រដ្ឋាភិបាល​ថៃ​​ចេញ​បញ្ជា​​ឲ្យ​បង្ក្រា​ប​បាតុកម្ម​​ដែល​អូសបន្លាយ​​ពេល​បី​ខែ​

15-10-2020 5:37 pm 954

​​រដ្ឋាភិបាល​ថៃ​បាន​បញ្ជា​ឲ្យ​ក្រុមប៉ូលិស​ប្រឆាំង​កុប្បកម្ម ចុះបង្ក្រាប​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល  ដែល​ឈានដល់​ការចាប់ខ្លួន​មេដឹកនាំ​ក្រុមបាតុករ​យ៉ាងហោចណាស់​០៣​នាក់​ផងដែរ​នៅ​ព្រឹក​ថ្ងៃទី​១៥​តុលា​នេះ​។ ក្រុមបាតុករ​មានមុខ​ព្រួញ​តម្រង់​លើ​មហាក្សត្រ​ថៃ​ព្រះបាទ​ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន ក៏ដូចជា​លោក​នាយករដ្ឋមន្ដ្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​។ តែត្រឹម​៣០​នាទី​ក្រោយ​ចេញ​បទបញ្ជា​បន្ទាន់ ប៉ូលិស​ប្រឆាំង​កុប្បកម្ម​បាន​បំបែក​ក្រុម​តវ៉ា​ទាំងនោះ ខណៈ​ពួកគេ​បាន​បោះជំរំ​នៅ​ខាងក្រៅ​ការិយាល័យ​លោក​នាយករដ្ឋមន្ដ្រី​។ 

​មនុស្ស​ជាង​២០​នាក់​ត្រូវ​ចាប់ខ្លួន​ដោយសារ​មិន​ព្រម​សហការ​ជាមួយ​អាជ្ញាធរ ដែល​ចុះ​បំបែក​ការប្រមូលផ្ដុំ​នៅ​ខាងក្រៅ​ការិយាល័យ​នាយករដ្ឋមន្ដ្រី​។ ក្នុងនោះ​មាន​ពីរ​នាក់ រិះគន់​ធ្ងន់ៗ​ទៅលើ​សែ​រាជវង្ស ហើយ​ក្រោយមក​បាន​ចាប់ខ្លួន​ម្នាក់ទៀត​។ ប៉ូលិស​បាន​បន្ថែមថា​នឹង​សហការ​ជាមួយ​កងទ័ព​បញ្ចប់​ការប្រមូលផ្ដុំ​រយៈពេល​បី​ខែ​មកនេះ​ស្ថិតក្រោម​វិធានការ​បន្ទាន់​។ អ្នកនាំពាក្យ​ប៉ូលិស​ថៃ​សង្កត់ធ្ងន់​ដែរថា ត្រូវតែ​បញ្ចប់​ការតវ៉ា បញ្ចប់​ចលនា​របស់​ប្រជាជន​ទាំងនោះ ប្រសិនបើ​ពួកគេ​នៅតែ​បំពាន​នឹង​ត្រូវយក​ច្បាប់​មក​អនុវត្ដ​។ 

​ប៉ុន្ដែ​មេដឹកនាំ​ចលនា​តវ៉ា​ម្នាក់​បាន​និយាយថា ស្ថានភាព​នា​ពេលបច្ចុប្បន្ន គឺ​ដូច​ទៅនឹង​រដ្ឋប្រហារ​អ៊ីចឹង​ដែរ​។ ចំណែក​អ្នកនយោបាយ​គណបក្សប្រឆាំង​វិញ ចាត់ទុក​អ្វីដែល​បានធ្វើ​នៅពេលនេះ​គឺជា​ការ​រុញច្រាន​ឲ្យ​ប្រទេស​ថៃ​ធ្លាក់​ក្នុង​ចំណុច​បែកបាក់​។ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​ដោះលែង​ក្រុម​តវ៉ា ហើយ​បញ្ចប់​បទបញ្ជា​ក្នុង​គ្រាអាសន្ន​នេះ​។​

