អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប លោកហង្ស ពុទ្ធា បានអះអាងថា មានពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស បានមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២០នេះ មានច្រើនគួរឱ្យកត់សម្គាល់ ខណៈតួលេខនៃអ្នកចុះឈ្នោះបោះឆ្នោត គិតមកទល់នឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បាន៧៩% នៃផែនការហើយ។
តួលេខនៃអ្នកចុះឈ្មោះបោះឆ្នោតមានចំនួន ២៣៧.៣២៦នាក់ ស្មើនឹង៧៩% នៃផែនការសរុប គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ នេះបើតាមការឱ្យដឹងពីលោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់សារពត៌មានវិទ្យុវាយោនៅថ្ងៃទី១៧ តុលា ឆ្នាំ២០២០។ លោកហង្ស ពុទ្ធា បានបន្តថា តួលេខនេះនៅប្រមាណ២០%ទៀតតែប៉ុណ្ណោះ នឹងគ្រប់តាមផែនការកំណត់ ខណៈកាលបរិឆ្ឆេទកំណត់នៃការចុះឈ្មោះបោះឆ្នោតនៅរយៈពេល៣ថ្ងៃទៀតនឹងបញ្ចប់………….
សំឡេង៖
ពាក់ព័ន្ធនឹងដំណើរការចុះឈ្មោះបោះឆ្នោតវិញ លោកហង្ស ពុទ្ធា បានបញ្ជាក់ថា គ.ជ.ប មានឧបសគ្គខ្លះៗ ដូចជា ខូចឧបករណ៍ប្រើប្រាស់ អ៊ិនធើរណែតមិនដំណើរការដោយសារតែដាច់ចរន្ធអគ្គិសនី តែបញ្ហាទាំងនេះត្រូវបានដោះស្រាយទាន់ពេលវេលាផងដែរ។ ជាមួយគ្នានេះលោកក៏បានបញ្ជាក់ផងដែរថា គ.ជ.ប បានផ្អាកការិយាល័យចុះឈ្មោះឆ្នោតចំនួន ៦កន្លែង ពោលគឺនៅរាជធានីភ្នំពេញចំនួន ៣កន្លែង និងខេត្តកណ្ដាលចំនួន ៣កន្លែង មូលហេតុដោយសារតែនៅទីនោះមានជំនន់ទឹកភ្លៀងបានលិច។
យ៉ាងណាមិញអ្នកនាំពាក្យ គ.ជ.ប រូបនេះ បានអះអាងថា មានពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ដែលពីមុនមិនដែលបានមកចុះឈ្មោះបោះឆ្នោត ឥលូវពួកគាត់បានស្ទុះស្ទានាំគ្នាមកចុះឈ្មោះបោះឆ្នោត មានច្រើនគួរឱ្យកត់សម្គាល់ បើទោះបីជាមានជំងឺកូវីដ-១៩ កើតឡើងនៅទូទាំងសកលលោកក្ដី ក៏ពួកគាត់បានព្យាយាមមកចុះឈ្មោះបោះឆ្នោតដែរ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ រយៈពេល១៩ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៩ តុលា ឆ្នាំ២០២០។ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ៣០០.៣៩០នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន១២៣.២៥១នាក់៕