កូវី​ដ​-១៩​​​៖​គ្មាន​ករណី​ឆ្លង​ថ្មី​ទេ ​​ខណ​: អ្នក​ជាសះស្បើយ​មាន​២​នាក់​​​

17-10-2020 8:22 am 123

ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ ចំនួន​២​នាក់​ជាសះស្បើយ និង​មិនមាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នោះទេ​។ បច្ចុប្បន្ន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​សល់​តែ​៣​នាក់​ប៉ុណ្ណោះ​។ 

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែល បាន​បញ្ជាក់ថា អ្នកជំងឺ​កូវី​ដ​-១៩ ដែល​ទើប​ព្យាបាល​ជាសះស្បើយ​ទាំង​២​នាក់​ជា​បុរស​ជន​ជា​បារាំង​អាយុ​២៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​បារាំង បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវី​ដ​១៩ ចំនួន​២​ដង និង​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​រីឯ​ម្នាក់ទៀត​ជា​ស្ត្រី​ជនជាតិ​ឥណ្ឌា មាន​វ័យ​៣៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌា (​ក្រុង​ដេលី​) មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូវី​ដ​-១៩ ចំនួន​២​ដង និង​ត្រូវបាន​អនុញ្ញាឲ្យ​ចេញពី​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ ប្រទេស​កម្ពុជា​បាន​រកឃើញ​អ្នកជំងឺ​កូវី​ដ​-១៩ ចំនួន​២៨៣​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​២៨០​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៣​នាក់​៕

ព័ត៌មានផ្សេងទៀត