ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ស្រកក្រោមចំណុចប្រកាសអាសន្នវិញហើយ

16-10-2020 5:51 pm 664

គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានធ្លាក់ចុះក្រោមចំនុចប្រកាសអាសន្នវិញហើយ ពោលកំពុងតែឈានទៅរកភាពល្អប្រសើរឡើងវិញ បន្ទាប់ពីកម្រិតទឹកស្ទឹងនៃខេត្តនេះ មានការឡើងខ្លាំងលើសចំនុចប្រកាសអាសន្ននាប៉ុន្មានថ្ងៃមុនកន្លងមក។ នេះបើតាមការបញ្ជាក់ពីលោកម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដែលបានថ្លែងប្រាប់វិទ្យុយោនៅថ្ងៃទី១៦ ខែតុលានេះ។ លោក បានគូសបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀង ក៏បានបង្កផលប៉ះពាល់ដល់ស្រុកមួយចំនួនក្នុងខេត្តពោធិ៍សាត់ ជាក់ស្ដែងដូចជាក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង ហើយអាចនឹងចូលដល់ស្រុកក្រវាញ និងស្រុកវាលវែងផងដែរ។ 

សឡេងលោកម៉ៅ ធនិន៖

គួរជម្រាបថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា គ្រោះជំនន់ទឹកភ្លៀងបានបណ្តាលឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ចំនួន៣នាក់បានស្លាប់។ ជាមួយគ្នានេះ ក៏មានខេត្តមួយចំនួនទៀតដូចជា ខេត្តបន្ទាយមានជ័យចំនួន៧នាក់ ខេត្តព្រះសីហនុ២នាក់ ខេត្តប៉ៃលិន១នាក់ ខេត្តកណ្តាល៤នាក់ និងខេត្តកំពង់ធំ១នាក់។ ហើយមូលហេតុនៃការស្លាប់ គឺបណ្តាលមកពីលង់ទឹក និងរអិលជើងធ្លាក់ទឹក។ ពេលនេះមានរាជធានីខេត្តសរុបចំនួន១៩ហើយ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះប្រជាពលរដ្ឋរងគ្រោះមានចំនួន៥៣,១៦៩គ្រួសារ ស្មើប្រមាណ២១២,៦៧៦ នាក់៕ 

ព័ត៌មានផ្សេងទៀត