«​របាំ​ត្រុដិ​» និមិត្តរូប​នៃ​សុភមង្គល​និង​បណ្តេញ​ឧបទ្រពចង្រៃ​

16-10-2020 5:08 pm 137

+.​អត្ថន័យ​នៃ​ពាក្យ​«​ត្រុដិ​»

​ពាក្យ​ថា​«​ត្រុដិ​» ជា​ពាក្យ​ដើម​មក​ពី​ភាសាសំស្ក្រឹត​ប្រែ​ថា «​ផ្តាច់ ឬ​កាត់​ផ្តាច់​»​គឺ​សំដៅ​ដល់​ការផ្តាច់​ឆ្នាំ ឬ​ការ​កាត់ផ្តាច់​ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី ហើយ​ក៏​នៅ​មាន​ជាប់​នាម​ព្រះរាជ​ពិធី​មួយ​ហៅថា «​ត្រស្តិ​សង្ក្រាន្ត​» រហូតមកដល់​សព្វថ្ងៃ​នេះ ។​

+.​ប្រវត្តិ​របាំ​ត្រុដិ​

​យោង​តាម​ព័ត៌មាន​ខ្លះ​បាន​បញ្ជាក់ថា របាំ​ត្រុដិ​បាន​សេសសល់​នៅ​ជាមួយ​មនុស្ស​ជាន់​ដើម គឺ​ពួក​ដែល​រស់នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ​ចាស់​តាំងពី​ដែន​ដី​នេះ​ពុំ​ទាន់​ទទួល​អារ្យធម៌​ពី​ប្រទេស​ឥណ្ឌា​នៅឡើយ គឺ​ត្រកូល​មនុស្ស​មួយ​ពួក​នៅក្នុង​ប្រទេស​យើង ដែល​អ្នកស្រុក​ហៅថា «​សំ​រែ​» ដែល​សព្វថ្ងៃ​ច្រើន​រស់នៅ​ក្នុង​ភូមិភាគ​ខាងជើង​បឹង​ទន្លេសាប​នេះ​ឯង ។​

​កាលពី​ជំនាន់​បុរាណ វង់​របាំ​ត្រុដិ​របស់​ជនជាតិ​សំរែ​នេះ បាននាំគ្នា​ទៅ​លេង​ថ្វាយ​ព្រះរាជា នៅ​រៀង​រាល់​ពេល​បុណ្យចូលឆ្នាំ ដើម្បី​ថ្វាយព្រះពរ​សួស្តី សិរី​មង្គល​។​ហេតុនេះហើយ​បានជា​មាន​ទម្លាប់​លេង​តែ​នៅពេល​ចូល​ឆ្នាំ​រហូត​ដល់​សព្វថ្ងៃ ហើយ​មាន​តែ​នៅក្នុង​ខេត្ត​សៀមរាប​ដែល​ជិត​រាជធានី​ចាស់​ប៉ុណ្ណោះ ។​

+.​ជំនឿ​ប្រជាជន​ខ្មែរ​ចំពោះ​របាំ​ត្រុដិ​

​ជាទូទៅ​គេ​សម្តែង​របាំ​ត្រុដិ​នេះ​ពាសពេញ​ភូមិ​តែ​ម្តង ប្រសិនបើ​ជា​មាន​សត្វព្រៃ​រត់​ចូល​ភូមិ​ស្រុក​របស់​គេ ព្រោះ​គេ​មានជំនឿថា ពេល​ណា​មាន​សត្វព្រៃ​ដូចជា​៖​ឈ្លូស ប្រើ​ស រមាំង ជាដើម រត់​ចូល​ភូមិ​ក្នុង​ករណី​ណាក៏ដោយ ពួកគេ​នឹង​ចាត់ទុកថា នោះ​គឺជា​អព្ភូតហេតុ​អាក្រក់​ឬ​ចង្រៃ ហើយ​ត្រូវ​អញ្ជើញ​ក្រុម​របាំ​ត្រុដិ​មកលេង​ដើម្បី​បណ្តេញ​ភាព​ចង្រៃ​នោះ​ចេញ​។​ប៉ុន្តែ​ប្រសិនបើ​គេ​ចាប់​បាន​ពពួក​សត្វព្រៃ​នោះ​វិញ គឺ​គេ​យក​វា​ទៅ​លាប​ប្រេង​ម្សៅ ហើយ​ធ្វើ​ពិធី​លែងឱ្យ​មាន​សេរីភាព​វិញ ដោយ​បួងសួង​សុំ​សេចក្តីសុខ​សប្បាយ ។​ចំណែក​ប្រជាពលរដ្ឋ​ក្នុងភូមិ ស្រុក គេ​មាន​ជំនឿ​ថា សត្វព្រៃ​ទាំងនោះ​បាន​មក​រំដោះ​គ្រោះ​មហន្តរាយ​ដល់​ពួកគេ ។​

+.​អ្នក​សម្តែង​របាំ​ត្រុដិ​

​សិល្បករ​-​សិល្បការិនី ដែល​សម្តែង​ក្នុង​របាំ​ត្រុដិ​នេះ គឺ​មាន​តួអង្គ​សត្វ​ប្រើស​ដែល​មាន​មនុស្ស​ពាក់​ក្បាល​ប្រើ​ស ហើយ​ធ្វើ​កាយវិការ​រត់​ឆ្លេឆ្លា​ក្នុង​វង់​របាំ​គេចចេញ​ពី​ព្រានព្រៃ​ម្នាក់​ដែល​មាន​កាន់​ស្នា ស្ពាយ​បំពង់​ព្រួញ ដើរ​តម្រង់​និង​តាមរក​ប្រើស​ដែល​ជា​សត្វ​តំណាង​ឱ្យ​គ្រោះ​ចង្រៃ​ដែល​គេ​ត្រូវ​បាញ់សម្លាប់​និង​ផ្តាច់​គ្រោះ​ចេញ​ឱ្យបាន​។​ការធ្វើ​បែប​នោះ​គឺ​មានន័យថា គេ​បាន​បណ្តេញ​គ្រោះ​ឧបទ្រពចង្រៃ​បាន​ហើយ ។ ក្រៅពី​តួស​ត្វ​ប្រើ​ស​និង​តួ​ព្រាន​ព្រៃ ក៏​មាន​តួយក្ស​ពីរ​នាក់ តួ​ស្រី​ព្រាយ​ក្រចក​វែង​ពីរ​នាក់ តួ​សត្វ​ក្ងោក​ពីរ​នាក់ ដែល​ស្លៀកពាក់​តាម​ប្រពៃណី​ខ្មែរ​ធម្មតា និង​មាន​កាន់​កន្ទុយក្ងោក​ពីរ ជា​និមិត្តសញ្ញា​ផងដែរ ។​

​នៅពេលដែល​ពួកគេ​សម្តែង​នៅ​មុខ​ផ្ទះ​អ្នកណា​ម្នាក់​នោះ តួអង្គ​ទាំង ៦​នាក់​ត្រូវ​សម្តែង​នូវ​ក្បាច់​របាំ​ត្រុដិ និង​បង្ហាញ​ពី​គោលបំណង​ជួយ​ដេញ​ស្ទាក់​ប្រើស​ឱ្យ​ចូល​ក្នុង​គន្លង​ព្រាន​ដើម្បី​ជួយ​ព្រាន​ឱ្យ​ដេញ​បាញ់​ប្រើស​បានសម្រេច​។ ក្រៅពីនោះ ក៏​នៅ​មាន​តួ​អ្នក​កាន់​កញ្ឆែ​ចាប់ពី​២​ទៅ​៦​នាក់ ជា​អ្នក​គោះ​បុក ជា​ចង្វាក់​លម្អ​វង់​របាំ និង​តំណាង​ឱ្យ​ព្រៃព្រឹក្សា អារក្ស អ្នកតា ទេវតា ដែល​ជួយ​ជ្រោមជ្រែង​ជួយ​ព័ទ្ធ​ខ្ទប់​ស្ទាក់​ប្រើស​ឱ្យ​ព្រានព្រៃ​បាញ់​ដូចគ្នា ។ 

ទន្ទឹមនឹងនោះ របាំ​ត្រុដិ​ក៏​មាន​ក្រុម​តន្ត្រីករ អ្នក​កាន់​ស្គរ ទ្រ​សោ ទ្រ​អ៊ូ ប៉ី និង​អ្នក​ច្រៀង​មួយចំនួនទៀត ។ ចំណែក​អាចារ្យ​ដែល​ស្លៀកពាក់​ស​បាំងឆត្រ​ម្នាក់ ក៏​មាន​ភារកិច្ច​ដើរ​តាម​វង់​របាំ និង​ត្រួតពិនិត្យ​មើល​បច្ច័យ​ដែល​រៃអង្គាស​បាន​ដើម្បី​ឱ្យ​ប្រាកដថា ប្រាក់​ដែល​ទទួលបាន​ទាំងអស់​នោះ​មិន​ត្រូវ​យក​ទៅ​ចាយ​ផ្តេសផ្តាស​ទេ គឺ​យក​ទៅ​សម្រាប់​ជា​កុសល​ក្នុង​វត្ត​អារាម​ប៉ុណ្ណោះ​។​

