ទោះ​រដ្ឋាភិបាល​​ហាមឃាត់​ ​ក្រុមបាតុករ​ថៃ​​នៅតែ​ទទូច​​តវ៉ា​​ចង់បាន​សេរីភាព​

16-10-2020 4:54 pm 230

​ចលនា​តវ៉ា​នៅ​ក្នុងប្រទេស​ថៃ​ដែល​ចាប់ផ្ដើម​តាំងពី​ពាក់កណ្ដាល​ខែកក្កដា ត្រូវបាន​កងកម្លាំង​ប៉ូលិស​ចុះ​អន្ដរាគមន៍​បំបែក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស្ថិតក្រោម​បទបញ្ជា​បន្ទាន់​មួយ​។ ដំបូង​ឡើយ​ការតវ៉ា​ធ្វើឡើង​ដោយ​សន្ដិភាព  ហើយក៏​ពុំមាន​ការឆ្លើយតប​ណាមួយ​តាម​តម្រូវការ​របស់​ពួកគេ​ដែរ​។ ប៉ុន្ដែ​បាតុកម្ម​ដោយ​សន្ដិភាព​បាន​ប្រែប្រួល​ខុស​ប្រក្រតី នៅពេល​មាន​ក្បួន​រថយន្ដ​ព្រះមហាក្សត្រ​និង​មហាក្សត្រី​យាង​ចូល​ព្រះបរមរាជវាំង​ក្នុង​ទីក្រុង​បាងកក​វិញ ក្រោយ​ត្រឡប់​មកពី​អឺរ៉ុប​។ ក្រុម​តវ៉ា​កំពុង​ទាមទារ​ឲ្យមាន​ការផ្លាស់ប្ដូរ​មួយចំនួ​ន​ចំពោះសែ​រាជវង្ស​ផង បានបង្ហាញ​ឥរិយាបថ​មិនសូវ​ជា​សមរម្យ​ចំពោះ​ក្បួន​រថយន្ដ​ព្រះមហាក្សត្រ រួច​ក៏ត្រូវ​កងកម្លាំង​សម្រួល​សណ្ដាប់ធ្នាប់​រារាំង​ពួកគេ​កុំឲ្យ​រំខាន​ក្បួន​។ 

​ក្រោយ​មាន​ករណីនេះ​កើតឡើង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​រដ្ឋាភិបាល​ថៃ​ក៏​បានចេញ​បទបញ្ជា​បន្ទាន់​មួយ​តែម្ដង ឲ្យ​កងកម្លាំង​ប៉ូលិស​ប្រឆាំង​កុបកម្ម ចុះទៅ​បំបែក​ក្រុមបាតុករ​ដែល​ប្រមូលផ្ដុំ​នៅ​ខាងក្រៅ​ការិយាល័យ​នាយករដ្ឋមន្ដ្រី ដោយបាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​រួមទាំង​មេដឹកនាំ​ក្រុម​តវ៉ា​ផងដែរ​។ ប្រតិកម្ម​ក៏​ចាប់ផ្ដើម​ផ្ទុះឡើង​ពី​សំណាក់​ក្រុម​តវ៉ា ដោយ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន និង​ចាត់ទុក​អ្វីដែល​ប៉ូលិស​បាន​ធ្វើជា​រឿង​មិន​សមរម្យ ខណៈ​អ្នកនយោបាយ​បក្សប្រឆាំង​ចាត់ទុក​ហេតុការណ៍​នៅពេលនេះ ជាការ​រុញច្រាន​ឲ្យ​ប្រទេស​ថៃ​ធ្លាក់​ទៅរក​ចំណុច​បែកបាក់​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មាន​មនុស្ស​ចូលរួម​ការតវ៉ា​ប្រមាណ​ជា​១​ម៉ឺន​នាក់ ហើយ​ពួកគេ​បាន​បំបែក​គ្នា​នៅ​ម៉ោង​ប្រមាណ​១០​យប់​។ អ្នកខ្លះ​បានប្រកាសថា​ការប្រមូលផ្ដុំ​នឹង​នៅតែ​បន្ដធ្វើ ទោះបី​ត្រូវ​រដ្ឋាភិបាល​ហាមឃាត់​ក៏ដោយ ព្រោះ​ពួកគេ​ចង់បាន​សិទ្ធិសេរីភាព​។ ពួកគេ​មិន​ខ្លាច​ឡើយ​មិន​ថា​ជា​វិធានការ​បន្ទាន់​ឬ​មិន​បន្ទាន់ ដោយសារតែ​ពួកគេ​គ្មាន​សេរីភាព ដូច្នេះ​ត្រូវ​រំដោះប្រទេស​ពី​ស្ថានភាព​ដ៏​អាក្រក់​នេះ​។​

​ប៉ុន្ដែ​សម្រាប់​រដ្ឋាភិបាល​ចាត់ទុក​ទង្វើ​របស់​ក្រុមបាតុករ ជា​ការបង្ក​ហានិភ័យ​ដល់​សន្ដិសុខ​ជាតិ ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​បង្ក​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ វា​ស័ក្ដិសម​នឹង​ចាត់វិធានការ​បន្ទាន់​ដើម្បី​បញ្ចប់​ការតវ៉ា​រយៈពេល​បី​ខែ​នេះ​។ ប៉ូលិស​បាន​និយាយថា​នឹង​ចាប់ខ្លួន​ក្រុម​តវ៉ា​ដែល​រឹងទទឹង ខណៈ​ព្រះបរមរាជវាំង​មិនបាន​បកស្រាយ​អ្វី​ឆ្លើយតប​នឹង​ការតវ៉ា​ឬ​ការទាមទារ​របស់​ពួកគេ​ឡើយ​។​

គួរ​ជម្រាបជូន​ថា ចលនា​តវ៉ា​ដែល​ដឹកនាំ​ដោយ​យុវជន​ក្មេងៗ​នេះ មាន​គោលបំណង​ចង់​ទម្លាក់​លោក​នាយករដ្ឋមន្ដ្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​ចេញពី​តំណែង​។ ក្រុមបាតុករ​ចាត់ទុក​ការបោះឆ្នោត​កាលពី​ឆ្នាំមុន គ្រាន់​ជា​ឈុត​ឆាក​មួយ​រៀបចំឡើង​រក្សា​អំណាច​លោក​ប្រា​យុទ្ធ​ប៉ុណ្ណោះ ទោះបី​លោក​ប្រា​យុទ្ធ​អះអាង​ជា​ការបោះឆ្នោត​ដ៏​ត្រឹមត្រូវ​។ ក្រុមបាតុករ​ក៏​ទាមទារ​ឲ្យមាន​ការធ្វើ​វិសោធនកម្មរ​ដ្ឋ​ធម្មនុញ្ញ និង​ចង់ឲ្យមាន​ការផ្លាស់ប្ដូ​របទប​ញ្ជា​មួយចំនួន ដូចជា​ការអនុញ្ញាតឲ្យ​ព្រះមហាក្សត្រ​គ្រប់គ្រង​លើ​ទ្រព្យសម្បត្ដិ​នៅ​រាជវាំង និង​គ្រប់គ្រង​លើ​អង្គភាព​កងទ័ព​មួយចំនួន និង​ចង់ឲ្យ​ព្រះមហាក្សត្រ​មាន​ព្រះរាជកិច្ច​ច្បាស់លាស់​ស្ថិតក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ​៕​(ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  ថៃការតវ៉ា

ព័ត៌មានផ្សេងទៀត