ការតវ៉ា​នៅ​ថៃ​ត្រូវ​បញ្ចប់​ដោយ​គ្មាន​អ្នកឈ្នះ​ហើយ​ក៏​គ្មាន​អ្នកចាញ់​

18-10-2020 11:11 am 619

​ក្រុមអ្នកតវ៉ា​ថៃ​ដែល​បាន​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ប្រមាណ​២​ម៉ឺន​នាក់​នៅ​ទីតាំង​ចំនួន​៣​កន្លែង​ផ្សេង​គ្នា បានបញ្ចប់​ការតវ៉ា​ហើយ កាល​ពី​សៅរ៍​ទី​១៧ តុលា ឆ្នាំ​២០២០​។ ការបញ្ចប់​ការតវ៉ា ធ្វើឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​បាងកក​បាន​ព្យាយាម​បញ្ឈប់​សកម្មភាព​របស់​ក្រុមអ្នកតវ៉ា និង​បាន​បង្ខំ​ឲ្យ​ផ្អាក​នូវ​ដំណើរការ​មធ្យោបាយ​ផ្លូវដែក​ទាំងអស់​ដែល​ឆ្លងកាត់​ក្រុង​បាងកក​។​

ប៉ូលិស​ថៃ​បាន​ធ្វើ​ប្រតិបត្តិការ​បំបែកហ្វូង​អ្នក​តវ៉ា​យ៉ាង​ក្ដៅគគុក​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​តុលា ដោយ​មាន​ទាំង​ការបាញ់ទឹក​ដើម្បី​បំបែកហ្វូង​អ្នក​តវ៉ា និង​បាន​ចាប់ខ្លួន​មេដឹកនាំ​ការតវ៉ា​ម្នាក់ ខណៈ​មេ​តវ៉ា​២​ទៅ​៣​នាក់​ផ្សេងទៀត​បាន​រត់គេចខ្លួន​។ បើ​តាម​មន្ត្រី​ស៊ើប​ការសម្ងាត់​ម្នាក់​ឲ្យដឹងថា មេ​តវ៉ា​ម្នាក់​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ Panupong Mike Jadnok​។ បុរស​នេះ​ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ថា​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​នៅក្នុង​តំបន់​Hua Mark ក្នុង​ទីក្រុង​បាងកក​។​

​យ៉ាងណាក៏ដោយ មធ្យោបាយ​ធ្វើដំណើរ​រួមមាន ខ្សែ​រថភ្លើង​អាកាស​និង​រថយន្ត​ក្រុង​បាន​ដំណើរ​ឡើង​វិញ​នៅ​ម៉ោង​៨៖៣០​នាទី​យប់​ថ្ងៃ​សៅរ៍​ទី​១៧​តុលា​។ ពោល​គឺ​ក្រោយពី​ក្រុមអ្នកតវ៉ា​បាន​បំបែកហ្វូង​គ្នា​នៅក្នុង​ទីតាំង​ចំនួន​៣​ផ្សេងគ្នា រួមមាន ទី​១.​នៅក្នុង​ខណ្ឌ​Lat Phrao​។ ទី​២.​ស្ថានីយ​ខ្សែ​រថភ្លើង​Udom Suk-Bang Na និង​ស្ថានីយ​រថភ្លើង​Wong Wian Yai​។​ឮ​

​របាយការណ៍​របស់​ប៉ូលិស​ក្រុង​បាងកក​បាន​ប៉ាន់ស្មាន​ថា នៅ​ខណ្ឌ​Lat Phrao មាន​អ្នក​តវ៉ា​ប្រមាណ ៨,០០០​នាក់ នៅ​ស្ថានីយ​រថភ្លើង​Wong Wian Yai មាន​៨,០០០​នាក់ និង​នៅ​ស្ថានីយ​រថភ្លើង​Udom Suk-Bang Na មាន​៦,០០០​នាក់ ខណៈ​ក្រុមអ្នកតវ៉ា​១,០០០​នាក់​ទៀត​នៅ​ឯ​សាកលវិទ្យាល័យ Ramkhamhaeng​។​

​បើតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​លោក​Anucha Burapachaisri បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា មិន​ការ​ឈ្នះ​ឬ​ចាញ់​សម្រាប់​ភាគី​ណាមួយ​ឡើយ​(​រដ្ឋាភិបាល​និង​ក្រុមអ្នកតវ៉ា​)​។ លោក​បន្តថា វា​ជា​ការខូចខាត​ដល់​ប្រទេស ហើយ​រដ្ឋាភិបាល​ចង់​ស្នើ​ឲ្យ​ក្រុម​អ្នកត​វ៉ាកុំ​ប្រមូលផ្តុំ​និង​គួរ​រក្សា​សន្តិភាព​។​

​គួរបញ្ជាក់​ថា មូលហេតុ​ទាក់ទង​នឹង​ការតវ៉ា​រយៈពេល​បួន​ថ្ងៃ​ជាប់ៗ​គ្នា​ក្នុង​ទីក្រុង​បាងកក​របស់​ហ្វូង​អ្នក​តវ៉ា​ថៃ​រាប់ម៉ឺន​នាក់​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ប្រឆាំងនឹង​ក្រឹត្យ​គ្រាអាសន្ន ដែល​បាន​ដាក់ចេញ​ថ្មី​នៅ​សប្តាហ៍​នេះ​ក្នុង​ទីក្រុង​បាងកក​។ តវ៉ា​ដោយ​ថា ក្រឹត្យ​នេះ​បាន​ហាមឃាត់​ការប្រមូលផ្តុំ​មនុស្ស​ចាប់ពី ៥​នាក់​ឡើងទៅ បូក​រួម​ទាំង​ការ​ហាមប្រាម​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​អាច​បង្ក​ជា​អសន្តិសុខ​សង្គម​។ ក្រឹត្យ​នេះ​ដែរ​មាន​ប្រសិទ្ធិភាព​រហូតដល់​ពាក់កណ្តាល​ខែវិច្ឆិកា​។ ក្នុងកា​ររ​តវ៉ា​ក្រុមអ្នកតវ៉ា​បាន​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុ​ទ ចាន់​អ៊ូ​ចា ចុះចេញ​ពី​តំណែង និង​ទាមទារ​ឲ្យ​បញ្ឈប់​ការយាយី​ពី​រដ្ឋាភិបាល​ចំពោះ​អ្នក​រិះគន់​រដ្ឋាភិបាល​។ ជាមួយគ្នា​នោះ ក៏​មាន​ការទាមទារ​ឲ្យមាន​ការធ្វើ​កំណែទម្រង់រប​បរាជានិយម​ថែមទៀត​ផង​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត