លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា​បដិសេធ​មិន​ចុះ​ចេញពី​តំណែង​

17-10-2020 3:58 pm 550

​លោក​នាយករដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា​បាន​ទាត់ចោល​ម្តង​ហើយ​ម្តងទៀត ចំពោះ​ការទាមទារ​ដោយ​ក្រុមអ្នកតវ៉ា​ឲ្យ​លោក​ចុះចេញ​តំណែង​។ ជាមួយនឹង​ការបដិសេធ​មិន​ចុះ​ចេញពី​តំណែង លោក​ប្រយុទ្ធ​ចាន់ អ៊ូ​ចា​ក៏បាន​ព្រមាន​ដាក់​បម្រាម​គោចរ​ផងដែរ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សង្គម ដែល​រញ៉េរញ៉ៃ​ដោយសារតែ​ការតវ៉ា​ដឹកនាំ​ដោយ​និស្សិត​វ័យក្មេងៗ​។ ក្រៅពី​មិន​អើពើ​នឹង​ការអំពាវនាវ​របស់​ស​កម្ម​ជន​ដែល​ទាមទារ​ឲ្យ​លោក​លាឈប់​ពី​តំណែង លោក​ប្រា​យុទ្ធ​បាន​បន្ថែម​ក្រឹត្យ​បន្ទាន់​មួយ ដែល​ហាមប្រាម​ការប្រមូលផ្តុំ​មនុស្ស​លើសពី​៤​នាក់ រហូតដល់​ពាក់កណ្តាល​ខែវិច្ឆិកា​។​

​ក្នុងន័យនេះ អ្នក​ដែល​ធ្វើ​ផ្ទុយ​ពី​ក្រឹត្យ​បន្ទាន់ អាច​នឹងរង​នូវ​ការបង្ក្រាប​។ គណបក្សប្រឆាំង​ភឿ​ថៃ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដក​វិធានការ​បន្ទាន់ និង​ដោះលែង​អ្នក​ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​។ ចំណែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​Human Rights Watch​នៅ​ថ្ងៃ​សៅរ៍ បាន​ព្រមាន​ថា​ក្រឹត្យ​បន្ទាន់​នេះ នឹង​ផ្តល់​អំណាច​ឲ្យ​ប៉ូលិស ដើម្បី​ប្រព្រឹត្ត​ការរំលោភបំពាន​សិទ្ធិមនុស្ស​និង​និទណ្ឌភាព និង​អំពាវនាវ​ឲ្យមាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ​។​

​ការព្រមាន​របស់លោក​ប្រា​យុទ្ធ ចាន់​អ៊ូ​ចា ស្របពេល​ដែល​ក្រុមអ្នកតវ៉ា​អះអាងថា នៅតែ​បន្ត​ប្រមូលផ្តុំ ក្រោយ​រង​ការបង្ក្រាប​កាលពី​ថ្ងៃ​សុក្រ​។ អ្នក​តវ៉ា​និយាយ​នៅ​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០២០​ថា ពួកគេ​នឹង​បន្ត​ប្រមូលផ្តុំ​តវ៉ា​ទៀត បើទោះបីជា​ទើបតែ​បាន​រង​នូវ​ការបង្ក្រាប ដោយ​ប៉ូលិស​បង្ក្រាប​កុបកម្ម នៅក្នុង​ការតវ៉ា​កាលពី​ថ្ងៃទី​១៦​ខែតុលា​ក៏ដោយ​។ 

​ក្រោយ​ចេញ​ក្រឹត្យ​បន្ទាន់ ប៉ូលិស​ប្រឆាំង​កុបកម្ម​រាប់រយ​នាក់ បាន​ប្រើប្រាស់​កាណុង​បាញ់​ទឹក បាញ់​ដាក់​សកម្មជន​វ័យក្មេង​ភាគច្រើន ដើម្បី​បំបែក​ការប្រមូល​ផ្តុំគ្នា​ដោយ​ខុសច្បាប់​កាលពី​ថ្ងៃ​សុក្រ​។ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​ថា មាន​អ្នកចូលរួម​ប្រហែល​២​ពាន់​នាក់​និង​ខ្លះ​ថា​ប្រហែល​៣​ពាន់​នាក់ បាន​ដើរ​តាម​ដងផ្លូវ​នៅ​កណ្តាល​ក្រុង​បាងកក​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។ នៅពេល​ប៉ូលិស​រុល​ទៅមុខ អ្នក​តវ៉ា​ភាគច្រើន​បាន​រត់​បែកខ្ញែក​គ្នា​អស់ ហើយ​អ្នក​តវ៉ា​ដែល​នៅតែ​តស៊ូ​ទប់ទល់​ជាមួយ​ប៉ូលិស ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​។ ក្រោយមក​អ្នករៀបចំ​ការតវ៉ា​បាន​ស្នើឲ្យ​ហ្វូងមនុស្ស​ត្រឡប់ទៅផ្ទះ​វិញ និង​រៀបចំ​ការជួបជុំ​ដ៏​ធំ​មួយ​ផ្សេងទៀត​នៅ​ថ្ងៃ​សៅរ៍​។ ក្រុម​មេធាវី​សម្រាប់​សិទ្ធិមនុស្ស​ថៃ​ប្រាប់​AFP​ថា សកម្មជន​៦៥​នាក់ ត្រូវបាន​ចាប់ខ្លួន​ចាប់តាំងពី​ថ្ងៃ​អង្គារ​មក នៅក្នុង​នោះ​មាន​សកម្មជន​លេចធ្លោ​៩​នាក់ នៃ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។​

​ចលនា​តវ៉ា​នៅ​ក្នុងប្រទេស​ថៃ​ចាប់ផ្ដើម​តាំងពី​ពាក់កណ្ដាល​ខែកក្កដា​មក ដែល​គិត​រហូត​មកទល់ពេលនេះ​មាន​រយៈពេល​ប្រមាណ​ជា​៣​ខែ​ហើយ​មិនទាន់​បញ្ចប់ ដ្បិត​ពុំទាន់​មាន​ការឆ្លើយតប​ណាមួយ​តាម​តម្រូវការ​របស់​ពួកគេ​។ គោលបំណង​នៃ​ការតវ៉ា​នេះ គឺ​ចង់​ទម្លាក់​លោក​នាយករដ្ឋមន្ដ្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​ចេញពី​តំណែង ព្រោះ​ពួកគេ​ចាត់ទុក​ការបោះឆ្នោត​កាលពី​ឆ្នាំមុន គ្រាន់តែ​ជាការ​រៀបចំឡើង ដើម្បី​រក្សា​អំណាច​លោក​ប្រា​យុទ្ធ​ប៉ុណ្ណោះ ទោះបី​លោក​ប្រា​យុទ្ធ​អះអាង​ជា​ការបោះឆ្នោត​ដ៏​ត្រឹមត្រូវ​ក៏ដោយ​។ ក្រុមបាតុករ​ក៏​ទាមទារ​ឲ្យមាន​ការធ្វើ​វិសោធនកម្មរ​ដ្ឋ​ធម្មនុញ្ញ និង​ចង់ឲ្យមាន​ការផ្លាស់ប្ដូ​របទប​ញ្ជា​មួយចំនួន ដូចជា​ការអនុញ្ញាតឲ្យ​ព្រះមហាក្សត្រ​គ្រប់គ្រង​លើ​ទ្រព្យសម្បត្ដិ​នៅ​រាជវាំង និង​គ្រប់គ្រង​លើ​អង្គភាព​កងទ័ព​មួយចំនួន និង​ចង់ឲ្យ​ព្រះមហាក្សត្រ​មាន​ព្រះរាជកិច្ច​ច្បាស់លាស់​ស្ថិតក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត