តិច​និក​បើកបរ​រថយន្ត​កាត់ទឹក​ដែល​អ្នកបើកបរ​គួរតែ​ដឹង​

18-10-2020 4:18 pm 1935

​នៅ​រយៈពេល​ចុងក្រោយ​នេះ​ជំនន់​ទឹកភ្លៀង​បាន​ធ្វើឲ្យ​លិចលង់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក្រៅពី​លិចលង់​ផ្ទះសម្បែង ដងផ្លូវ​មួយចំនួន​ក៏​ត្រូវ​បាន​លិចលង់​ផងដែ  រ​។ ការបើកបរ​កាត់​ផ្លូវ​ដែល​មាន​ទឹក​លិច មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ប្រសិន​អ្នកបើកបរ​មិនចេះ​ពី​របៀប​បើកបរ និង​មិនដឹង​ពី​តិច​និក​ខ្លះៗ ដើម្បី​ជួយ​សម្រួល​ម៉ាស៊ីនរថយន្ត​នៅពេល​ឆ្លងកាត់​ទឹក​។ 

<<​ពេល​បើកបរ​កាត់​ផ្លូវ​លិច​ទឹក​ដោយ​ជៀស​ពុំរួច អ្នកបើកបរ​មិនគួរ​បើក​លឿន​ពេក​ទេ គឺ​បើក​សន្សឹមៗ ហើយ​កុំ​បន្ធូរ​ហ្គា ជៀសវាង​ម៉ាស៊ីន​រលត់​នៅ​កណ្ដាល​ទឹក ដែល​ជា​ហេតុ​ធ្វើឲ្យ​ទឹក​ចូល​ក្នុង​ម៉ាស៊ីន និង​តួ​រថយន្ត​។​>> នេះ​គឺជា​អ្វី​ដែល​លោក​ហ៊ាង ហាប់ ម្ចាស់​យានដ្ឋាន​ថែទាំ​រថយន្ត V Car ណែនាំ​ទៅ​អ្នកបើកបរ​នៅ​ពេល​បើកបរ​រថយន្ត​កាត់​ទឹក រឺ​ដងផ្លូវ​ដែល​មាន​ទឹក​លិច​ខ្លាំង​។​

​លោក​ហ៊ាង ហាប់​បាន​ប្រាប់ឲ្យដឹង​ថា ការ​បើកបរ​រថយន្ត​កាត់​ផ្លូវ​លិច​ទឹក​វា​ប្រឈម​នឹង​បញ្ហា​រលត់​ម៉ាស៊ីន បើសិន​ជា​ម្ចាស់​រថយន្ដ​មិនដឹង​ពី​របៀប​បើកបរ ។ ការបើកបរ​កាត់ទឹក​លិច​នេះ វា​ប្រឈម​នឹង​ការ​ខូច​ដល់​ប្រព័ន្ធ​ម៉ាស៊ីន ប្រព័ន្ធ​ភ្លើង និង​ប្រព័ន្ធ​ជើង​ក្រោម​របស់​រថយន្ត​។​លោក​ហ៊ាង ហាប់ បាន​ណែនាំ​ទៅ​កាន់​ម្ចាស់​រថយន្ត​ទាំងអស់​ថា ក្រោយពី​ការបើកបរ​កាត់ទឹក​លិច​ជ្រៅ ត្រូវ​យក​រថយន្ត​ទៅឲ្យ​ជាង​ពិនិត្យ​ដើម្បី​ឲ្យ​ប្រាកដថា រថយន្ត​របស់​លោក​អ្នក​មាន​ខូច ឬ​ប៉ះពាល់​ផ្នែក​ណាខ្លះ ឬក៏​អត់​?

​សំឡេង​លោក​ហ៊ាង ហាប់ ៖

​យ៉ាងណាមិញ​បើសិន​ជា​រថយន្ត​រលត់​នៅ​កណ្ដាល​ទឹក លោក​ហ៊ាង ហាប់ ម្ចាស់​យានដ្ឋាន​ថែទាំ​រថយន្ត V Car ដែល​មាន​ទីតាំង​ស្ថិតនៅ​បុរី​ពិភពថ្មី ក្នុង​ខណ្ឌ​ដង្កោ បាន​ប្រាប់ថា អ្នកបើកបរ​ពុំ​គួរ​ព្យាយាម​បញ្ឆេះ​រថយន្ត​ច្រើនដង​ពេក​ទេ ពីព្រោះ​វា​នឹង​បណ្ដាល​ឲ្យ​ម៉ាស៊ីនរថយន្ត​កាន់តែ​មាន​បញ្ហា​ធ្ងន់ធ្ងរ​។​

​សំឡេង​លោក​ហ៊ាង ហាប់ ៖

​គួរបញ្ជាក់​ថា ក្នុងស្ថានភាព​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ជំនន់​ទឹកភ្លៀង វា​បាន​បង្ក​ឲ្យ​ផ្លូវ​មួយចំនួន​នៅ​តាម​បណ្តា​ទីក្រុង​នានា​មាន​ការ​ជន់​លិច​ដូច្នេះ​អ្នកបើកបរ​រថយន្ត បើសិនជា​ជៀស​បើក​កាត់​ទឹក​បាន ពោល​គឺ​បើ​មាន​ផ្លូវ​ណា​អាច​វា​ង​បាន គួរតែ​វាង ទោះជា​ឆ្ងាយ​បន្តិច​ក៏​ដោយ ពីព្រោះ​បើ​រថយន្ត​បើក​កាត់ទឹក​ញឹកញាប់​នឹង​បង្ក​បញ្ហា​នៅ​ពេល​ណាមួយ​ដូចជា ពេល​បើកប​រសុខៗ ស្រាប់តែ​រលត់​ម៉ាស៊ីន​ដោយ​មិន​ដឹង​មូលហេតុ​ជាដើម​៕ 

ព័ត៌មានផ្សេងទៀត