ចិន​៖​ចិន​-​អាស៊ាន​​គួរ​ជួយ​​កុំឲ្យ​​មាន​​ការរំខាន​​ពី​ខាងក្រៅ​​ជុំវិញ​បញ្ហា​​សមុទ្រ​ចិន​ខាងត្បូង​

14-10-2020 5:15 pm 437

​លោក​វ៉ាង យី​ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ដ្រីការបរទេស​ចិន បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ទីក្រុង​ប៉េកាំង​និង​ប្រទេស​សមាជិក​អាស៊ាន​គួរតែ​ធ្វើការ​រួមគ្នា ដើម្បី​ដកចេញ​ការរំខាន់​ពី​ភាគី​ខាងក្រៅ​ជុំវិញ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។  លោក​ថ្លែង​បែបនេះ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​មួយចំនួនទៀត​ក្នុង​តំបន់​អាស៊ាន ដែល​លោក​ត្រូវធ្វើ​ទស្សនកិច្ច​ផ្លូវការ​ចន្លោះ​ពី​ថ្ងៃទី​១១​ដល់​១៥​តុលា​។ 

​ក្នុង​សន្និសីទកាសែត​រួម រដ្ឋមន្ដ្រីការបទេស​ម៉ាឡេស៊ី​បានលើកឡើង​ដែរថា ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​គួរតែ​ត្រូវ​ដោះស្រាយ​ដោយ​សន្ដិភាព តាមរយៈ​កិច្ចចរចា​ក្នុង​តំបន់​។ ម៉ាឡេស៊ី​ក៏​ជា​ភាគី​ពាក់ព័ន្ធ​មួយ​ដែរ​នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​ត្រូវ​ចិន​អះអាង​កាន់កាប់​ស្ទើរ​ទាំងស្រុង​។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​ដែនសមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​សម្រាប់​ប្រទេស​ពាក់ព័ន្ធ ក្រៅពីនេះ​ក៏​សម្រាប់​អន្ដរជាតិ​ផងដែរ ទទូច​ឲ្យមាន​ដំណោះស្រា​យសមស្រប​។​

​និយាយ​ពី​សហរដ្ឋអាមេរិក​តែង​លូកដៃ​ចូលក្នុង​បញ្ហា​នេះ ហើយ​បាន​បញ្ជូន​នាវា​និង​យន្ដហោះ​ចូលក្នុង​ដែនទឹក​និង​ដែនអាកាស​នៃ​សមុទ្រ​ចិន​ខាងត្បូង​ជា​ញឹកញាប់​។ អាមេរិក​ធ្វើ​ដូច្នេះ​ព្រោះ​ចាត់ទុក​តំបន់​មួយចំនួន​នៃ​ដែនសមុទ្រ​នេះ ជា​ដែន​អន្ដរជាតិ​អាច​ប្រើប្រាស់​រួម​សម្រាប់​គ្រប់​ប្រទេស មិនមែនជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ចិន ដូច្នេះ​ចិន​គ្មាន​សិទ្ធិ​ហាមឃាត់​ដាច់ខាត​។ អាមេរិក​ក៏​តែង​ធ្វើខ្លួន​ជា​អ្នក​រុញច្រាន​និង​ការពារ​ផលប្រយោជន៍​នៃ​ប្រទេស​គូវិវាទ​ជាមួយ​ចិន ដូចជា​ហ្វីលីពីន​ឬ​វៀតណាម​ជាដើម ដើម្បី​ទទួលបាន​សិទ្ធិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​យ៉ាងណាក៏ដោយ​ឥរិយាបថ​អាមេរិក ត្រូវ​ចិន​ចាត់ទុកថា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ព្រោះ​អាមេរិក​មិនមែនជា​ភាគី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ ចិន​ក៏​ធ្លាប់​ស្នើ​ជាច្រើនលើក​មកហើយ ឲ្យ​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​តាមរយៈ​កិច្ចចរចា​ផ្ទៃក្នុង មិន​ចង់ឲ្យមាន​ការលូកដៃ​ពី​ខាងក្រៅ​ដាច់ខាត​។ ចិន​រឹតតែ​ប្រតិកម្ម​នៅពេល​អាមេរិក​ចូលខ្លួន​មក​កាង​ជំនួស​ម្ដងៗ ហើយ​ទទូច​កុំឲ្យ​អាមេរិក​ចូលមក​ជំពាក់​វ៉ា​ក់វិន​ទៀត​។ ការទទូច​ឲ្យមាន​ការទប់ស្កាត់ឬ​ដកចេ​ញ​ការរំខាន​ពី​ខាងក្រៅ របស់​មន្ដ្រីជាន់ខ្ពស់​ចិន​នៅពេលនេះ បង្ហាញថា​ចិន​នៅតែ​ចង់​ចរចា​ដោយផ្ទាល់​ជាមួយ​ភាគី​ជម្លោះ ជាជាង​ឲ្យ​អ្នកដទៃ​មកជួយ​សម្របសម្រួល​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត