បន្ទាប់ពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទាក់ទិននឹងការកំណត់ល្បឿននៅលើមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ហៅកាត់ថា ផ្លូវ៦០ម៉ែត្រ ដោយកំណត់ឲ្យយានយន្តគ្រប់ប្រភេទអាចបើកបរបានត្រឹមតែ៤០គីឡូម៉ែត្រក្នុងមួយម៉ោងចាប់ពីចំណុចភ្ជាប់នឹងផ្លូវលេខ២៧១(ច្រមុះជ្រូកក្បាលថ្នល់) ដល់ផ្លូវជាតិលេខ២ នោះ ថ្មីៗនេះទើបមានការផ្លាស់ប្តូរស្លាកសញ្ញាចរាចរណ៍ជាថ្មីដោយអនុញ្ញាតឲ្យរថយន្តគ្រប់ប្រភេទអាចជិះបានត្រឹមល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោងវិញ។
យ៉ាងណាមិញសូមបញ្ជាក់ថា ការអនុញ្ញាតឲ្យបើកបរល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោងវិញនេះគឺចាប់ពីស្តុបក្រុមហ៊ុន Mercedes រហូតដល់ផ្លូវបំបែកផ្លូវជាតិលេខ២ ត្រង់ចំណុចសង្កាត់ព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយឡែកចាប់ពីស្តុប Mercedes រហូតដល់ផ្លូវលេខ២៧១ ក្នុងទិសដៅចូលរាជធានីភ្នំពេញ គឺអនុញ្ញាតឲ្យបើកបរក្នុងល្បឿន៤០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។
បើទោះជាផ្លូវ៦០ម៉ែត្រ អនុញ្ញាតឲ្យបើកបរក្នុងល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោងក៏ដោយ ក៏សូមប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយកុំវ៉ាជែងល្មើសល្បឿនកំណត់ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចររាចរណ៍៕
ដោយ៖ ម៉ៅ សុភ័ក្ត្រា