មាន​អ្វី​កើតឡើង បើ​អ្នក​ឈប់​ផឹក​គ្រឿង​ស្រវឹង​?

14-10-2020 8:03 pm 318

​ដូចដែល​ដឹង​ហើយ​ថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​ញឹកញាប់ ធ្វើឲ្យប៉ះពាល់​និង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដូចជា ជំងឺ​ធាត់ ជំងឺ​បេះដូង កូលេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់ និង​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត ព្រមទាំង​បញ្ហា​ជាច្រើន​ផ្សេងទៀត​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ឈប់​ផឹក​គ្រឿង​ស្រវឹង​វិញ​នោះ នឹង​ផ្តល់​ផល​ល្អ​ដល់​សុខភាព​និង​សម្រស់​។ នៅក្នុង​នោះ​នឹង​ជួយ​បញ្ចៀស​អ្នក​ឲ្យគេ​ច​ផុតពី​៖

​ជំងឺ​ធ្លាក់​ទឹកចិត្ត ដោយសារតែ​គ្រឿង​ស្រវឹង អាច​បង្កឲ្យមាន​ការប្រែប្រួល នៃ​សរសៃប្រសាទ​នៅក្នុង​ខួរក្បាល ហើយ​ប្រសិនបើ​ទទួលទាន​ញឹកញាប់​អាច​ប្រឈម​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ 

​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក បើ​យោងតាម​ការសិក្សា​មួយ ធ្វើឡើង​ដោយ​សមាគមន៍​ជំងឺមហារីក អាមេរិក​បង្ហាញថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​ញឹកញាប់ អាច​បង្ក​ឲ្យ​កើតមាន​កោសិកា​មហារីក នៅក្នុង​ផ្នែក​ណាមួយ​នៃ​រាងកាយ​។ ដូច្នេះ​ការឈប់​ទទួលទាន​គ្រឿង​ស្រវឹង អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក ពោះវៀន​ធំ ថ្លើម និង​ក្រពេញប្រូ​ស្តាត​។​

បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ ជាតិ​អាល់កុល អាចធ្វើឲ្យ​កោសិកានៃ​រាងកាយ​ចុះខ្សោ​យ ព្រោះ​វា​មាន​សារ​ធាតុគីមី​ពុល ដែល​អាចធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ទ្រុឌទ្រោម​។ នៅពេល​ឈប់​ទទួលទាន​គ្រឿង​ស្រវឹង ប្រព័ន្ធ​ភាពស៊ាំ​នឹង​វិល​មករក​សុខភាព​ល្អ​ឡើងវិញ ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​ជំងឺ​ផ្សេងៗ​។​

​សម្ពាធ​ឈាមមាន​ស្ថិរភាព សមាសធាតុ​គីមី ដែល​រកឃើញ​នៅក្នុង​ជាតិ​អាល់កុល មាន​សក្តានុពល​ក្នុង​ការបង្កើន​សម្ពាធ​ឈាម​។ 

​ក្រៅពីនេះ ការបញ្ឈប់​ការ​ទទួលទាន​គ្រឿង​ស្រវឹង នឹង​ជួយ​ស្តារ​ថាមពល​ដែល​បាត់បង់​ឲ្យ​ត្រឡប់មកវិញ ធ្វើឲ្យ​កូលេ​ស្តេ​រ៉ុល​ចុះ​ទាប និង​ជួយ​ដល់​ផ្នែក​សម្រស់​របស់​អ្នក​ផងដែរ គឺ​ជួយ​សម្រក​ទម្ងន់​៕

 ពាក្យគន្លឹះ  សុខភាពគ្រឿងស្រវឹង

ព័ត៌មានផ្សេងទៀត