លោក​ម៉ា​ក្រុង​ហៅ​ការសម្លាប់​ដោយ​កាត់​ក្បាល​នៅ​បារាំង​ជា​ការវាយប្រហារ​ភេរវកម្ម​

17-10-2020 12:26 pm 569

​លោក​អេ​ម៉ា ណូអែល ម៉ា​ក្រុង​ប្រធានាធិបតី​បារាំង​ថា​«​ពលរដ្ឋ​យើង​ម្នាក់​ត្រូវបាន​គេ​ធ្វើឃាត​នៅថ្ងៃនេះ ដោយសារ​គាត់​បង្រៀន​សិស្ស  អំពី សេរីភាព​នៃ​ការបញ្ចេញមតិ​»​។ លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​កន្លែងកើតហេតុ​ថា ឃាតកម្ម​មាន​លក្ខណៈ​ជា​ការវាយប្រហារ​ភេរវកម្ម​អ៊ីស្លាម​និយម​។ ក្រុម​អ្នកនយោបាយ​បារាំង បាននាំគ្នា​ថ្កោលទោស​ការវាយប្រហារ​នេះ​។ នៅក្នុង​សភា​បារាំង សមាជិកសភា​បាន​ក្រោកឈរឡើង ដើម្បី​គោរព​ដល់​គ្រូបង្រៀន​ដែល​ត្រូវបាន​គេ​សម្លាប់​កាលពី​ថ្ងៃ​សុក្រ និង​ថ្កោលទោស​ចំពោះ ការវាយប្រហារ​ភេរវកម្ម​ដ៏​សាហាវ​។​

​រីឯ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Gerald Darmanin ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ម៉ារ៉ុក កំពុង​វិល​ត្រឡប់មក​ទីក្រុង​ប៉ារីស​វិញ​ជាបន្ទាន់​។ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​បារាំង Jean-Michel Blanquer បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម tweeter​ថា ការសម្លាប់​គ្រូបង្រៀន គឺជា​ការវាយប្រហា​រលើ​សាធារណរដ្ឋ​បារាំង ហើយ​មានតែ​ការរួបរួម ដែលជា​ការឆ្លើយតប​តែមួយគត់​ចំពោះ ភេរវកម្ម​អ៊ីស្លាម​។​

​សូម​ជម្រាបជូន​ថា នៅ​ថ្ងៃ​សុក្រ​លោក​គ្រូបង្រៀន​ម្នាក់ ត្រូវបាន​បុរស​ម្នាក់​សម្លាប់​ដោយ​កាត់​ក្បាល ដោយ​កាំបិទ នៅតាម​ផ្លូវ​ក្បែរ​សាលារៀន​នៅក្នុង​តំបន់​មួយ​ដែលមាន​ឈ្មោះថា Conflans-Sainte-Honine ស្ថិតនៅ​ភាគ​ពាយព្យ​ជាយក្រុង​ប៉ារីស​ប្រទេស​បារាំង​។ ប្រភពព័ត៌មាន​ពី​ប៉ូលីស​និយាយថា សាក្សី​បានលឺ​អ្នក​វាយប្រហារ​ស្រែកថា​“Allahu Akbar” ដែល​មានន័យថា “​ព្រះ​ដ៏​អស្ចារ្យ​បំផុត​”​។ ចំណែក​អ្នក​វាយប្រហារ​ដែល​មិនទាន់​ត្រូវបាន​លាតត្រដាង​អត្តសញ្ញាណ​នៅឡើយ​នោះ ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់ នៅក្នុង​ប្រតិបត្តិ​ការតាមប្រមាញ់​។ 

​គ្រូបង្រៀន​ដែល​ត្រូវបាន​ឃាតករ​សម្លាប់​ដោយ​កាត់​ក្បាល​នោះ បើ​យោងតាម​កាសែត Le Monde ជា​គ្រូបង្រៀន​ប្រវត្តិសាស្ត្រ​និង​ភូមិសាស្ត្រ​។ ជនរងគ្រោះ​ធ្លាប់បាន​និយាយ​នៅក្នុង​ថ្នាក់រៀន អំពី សេរីភាព​នៃ​ការបញ្ចេញមតិ ទាក់ទង​ជា​មួយរូប​តុ​ក្កតា​ត្លុក​របស់​មេដឹកនាំ​សាសនា​អ៊ីស្លាម Muhammad ដែល​ធ្វើឲ្យមាន​ការ​ប្រតិកម្ម​ពី​ចំណោម​សិស្ស​មូស្លីម​។ លោកគ្រូ​បាន​ណែនាំ​សិស្ស​មូស្លីម ឲ្យចេញ​ក្រៅ​ថ្នាក់​បើមិន​ពេញចិត្ត​។​

​បារាំង​ធ្លាប់​រង​នូវ​ការវាយប្រហារ​យ៉ាង​កក្រើក​កាលពី​ឆ្នាំ​២០១៥ ដោយសារតែ​ការបោះពុម្ពផ្សាយ​រូប​ត្លុក​របស់​មេដឹកនាំ​សាសនា​អ៊ីស្លាម ព្រោះ​គេ​ចាត់ទុកថា​ជា​ការប្រមាថ​ព្រះ​របស់គេ​។ កាលនោះ​ក្រុម​ប្រដាប់អាវុធ​មួយក្រុម បាន​សម្រុកចូល​ទៅ​បាញ់ប្រហារ​នៅ​ទីស្នាក់ការ​កាសែត Charlie Hebdo ដែលជា​ប្រភព​បោះពុម្ពផ្សាយ​រូប​ត្លុក បណ្តា​លឲ្យមនុស្ស​១២​នាក់​ស្លាប់​។ តុលាការ​បារាំង បាននិងកំពុង​បើកសវនាកា​រ​កាត់ទោស ជនជាប់ចោទ​ចំនួន​១៤​នាក់ ដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​ជួយ​ក្រុម​សកម្មប្រយុទ្ធ​ជី​ហាដ​ចំនួន​២​នាក់ វាយប្រហារ​ទៅលើ​ទីស្នាក់ការ​កាសែត Charlie Hebdo​កាលពី​៥​ឆ្នាំមុន​នោះ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត