អាជ្ញាធរខេត្ត​កំពត​​ឲ្យ​ពលរដ្ឋ​រស់នៅ​អម​សងខាង​ដងព្រែក​កំពង់បាយ​​ត្រៀម​ប្រុងប្រយ័ត្ន​​

17-10-2020 2:43 pm 435

​នៅ​ថ្ងៃទី​១៧ ខែតុលា​នេះ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្ត​កំពត បានចេញ​សេចក្តីជូនដំណឹង​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​ភូមិសាស្ត្រ​រស់នៅ​អម​សងខាង​ដងព្រែក​កំពង់បាយ ឲ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការជន់​លិច​លំនៅឋាន ខណៈ​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ គ្រោង​នឹង​បើកទ្វារ​រំដោះ​ទឹក​។​

​នៅ​ក្នង​សេចក្តីជូនដំណឹង​នោះ បានបញ្ជាក់​ពី ស្ថានភាព​ទឹក​ក្នុង​អាង​ទំនប់​វា​រី​អគ្គិសនី​កំចាយ នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ៧:០០​នាទី​ព្រឹក មាន​កម្ពស់ ១៤៨.៨៩​ម៉ែត្រ ទឹក​ហូរ​ចូល​អាង​មាន​ចំនួន ៧៣៦.៥០​ម៉ែត្រគូប​ក្នុង​១​វិនាទី​។ ក្រុមការងារ​បច្ចេកទេស​របស់​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ គ្រោង​នឹង​បើកទ្វារ​រំដោះ​ទឹក តាម​លក្ខណៈ​បច្ចេកទេស ដោយ​សន្សឹមៗ ចេញពី​ទំនប់​នាពេល​ឆាប់ៗ​នេះ ក្នុងករណី​ដែលមាន​ភ្លៀង​ធ្លាក់​នៅតែ​បន្ត​ធ្លាក់​។ ការបើកទ្វារ​ទឹក​នេះ​អាច​នឹង​បណ្ដាលឱ្យ​ជន់​លិច​នៅ​ភូមិសាស្ត្រ នៅ​អម​សងខាង​ដងព្រែក​។​

​សូម​រំលឹកថា ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០២០ នឹង​ធ្វើឲ្យ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ច្រើន ភាគ​ពាយ័ព្យ ក្បែរ​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ភាគ​ឦសាន និង​តំបន់​ជួរ​ភ្នំក្រវាញ​។ បើ​តំបន់​សមុទ្រ​មាន​ភ្លៀង​ធ្លាក់ និង​រលក​ខ្លាំង​ផងដែរ​៕


ព័ត៌មានផ្សេងទៀត