​ពេល​ដែល​សម្តែង​ចប់​ម្តងៗ ក្រុម​របាំ​ត្រូវ​ច្រៀង​ជម្រាបលា​ម្ចាស់ផ្ទះ ហើយ​ម្ចាស់ផ្ទះ​ក៏​បាន​យក​ទឹក​មក​ប្រោះព្រំ​ជូនពរ​ដល់​ក្រុម​របាំ​ទាំងអស់​នោះ​វិញ​ដែរ ។​ប៉ុន្តែ​បើ​យើង​មិន​ធ្វើ​តាម​របៀប​នេះ​ទេ​គឺជា​ប្រការ​ខុសឆ្គង​មួយ​ដែរ ដែល​គេ​មានជំនឿថា ក្នុង​ឆ្នាំ​ខាង​មុខ​អ្នក​នោះ​នឹង​មិន​ទទួលបាន​សិរី​សួស្តី​ឡើយ ។ ចំពោះ​វត្តមាន​របស់​តួអង្គ​នៃ​របាំ​ត្រុដិ មាន​ការបែងចែក​នូវ​សភាវៈ​ល្អ និង​សភាវៈ​អាក្រក់ និង​បង្ហាញ​នូវ​លក្ខណៈ​ពិសេស​នៃ​របាំ​ត្រុដិ ។ 

+.​អត្ថន័យ​នៃ​របាំ​ត្រុដិ​

​របាំ​ត្រុដិ​នេះ គឺ​មាន​អត្ថន័យ​ថា ជា​របាំ​ផ្តល់នូវ​ផលប្រយោជន៍ សុភមង្គល​ដល់​មនុស្ស​គ្រប់រូប និង​បណ្តេញ​ឧបទ្រព​ចង្រៃ​ចេញពីផ្ទះ ពី​ភូមិ​ស្រុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ផងដែរ ។​ម្យ៉ាងទៀត លក្ខណៈ​ពិសិដ្ឋ​បំផុត​របស់​របាំ​ត្រុដិ​គឺ​ជំនឿ​លើ​បុព្វការី​ជន ក្រោមរូបភាព​សត្វ​ប្រើស ឬ​ក្ងោក​ដែល​ឆ្លុះបញ្ចាំង​នូវ​ការឯកភាព​ផ្នែក​ជំនឿ​សាសនា​។​

+.​ប្រដាប់ប្រដារ​និង​គ្រឿង​ភ្លេង​ប្រើប្រាស់​នៅក្នុង​របាំ​ត្រុដិ​

​តាម​ធម្មតា​វង់​របាំ​ត្រុដិ​មាន​ក្រុម​តូច ក្រុម​ធំ​យោង​ទៅតាម​ការនិយមរ​បស់​អ្នកស្រុក និង​និយម​តាម​ចំនួន​មនុស្ស​ដែល​ស្ម័គ្រចិត្ត​ចូល​លេង​។​ឯ​ប្រដាប់ប្រដារ​ទៀត​សោត​ក៏​និយម​ទៅតាម​នោះដែរ​។​

+.​គ្រឿង​ភ្លេង​

​ចំពោះ​គ្រឿង​ភ្លេង​រួមមាន​ដូចជា​៖

-​កញ្ចា​រ : ដង​ធ្វើ​ពី​ពីងពង់​ប្រវែង​២ ម៉ែត្រ មាន​បន្ទះ​រនាប​តូចឆ្មារ​ភ្ជាប់​នៅ​ចុង ហើយ​ខ្វែងគ្នា​ព​ត់ង​ទន្ទាំ​មាន​សណ្ឋាន​ដូច​ស្នែង​៤​។ នៅ​ចុង​បន្ទះ​រនាប​មាន​ចង​ខ្សែ​ខ្វែង​ពី​ចុង​មួយ​ទៅ​ចុង​មួយ ហើយ​ត្រង់​កណ្តាល​ខ្សែ​ខ្វែង​នេះ​មាន​បណ្តោយ​ផ្លែ​អង្គញ់​ដែល​ចោះ​យក​គ្រាប់​ចេញ​អស់ ហើយ​ដាក់​គ្រាប់​ក្រួស ឬ​កម្ទេច​ដែក​ទៅ​ក្នុង​នោះ​ដើម្បី​ឲ្យ​ឮសូរ កាលណា​គេ​បុក​ដង​វា​នឹង​ដី​តាម​ចង្វាក់​ស្គរ 