​គួរ​ជម្រាបជូន​ថា ក្រុម​តវ៉ា​បានចាប់ផ្ដើម​ធ្វើ​សកម្មភាព​អស់​រយៈពេល​៣​ខែ​មកហើយ ប៉ុន្ដែ​ជា​ការតវ៉ា​ដោយ​សន្ដិភាព​។ ក្នុងនោះ​ការ​ដង្ហែ​ក្បួន​មាន​មនុស្ស​រាប់ពាន់នាក់​កាលពី​ថ្ងៃ​ពុធ ក៏​ធ្វើឡើង​ដោយ​សន្ដិភាព​ដែរ​។ យ៉ាងណាមិញ​នៅក្នុង​ឧប្បត្ដិហេតុ​មួយ​ប៉ូលិស​បាន​រុញច្រាន​ក្រុមអ្នកតវ៉ា ឲ្យចេញ​ឆ្ងាយ​ពី​ក្បួន​ដែល​ដឹក​មហាក្សត្រី​សុធី​តា​កុំឲ្យ​ពួកគេ​រំខាន​ក្បួន​។ ករណីនេះ​ត្រូវបាន​ប្រើ​ជា​ហេតុផល​សម្រាប់​វិធានការ​បន្ទាន់ ដែល​ក្នុងនោះ​មានការ​ហា​រម​ឃាត់​ការប្រមូលផ្ដុំ​មិន​ឲ្យមាន​មនុស្ស​លើសពី​០៥​នាក់​ផងដែរ​។ ការបោះពុម្ព​ឬ​បង្ហោះ​ព័ត៌មាន​អន​ឡាញ​ដែលមាន​អត្ថន័យ​បង្កើត​ភាពភ័យខ្លាច ឬ​ជះឥទ្ធិពល​ដល់​សន្ដិសុខ​ជាតិ ក៏​ត្រូវបាន​ហាមឃាត់​។​

​រដ្ឋាភិបាល​ថៃ​បានបញ្ជាក់​នៅក្នុង​បទបញ្ជា​ថា វា​ពិតជា​សំខាន់​ណាស់​ដែល​ត្រូវ​ចាត់វិធានការ​បន្ទាន់ បញ្ចប់​ស្ថានការណ៍​មិនល្អ​ឲ្យមាន​ប្រសិទ្ធភាព ហើយ​ត្រូវ​រក្សា​សន្ដិភាព​និង​សណ្ដា​ប់​។ ហេតុផល​ផ្សេងទៀត​ដែល​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បញ្ចប់​ការតវ៉ា គឺ​ការតវ៉ា​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច ហើយ​បង្ក​ហានិភ័យ​នៃ​ការឆ្លង​រាតត្បាត​វីរុស​កូរ៉ូណា​។ 

​គួរ​រម្លឹក​ឡើងវិញ​ថា ចលនា​តវ៉ា​មាន​គោលបំណង​ទម្លាក់​លោក​នាយករដ្ឋមន្ដ្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​ចេញពី​តំណែង ដោយ​ក្រុមបាតុករ​ចាត់ទុក​ការបោះឆ្នោត​ធ្វើឡើង​កាលពី​ឆ្នាំមុន​គឺ​ដើម្បី​រក្សា​អំណាច​ប៉ុណ្ណោះ តែ​លោក​ប្រា​យុទ្ធ​ថា​ការបោះឆ្នោត​រៀបចំឡើង​ត្រឹមត្រូវ​។ ការតវ៉ា​នៅលើ​ដងផ្លូវ​អស់​រយៈពេល​បី​ខែ​មកហើយ​នោះ ក៏​ចង់បាន​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ថ្មី ហើយ​អំពាវនាវ​ឲ្យ​កាត់​បន្ថយអំណាច​ព្រះមហាក្សត្រ​។ ក្រុម​តវ៉ា​ចង់ឲ្យ​ព្រះមហាក្សត្រ​មាន​ព្រះរាជកិច្ច​ច្បាស់លាស់​ស្ថិតក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ ហើយ​ពួកគេ​ចង់ឲ្យមាន​ការផ្លាស់ប្ដូ​របទប​ញ្ជា ដែល​អនុញ្ញាតឲ្យ​ព្រះមហាក្សត្រ​គ្រប់គ្រង​លើ​ទ្រព្យសម្បត្ដិ​នៅ​រាជវាំង និង​គ្រប់គ្រង​លើ​អង្គភាព​កងទ័ព​មួយចំនួន​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  ថៃការតវ៉ា

ព័ត៌មានផ្សេងទៀត