ចិន​ព្រមាន​កាណាដា​ដែល​ផ្តល់​ជម្រក​ឲ្យ​អ្នក​តវ៉ា​ហុងកុង​

16-10-2020 4:11 pm 492

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​កាណាដា​លោក​Cong Peiwu នៅ​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០២០ បាន​ទទូច​ដល់​ភាគី​កាណាដា​កុំ​ផ្តល់នូវ​សិទ្ធិ​ជ្រកកោន​នយោបាយ ដល់​ពលរដ្ឋ​ហុងកុង​ដែល​លោក​ហៅថា ជា​ឧក្រិដ្ឋជន​ហិង្សា ព្រោះ​វា​ជា​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ក្នុងស្រុក​របស់​ចិន​។ លោក​Cong​និយាយ​នៅក្នុង​សន្និសីទ​មួយ​ថា «​ការធ្វើ​បែបនេះ នឹង​ធ្វើឲ្យ​ឧក្រិដ្ឋជន​ឃោរឃៅ​ទាំងនោះ រស់នៅ​ដោយ​ស្រណុក​សុខ​ស្រួល​»​។ «​ដូច្នេះ​ប្រសិនបើ​ភាគី​កាណាដា ពិតជា​យកចិត្តទុកដាក់ អំពី ស្ថេរភាព​និង​វិបុលភាព​នៅ​ហុងកុង ហើយ​ពិតជា​យកចិត្តទុកដាក់ ចំពោះ​សុខភាព​និង​សុវត្ថិភាព​របស់​ពលរដ្ឋ​កាណាដា​ចំនួន ៣០០,០០០ នាក់ ដែល​កំពុង​រស់នៅ​ហុងកុង និង​ក្រុមហ៊ុន​កាណាដា​មួយចំនួនធំ ដែល​កំពុង​ប្រតិបត្តិការ​នៅ​ហុងកុង​នោះ កាណាដា​គួរតែ​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ហិង្សា​»​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កាណាដា​លោក Francois-Philippe Champagne បាន​ហៅ​ការព្រមាន​របស់​ឯកអគ្គ​រដ្ឋទូត​ចិន គឺជា​រឿង​មិនអាច​ទទួលយកបាន និង​ធ្វើឲ្យមាន​ភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសទាំងពីរ​។ កាណាដា​ឈរលើ​គោល​ការគោរព​និង​ការពារ​សិទ្ធិមនុស្ស រួមទាំង​សិទ្ធិ​របស់​ពលរដ្ឋ​កាណាដា​នៅ​ជុំវិញ​ពិភពលោក​។​

​ចិន​និង​កាណាដា​មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ប្រមាណ​ជ​៥០​ឆ្នាំ ប៉ុន្តែ​ទំនាក់ទំនង​បាន​ប្រែប្រួល​ទៅជា​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ ចាប់តាំងពី​កាណាដា បាន​ចាប់ខ្លួន​អ្នកស្រី​Meng Wanzhou​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​ចិន Huawei តាម​ការស្នើ​របស់​អាមេរិក​កាលពី​ឆ្នាំ​២០១៨​។ សម្ព័ន្ធភាព​រវាង​ចិន​និង​កា​ណា​ពេលនេះ​បន្ត​កាន់តែ​អាក្រក់ នៅពេលដែល​កាណាដា​គាំទ្រ ផ្តល់​កន្លែង​ជ្រកកោន ដល់​អ្នក​តវ៉ា​ហុងកុង ខណៈ​ថ្មីៗ​នេះ​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau បាន​ចេញមក​បរិហារ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពី​ការបង្ក្រាប​នៅ​ហុងកុង និង​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​នៅ​ស៊ីន​ជាំ​ង​។​

​គួរ​កត់សំគាល់ថា អ្នកស្រុក​ហុងកុង​ជាច្រើន​នាក់ ជាពិសេស​សកម្មជន ឬ​អ្នក​ដែល​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការតវ៉ា​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង កាល​ពេលកន្លងមក បាននាំគ្នា​ភៀសខ្លួន​ទៅ​ប្រទេស​នានា ដើម្បី​គេច​ពី​ការបង្ក្រាប​របស់​ចិន ក្រោយ​ចិន​ចងក្រង​និង​អនុម័ត​ដាក់ឲ្យ​ប្រើប្រាស់​ច្បាប់​សន្តិសុខ​ថ្មី​នៅ​ហុងកុង​ជា​ផ្លូវការ កាលពី​ខែមិថុនា​ឆ្នាំ​២០២០៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  កាណាដាចិនហុងកុង

ព័ត៌មានផ្សេងទៀត