មន្ត្រី​សិទ្ធិមនុស្ស​UN​ជំរុញ​ឲ្យ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រទេស​កូរ៉េខាងជើង​

15-10-2020 5:29 pm 336

​លោក Tomas Ojea Quintana អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កូរ៉េខាងជើង និយាយ​នៅក្នុង​សេចក្តីព្រាង​របាយការណ៍ នៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២០​ថា វិធានការ​ដ៏​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​កូវី​ដ​១៩ ក្នុង​គោលបំណង​ការពារ​អាយុជីវិត​និង​សុខភាព​របស់​ប្រជាជន​កូរ៉េខាងជើង បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការធ្វើ​ពាណិជ្ជកម្ម​។ ការធ្លាក់ចុះ​នូវ​ច​រន្តដោះដូរ​ពាណិជ្ជកម្ម បាន​គំរាមកំហែង​ដល់​ការផ្គត់ផ្គង់​ស្បៀងអាហារ​។ ស្ថិតក្រោម​ស្ថានភាព​ដែល​មិន​ធ្លាប់មាន​ពីមុន នៃ​ការ​រាតត្បាត​វីរុស​កូវី​ដ​១៩ អ្នករាយការណ៍​ពិសេស​ជឿជាក់ថា ការទទួលខុសត្រូវ​អន្តរជាតិ ចំពោះ​ការវាយតម្លៃ​ឡើងវិញ នៃ​របប​ដាក់ទណ្ឌកម្ម គឺមាន​ភាព​បន្ទាន់​ជាង​ពេលណាៗ​ទាំងអស់​។ 

ការរួមបញ្ចូល​គ្នា ទាំង​ទណ្ឌកម្មសេដ្ឋកិច្ច គ្រោះមហន្តរាយធម្មជាតិ​ជំនន់​ទឹកភ្លៀង​និង​កូវី​ដ​១៩ បាន​ធ្វើឲ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​កូរ៉េខាងជើង ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សង្គម​និង​ប្រជាជន​កូរ៉េខាងជើង​។ លោក​Tomas Ojea Quintana​ថា ស្ថានភាព​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​របស់​កូរ៉េខាងជើង ក៏​នឹង​កាន់តែ​ធ្ងន់ធ្ងរៗ​ទៅ ដោយសារតែ​ជំងឺ​រាតត្បាត តាមរយៈ​ការបង្កើន​ការឃ្លាំមើល​និង​ការត្រួតពិនិត្យ​ប្រជាជន និង​ការកាត់បន្ថយ​ការទាក់ទង​ជាមួយ​ពិភពលោក​ទាំងមូល​។​

​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​ក្នុងប្រទេស​កូរ៉េខាងជើង​រូបនេះ អំពាវនាវ​យ៉ាងទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​ពិចារណា​ជាបន្ទាន់ ដើម្បី​លើកលែង​ទណ្ឌកម្ម បើ​មិន​ដូច្នេះ​ទេ ស្ថានភាព​នៅ​ក្នុងប្រទេស​កូរ៉េខាងជើង អាច​នឹង​ធ្លាក់​ក្នុង​សភាព​កាន់តែ​អាក្រក់​ទៅៗ​។ របាយការណ៍​ដែល​ពណ៌នា​ពី​ទុក្ខលំបាក​និង​ការជំរុញឲ្យដ​កទណ្ឌ​កម្ម​កូរ៉េខាងជើង នឹង​ត្រូវបញ្ជូន​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​សប្តាហ៍​ក្រោយនេះ​ផងដែរ​។​

​សេចក្តីព្រាង​របាយការណ៍​នេះ បាន​លាតត្រដាង​ក្រោយ​លោក​គីម ជុង​អ៊ុន ប្រធានាធិបតី​កូរ៉េខាងជើង យំ​យ៉ាង​កម្រ​នៅ​ចំពោះ​មុខមន្ត្រី​និង​កងទ័ព នៅពេលដែល​លោក​សុំទោស​ប្រជាជន ព្រោះ​មិនអាច​លើកកម្ពស់​ការរស់នៅរ​បស់​ពួកគេ ឲ្យ​ប្រសើរឡើង​ដូចដែល​បាន​សន្យា និង​អរគុណ​កងទ័ព​ដែល​តស៊ូ​លះបង់ នៅក្នុង​ការឆ្លើយតប​នឹង​គ្រោះមហន្តរាយធម្មជាតិ និង​ការចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការទប់ស្កាត់​ការឆ្លង​វីរុស​កូវី​ដ​១៩​។ លោក​គីម​បាន​ត្អូញត្អែរ​ផងដែរ ពី​ការលំបាក​ទាំងនេះ រួមជាមួយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែលមាន​ស្រាប់ បាន​ប្រមូល​ផ្តុំគ្នា​ក្លាយជា​ឧបសគ្គ​យ៉ាងធំធេងសម្រាប់​រដ្ឋាភិបាល​។​

ប្រទេស​កូរ៉េខាងជើង​ដែល​មិនបាន​រាយការណ៍ អំពី ករណី​ឆ្លង​វីរុស​កូវី​ដ​១៩​សូម្បីតែ​មួយ​ករណី​នោះ ត្រូវបាន​អង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្ម​ចាប់តាំងពី​ឆ្នាំ​២០០៦​មក ដើម្បី​ប្រឆាំងនឹង​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​។ អង្គការសហប្រជាជាតិ​ដដែល​ធ្លាប់​និយាយថា ប្រជាជន​កូរ៉េខាងជើង​ប្រមាណ​ជា ៤០ ភាគរយ ប្រឈម​នឹង​ការ​កង្វះ​ស្បៀងអាហារ ដែល​អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ដោយសារតែ​ផល​ប៉ះ​ពាល់ពី​គ្រោះទឹកជំនន់​និង​ខ្យល់ព្យុះ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត