លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី១៦ ខែតុលានេះ បានផ្ញើលិខិតថ្លែងអំណរគុណជូនលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងភរិយា ដែលបានបរិច្ចាគ ថវិកាចំនួន៥០០០ដុល្លារ សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ខ្ញុំតែងតែមានមោទនភាពយ៉ាងជ្រាលជ្រៅដោយសារគុណធម៌ដ៏ថ្លៃថ្លា របស់ជនរួមជាតិយើងដែលជានិច្ចកាលតែងតែបង្ហាញនូវសប្បុរសធម៌ និងសាមគ្គីធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន»។ «ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះជំនួយជាថវិកាចំនួន៥០០០ដុល្លារ ដែលឯកឧត្តម និងលោកជំទាវ បានផ្តល់ជាកិច្ចជួយសម្រាល់ដល់ការដោះស្រាយផលវិបាកដោយសារទឹកជំនន់ ដែលកើតចេញពីគ្រោះធម្មជាតិក្នុងពេលបច្ចុប្បន្ន»៕