-​ចង្ក្រង់​ដំបែ : ចង្ក្រង់​ចង​បន្តោង​នឹង​ខ្សែទាម​គោ ហើយ​ចងភ្ជាប់​នឹង​ដង​ឫស្សី​ដែរ ។​កាលណា​គេ​បុក​នឹង​ដី​ក៏មាន​សូរ​ប្រាវៗ តាម​ចង្វាក់ 

-​ចង្ក្រង់​រ៉ូង : ចង្ក្រង់​នេះ​ចង​ព្យួរ​នឹង​ចង្កេះ​មនុស្ស​តែ​ម្តង ដោយ​ចង​គួប​គ្នា​ជា​ចង្កោមៗ​

-​ស្គរ : ស្គរ​អារក្ស គឺ​ស្គរ​ដែល​ធ្វើ​ពី​ដី​ដុត​ពាស​ស្បែក​ថ្លាន់​

-​ប៉ី​ពក : មានតែ​១​ប៉ុណ្ណោះ​

-​ទ្រ​អ៊ូ ឬ​ទ្រសោ : ត្រូវ​មាន​ទាំង​ពីរ​

- សន្ទូច : ដង​ពីងពង់​វែង​មាន​សណ្ឋាន ដូច​សន្ទូច​ចង​ចុង​ដូច​ចន្ទោល​រទេះ ដោយ​មាន​ព្យួរ​ថង់មួយ​នៅ​ចុង​សម្រាប់​ទទួល​វត្ថុ​ជា​ទាន​

+.​គ្រឿង​តែង​

​ចំពោះ​គ្រឿង​តែង​វិញ​រួមមាន​ដូចជា​៖

-​មុខ​ត្លុក : ធ្វើ​ពី​ឆ្អឹង​ឫស្សី​ពាស​ក្រដាស ឬ​ស្មាច់ ឬ​ខ្មុក​

-​មកុដ : គេ​ធ្វើ​ពី​ក្រដាស​លាប​កាវ និង​បិទ ឲ្យ​ក្រាស់​តម្រួត​គ្នា​ទៅ​ជា​រឹង គឺ​ស្មាច់ ឬ​ខ្មុក ហើយ​ផាត់​ពណ៌​

-​ស្នែង​ប្រើស : គេ​យក​ផ្តៅ​មក​ព័ទ្ធ​ធ្វើ​ឆ្អឹង ហើយ​យក​ក្រដាស​បិទ​ពី​ក្រៅ​ឲ្យ​ក្រាស់​ព័ទ្ធ​ឲ្យមាន​រាង​ដូច​ស្នែង ឬ​ជួនកាល​គេ​យក​ស្នែង​ប្រើស​មែនទែន​មក​ស៊ក​ភ្ជាប់​នឹង​ផ្តៅ​ពាក់​ឲ្យ​ជាប់​នឹង​ក្បាលមនុស្ស​ក៏មាន​

-​ស្នែង​ទន្សោង : ស្នែងទន្សោង​គេ​ធ្វើ​ប្រហែល​គ្នា​នឹង​ស្នែង​ប្រើស​ដែរ គឺ​ជួនកាល​គេ​យក​ស្នែង​មែនទែន​មក​ធ្វើ ជួន​គេ​ស្មាច់​ក្រដាស​ឲ្យ​ក្រាស់ 

-​កន្ទុយ​ក្ងោក : គេ​យក​កន្ទុយក្ងោក​មែនទែន​មកកាន់ ហើយ​កាច់​កែ​ឲ្យមាន​សណ្ឋាន​ដូចស​ត្វ​ក្ងោក​មែនទែន​

-​ក្រចក : គេ​យក​ផ្តៅ​ប្រវែង​០,២០​ម៉ែត្រ ទៅ​បិត​ចុង​ឲ្យ​ស្រួច រោល​ភ្លើង​ពត់​ឲ្យ​ង ហើយ​យក​អំបោះ​ចង​គល់​ភ្ជាប់​នឹង​ម្រាម​៤ ឯ​មេដៃ​មិន​ពាក់​ទេ​៕(​ដោយ​៖​ថា ចាន់​ធី​)

 ពាក្យគន្លឹះ  របាំត្រុដិ

ព័ត៌មានផ្សេងទៀត