គ្រប់គ្រងប្រាក់បានជោគជ័យតាមការ«គិតបែបជ្វីហ្វធ្វើការបែបជប៉ុន»

15-10-2020 11:23 am 281

សៀវភៅ«គិតបែបជ្វីហ្វ ធ្វើការបែបជប៉ុន» និពន្ធឡើងដោយលោក Honda Ken មាន២៨១ទំព័រ និង១២មេរៀនធំៗ សៀវភៅនេះដែរលក់ដាច់ជាង៣លានក្បាលនៅប្រទេសជប៉ុន អ្នកនិពន្ធរូបនេះកើតនៅក្រុងកូបេ គឺជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនជាច្រើនកន្លែង។

កន្លងមកHonda Kenពឹងលើពាក្យណែនាំ ផ្នែកគ្រប់គ្រងដែលជាលក្ខណៈពិសេស ដើម្បីជួយឱ្យមនុស្សជាច្រើនទទួលបានជោគជ័យក្នុងធុរកិច្ចវិនិយោគទុន។លោក គឺជាគ្រូបង្រៀនពីហរិញ្ញវត្ថុ ដ៏មានឥទ្ធិពល បំផុតនៅប្រទេសជប៉ុន ដោយ នៅក្នុងប្រទេសកំណើតរបស់លោក Honda kenបានសរសេរសៀវភៅចំនួន៥៨ ក្បាល ដែលលក់ដាច់បំផុតត្រូវបានបកប្រែជា១៥ភាសាចែកចាយទូទាំងពិភពលោក  ។ 

សៀវភៅ«គិតបែបជ្វីហ្វ ធ្វើការបែបជប៉ុន»បានសរសេររៀបរាប់យ៉ាងច្រើនពីបទពិសោធ៍ពិតរបស់អ្នកនិពន្ធមុនទទួលបានជោគជ័យនិងស្គាល់ពីរបៀបនៃការរគ្រប់គ្រងប្រាក់របស់ជនជាតិជ្វីហ្វ ការគិតចំពោះប្រាក់ ការចាយវាយទើបក្លាយជាជនជាតិដែលការរីកចំរើន និងត្រូវបានគេទទួលស្គាល់ពីភាពឆ្លាតវៃ ។តាមរយៈសៀវភៅមួយក្បាលនេះ នឹងធ្វើឱ្យអ្នកមើលឃើញពីហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក អ្នកនឹងយល់ព្រមទាំងចាប់ផ្តើម ពិចារណាឡើងវិញនូវអាកប្បកិរិយាផ្ទាល់ខ្លួនរបស់អ្នក ។ 

លោក Honda Ken មានឱកាសបានជួបជាមួយនិងមហាសេដ្ឋីជនជាតិជ្វីហ្វមួយរូបនៅអាមេរិច។ បុរសម្នាក់នោះបានបង្រៀនវិធិគិតដែលជនជាតិជ្វីហ្វបានបង្រៀនគ្នាបន្តពីមួយជំនាន់ទៅមួយជំនាន់ដើម្បីឱ្យមានគំនិតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដូច្នេះហើយទើប លោកHonda Kenបានយកគំនិតនេះ ទៅច្នៃប្រើនៅជប៉ុនរហូតដល់អាចផ្លាស់ប្តូរជីវិត ហើយក្លាយជាម្ចាស់ធុរកិច្ចដែលមានបាន និងមានសេចក្ដីសុខ។ 

លោក Honda ken បានរៀបរាប់នៅក្នុងសៀវភៅនេះថា បុរស និងស្ត្រីជាច្រើនប្រាថ្នាធ្វើធុរកិច្ចផ្ទាល់ខ្លួនដោយលើកហេតុផល» ត្រូវបង្ខំអោយធ្វើការងារដែលគួរអោយធុញទ្រាន់ ប៉ុន្តែមនុស្សប្រភេទនេះនឹងជួបភាពបរាជ័យនៅពេលដែលមានធុរកិច្ចផ្ទាល់ខ្លួន។លោកបន្តថា នៅក្នុងលោកយើងនេះ គ្មានការងារណាដែលគួរអោយធុញទេ ហើយក៏គ្មានមនុស្សដែលគួរអោយធុញដែរ តាមពិតទៅវាមានតែអ្នកធ្វើការដោយវិធីគួរអោយធុញទ្រាន់តែប៉ុណ្ណោះ។បុគ្គលដែលអាចក្លាយជាសេដ្ឋីក្រោយពីបំបែកខ្លួនទៅធ្វើធុរកិច្ចរបស់ខ្លួនឯងហើយ ពួកគេក៏នៅតែធ្វើការងារធ្ងន់ជានិច្ចដែរ ដោយធ្វើការហួសពីការរំពឹងរបស់អតិថិជន រហូតធ្វើអោយអតិថិជនមានការចម្លែកក្នុងចិត្ត នេះហើយដែលធ្វើអោយបុគ្គលទាំងនេះទទួលបានជោគជ័យ។

លោកHonda Kenបានបន្ថែមថា ប្រសិនបើយើងនិយាយទៅកាន់អ្នកដទៃថា អ្នកកំពុងយកជីវិតមកប្តូរដើម្បីបានប្រាក់  ពួកគេនឹងខឹងយ៉ាងខ្លាំង ប៉ុន្តែតាមពិតទៅពួកគេរាល់ថ្ងៃកំពុងព្រមអោយអ្នកដទៃជួលជីវិតរបស់ពួកគេ ហើយយកថាមលរបស់គេទៅកសាងក្តីសុបិន្តដោយលក់កម្លាំងនិងយកជីវិតមកប្តូរ។

ដោយលោកបញ្ជាក់ត្រង់ចំណុចនេះថា ពេលធ្វើការងារដែលខ្លួនមិនចូលចិត្ត គឺដូចជាយកថាមពលជីវិតទៅប្តូរជាមួយប្រាក់ ហើយដរាបណាដែលនៅតែអ្នកពុំអាចនាំខ្លួនចេញពីរង្វង់នេះទេ ក៏ពិបាកក្លាយជាសេដ្ឋីដែរ។មនុស្សដែលមានចិត្តមិនរ៉ឺងប៉ឺង នឹងមើលថា គ្រប់យ៉ាងបានដោយការយកថាមពលជីវិតទៅប្តូរជាមួយប្រាក់ព្រោះសម្រាប់ពួកគេ ប្រាក់គឺជាជីវិតនោះឯង។ហើយប្រយោគលើកទឹកចិត្តមួយនៅក្នុងសៀវភៅនេះ គឺត្រូវដឹងពីវត្ថុបំណងនៃការកើតមករបស់អ្នក ហើយមុននឹងរំដោះអ្នកដទៃ ខ្លួនអ្នកផ្ទាល់ក៏ត្រូវដោះលែងជាមុនសិនដែរ។ត្រូវភ្ជាប់ទំនាក់ទំនង ដែលមានបានជាមួយ វត្ថុបំណងដែលខ្លួនកើតមក បើកចិត្តអោយទូលាយ ហើយចែករំលែកអ្វីដែលជារបស់ខ្លូនជាមួយអ្នកទៃ។ 

បន្ទាប់ពីអានសៀវភៅនេះអ្នកនឹងយល់ពីនិយមន័យពិតនៃប្រាក់ថាតើវាជាមិត្ត ជាអំណាច ជាសុភមង្គល សេរីភាព ភាពកក់ក្តៅ ឬគ្រាន់តែជាឧបករណ៍សម្រាប់ដោះដូរយកអ្វីដែលយើងចង់បាន។អ្នកនិពន្ធបានព្យាយាមបកស្រាយនឹងលើកប្រយោគអប់រំលើកទឹកចិត្ត ហាក់ពញ្ញាក់ស្មារតីឱ្យអ្នកអានដែលកំពុងតែឆ្លក់វង្វេងពីឥទ្ធិពលនៃលុយ ឱ្យចេះប្រើប្រាជ្ញារបស់ខ្លួនគ្រប់គ្រង់ប្រាក់តាមបែបជនជាតិជ្វីហ្វ ដែលពួកគេតែងតែរីករាយជាមួយអ្វីដែលគេមាន ហើយប្រាក់ក៏ចេះតែចូលមកបានផងដែរ៕

ព័ត៌មានផ្សេងទៀត