ផ្អាក​ធ្វើ​ចរាចរណ៍​រថយន្ត​ធុន​ធំ​នៅលើ​កំណាត់​ផ្លូវ​មួយចំនួន​នៅ​ខេត្តព្រះវិហារ​

17-10-2020 6:02 pm 240

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ បានសម្រេច​ផ្អាក​ការធ្វើ​ចរាចរ​ណ៍​ចំពោះរថយន្ត​ដឹកទំនិ​ញ​ធុន​ធំ​គ្រប់​ប្រភេទ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ផ្លូវជាតិ​លេខ​៦២ ផ្លូវជាតិ​លេខ​៦៤ ផ្លូវជាតិ​លេខ​៩៥ និង​ផ្លូវ​ខេត្ត​លេខ​២៦២៧ ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​មាន​ការជូនដំណឹង​ជាថ្មី​។ 

​យោងតាម​សេចក្តីជូនដំណឹង របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា​ការផ្អាក​ការធ្វើចរា​​ចរណ៍​ចំពោះ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ ដោយសារតែ​ស្ថានភាព​គ្រោះទឹកជំនន់​ទឹកភ្លៀង បាន​កំពុង​បន្ត​ឡើង​រហូតដល់​កម្រិត​ប្រកាសអាសន្ន ធ្វើឲ្យ​ផ្លូវថ្នល់ ស្ពាន មិនអាច​ទ្រាំទ្រ​នឹង​ទម្ងន់​រថយន្ត​ដឹកទំនិញ​ធន់​ធ្ងន់​បាន​តទៅទៀត​។ ហើយ​ការសម្រេច​ផ្អាក​ការធ្វើ​ចរាចរណ៍​នេះ​ក្នុង​គោលបំណង ដើម្បី​ចូលរួម​ថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឲ្យ​បាក់ស្រុត និង​ធានា​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​សុវត្ថិភាព​។ 

គួរបញ្ជាក់​ផងដែ​រថា​ស្ថានភាព​ទឹក​ដង​ស្ទឹងសែន​ក្នុង​ខេត្តព្រះវិហារ នៅតែ​បន្ត​ហក់​ឡើង​ខ្លាំង​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ  រហូត​កម្ពស់ ១១.៩៤​ម៉ែត្រ បើ​ប្រៀបធៀប​ថ្ងៃ​ម្សិលមិញ​កម្ពស់ ១១.៥៨ លើស​កម្រិត​ត្រូវ​ប្រកាសអាសន្ន​គឺ ១១.៥០​ម៉ែត្រ​។ ដោយ​៖ ម៉ៅ សុភ័ក្ត្រា​


ព័ត៌មានផ្សេងទៀត