹង​ឈានចូល​មកដល់​ឆាប់ៗ ។ ក្នុង​ឆ្នាំ​១៩៤៥​លោក​ក៏បាន​សម្រេចចិត្ត​រៀបការ​ជាមួយនឹង​នារី​ជា​ទីស្រលាញ់ ដែលមាន ឈ្មោះថា​Eva Braun​។

ភ្លាមៗ​នោះដែរ ហ៊ី​ត្លែរ​ក៏បាន​ទទួលដំណឹង​ថា​នឹង​មានការ​លួច​ធ្វើ ឃាត​រូបលោក ដូច្នេះ​ក៏​នាំ​ភរិយា​ដែល​ទើបតែ​រៀបការ​ទៅ​លាក់ខ្លួន​ដើម្បី គេចផុត​ពី​សត្រូវ​។ ប៉ុន្តែ​នៅ​ទីបំផុត អា​ដុល ហ៊ី​ត្លែរ​ក៏បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​បាញ់សម្លាប់​ខ្លួន​ឯង នៅក្នុង​បន្ទប់​រួមជាមួយ​នឹង​ភរិយា​ក្នុង​វ័យ​៥៦​ឆ្នាំ​។ បើទោះបីជា​អា​ដុល ហ៊ី​ត្លែរ បាន​ស្លាប់ទៅ​ហើយ​ក៏ដោយ ប្រជាជន​នៅលើ​ពិភពលោក​នៅ​ចងកំហឹង​យ៉ាងខ្លាំង​រហូត​មកទល់នឹង​សព្វថ្ងៃ ព្រោះថា​ការ​បំផ្ទុះ​សង្គ្រាមលោកលើកទី​២​នោះ បានធ្វើឲ្យ​ប្រជាជន​នៅលើ​ពិភពលោក ជាច្រើន​លាន​នាក់​បាន​ស្លាប់ និង​បណ្តាលឲ្យ​ខូចខា​តដល់​ទ្រពសម្បត្តិ​ជាច្រើនទៀត​។ ទាក់ទង​នឹង​សញ្ជាតិ លោក​មាន​សញ្ជាតិ​អូទ្រីស​ពី​ឆ្នាំ​១៨៨៩-១៩២៥ រស់នៅ​គ្មាន​រដ្ឋ​ពី​ឆ្នាំ​១៩២៥-១៩៣២ និង​មាន​សញ្ជាតិ​អាល្លឺម៉ង់​ពី​ឆ្នាំ​១៩៣២-១៩៤៥៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត