ការថែទាំសុខភាពនៅរដូវភ្លៀង

14-10-2020 5:14 pm 249
  ស្តាប់
ស្តាប់ជាសំឡេង

ការការពារសុខភាពនៅក្នុងរដូវភ្លៀងឱ្យបានល្អ ក៏អាចចាត់ទុកជារឿងពិបាកមួយសម្រាប់មនុស្សជាច្រើន ជាពិសេសគឺកុមារ ដែលមិនទាន់ចេះមើលថែខ្លួនឯងបាន និងប្រជាពលរដ្ឋដែលនៅតាមទីជនបទ ស្រែចំការជាដើម ព្រោះវាងាយនឹងកើតឡើងណាស់ ប្រសិនជាយើងមិនបានការពារខ្លួនឲ្យបានត្រឹមត្រូវ។ អាកាសធាតុមានការផ្លាស់ប្ដូរភ្លាមៗ ភ្លៀងផងត្រជាក់ផង ទើបធ្វើឱ្យរាងកាយមិនអាចទ្រាំទ្របាន ហើយវាជាសញ្ញាអវិជ្ជមានមួយចំពោះសុខភាពមនុស្ស នាំឱ្យជំងឺផ្សេងៗងាយនឹងកើតឡើង។ 

ក្នុងរដូវភ្លៀង ធាតុអាកាសចាប់ផ្តើមត្រជាក់ និងមានសំណើមខ្លាំង ដូចច្នេះមេរោគអាចរីករាលដាលបានយ៉ាងឆាប់រហ័ស។ បើសិនជាមានមេរោគរីករាលដាលនៅក្នុងធាតុអាកាស ហើយយើងដកដង្ហើមស្រូបចូលទៅ វានឹងអាចបង្កឱ្យកើតជំងឺខាងផ្លូវដង្ហើមបានដូចជា គ្រុនផ្តាសសាយធំ និងរលាកបំពង់ដង្ហើមជាដើម។ ដូច្នេះ អ្នកគួរចៀសវាងការស្ថិតនៅក្នុងកន្លែងដែលចង្អៀតហប់ មិនមានខ្យល់អាកាស ចេញចូល និងចៀសវាងនៅជិតអ្នកដែលកើតជំងឺទាំងនោះស្រាប់។ ចូរចាំថា មេរោគទាំងនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានតាមរយៈការដកដង្ហើម ទឹកមាត់ សំបោរ ឬកំហាកស្លេសរបស់អ្នកជំងឺ ឬតាមរយៈការដែលប្រើប្រាស់វត្ថុលាយឡំគ្នាដូចជា កន្សែងជូតមុខ ស្លាបព្រា កែវទឹក ការថើប ឬការដែលដៃទៅប៉ះមេរោគ ហើយយកទៅញីភ្នែក ឬយកទៅកាន់អាហារទទួលទានជាដើម។

បន្ថែមលើនេះ បើយោងតាមក្រសួងសុខាភិបាលកម្ពុជា ក៏ធ្លាប់បានចេញសារក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺ៧មុខ ដែលអាចនឹងកើតមានឡើងនៅក្នុងរដូវភ្លៀងនេះ។ ជំងឺទាំងនោះមានដូចជា៖ ជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនផ្តាសាយ គ្រុនក្តៅ ជំងឺចម្លងពីចំណីអាហារ ពីទឹក ជំងឺអាសន្នរោគ និងជំងឺលិបតួ។ ជំងឺលិបតួ ជាជំងឺដែលចំលងពីទឹកនោមសត្វកណ្តុរ។ ជំងឺនេះ មានរោគសញ្ញាគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ក្អួត លឿងស្បែក ក្រហមភ្នែក ឈឺពោះ កន្ទួលលើស្បែក។ ប្រសិនបើអ្នកកើតជំងឺនេះ ហើយព្យាបាលមិនបានត្រឹមត្រូវទេ វាអាចវិវត្តន៍ទៅជាខូចតម្រងនោម ថ្លើម រលាកស្រោមខួរ និងវិបត្តិដង្ហើម។ ដូចច្នេះដើម្បីការពារខ្លួននៅក្នុងរដូវភ្លៀងឲ្យជៀសឆ្ងាយពីជំងឺខាងលើនេះ អ្នកត្រូវអនុវត្តឲ្យបាន តាមវិធានការណ៍ដូចជា៖

១.រក្សាអាវភ្លៀង ឆ័ត្រ និងស្បែកជើងលុយទឹក ជាមួយអ្នកជានិច្ច

២.ត្រូវងូតទឹកក្រោយពីត្រូវទឹកភ្លៀង ហើយត្រូវរក្សាខ្លួនឱ្យស្ងួតជានិច្ច ដើម្បីធ្វើឱ្យរាងកាយមានសីតុណ្ហភាពអាចទប់ទល់នឹងអាកាសធាតុខាងក្រៅបានល្អ មិនឱ្យកើតជំងឺផ្សេងៗដូចជាសើស្បែក និងរលាកសួតបានដោយងាយ

៣.ទទួលទានទឹកក្តៅ ទឹកស៊ុប ទឹកដោះគោក្តៅ

៤.រក្សាអនាម័យខ្លួនប្រាណ និងឧស្សាហ៍លាងដៃជាមួយសាប៊ូនិងទឹក បំបាត់ដង្កូវទឹកនិងជម្រកមូស

៥.ផឹកទឹកឲ្យបានច្រើន យ៉ាងតិច២លីត្រក្នុង១ថ្ងៃ មិនត្រូវរង់ចាំរហូតដល់ស្រេកនោះទេ

៦.បរិភោគអាហារប្រកបដោយជីវជាតិ និងអនាម័យ ចៀសវាងបរិភោគក្រោមដំណក់ទឹកភ្លៀង

៧.ទទួលទានអាហារសម្បូរវីតាមីនសេ ត្របែក ល្ហុងទុំ ចេកទុំ ក្រូចពោធិ៍សាត់ ស្ត្រូប៊ឹរី បន្លែព័ណ៌បៃតងចាស់ ដូចជា ផ្ទី ស្លឹកងប់ ស្លឹកបាស ខាត់ណា សណ្តែកគួ និងប៉េងប៉ោះជាដើម។

ការទទួលទាននេះក៏ដូចគ្នា អ្នកគួរទទួលទានអាហារណាដែលឆ្អិនល្អ និងថ្មីៗក្ដៅៗ ដើម្បីការពារប្រព័ន្ធរំលាយអាហាររបស់អ្នកមិនឱ្យកើតមានជំងឺ បង្កដោយសារធាតុពុលដែលមាននៅក្នុ្ងងអាហារ។ ជាប្រចាំ នៅពេលដែលមានភ្លៀងធ្លាក់ អាកាសធាតុតែងតែប្រែទៅជាត្រជាក់ខ្លាំង ដូច្នេះអ្នកគួរទទួលទានតែឱសថបុរាណក្ដៅឧណ្ហៗ១កែវ ដើម្បីឱ្យរាងកាយមានសីតុណ្ហភាពធម្មតា ការពារជំងឺឆ្លង និងបាក់តេរី ដែលមកជាមួយនឹងទឹកភ្លៀង នឹងអាចជួយបន្ធូរបន្ថយភាពត្រជាក់បានយ៉ាងល្អផងដែរ។

បន្ថែមលើនេះ ត្រូវការពារកុំឱ្យមានមូសខាំ ជាពិសេសគឺកុមារ ដោយការគេងនៅក្នុងមុង ឬប្រើប្រាស់ថ្នាំបណ្ដេញមូសចេញពីលំនៅឋានរបស់អ្នក និងគួរស្លៀកពាក់ឱ្យបានជិតល្អ។ លុបថ្លុក និងរបស់ដក់ទឹកនៅជុំវិញផ្ទះដែលជាជំរកដង្កូវទឹក និងសត្វមូស, សំអាតផ្ទះឲ្យបានស្អាត និងមានរបៀបរៀបរយ ដើម្បីជៀសផុតពីជំងឺគ្រុនឈាម, សម្រាកឲ្យបានគ្រប់គ្រាន់, ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗនៅពេលមានរោគសញ្ញាជំងឺណាមួយកើតឡើង។ យ៉ាងណាមិញ ក៏នៅមានជំងឺ និងកត្តាជាច្រើនទៀត ដែលនឹងអាចកើតមាននៅក្នុងរដូវធ្លាក់ភ្លៀងនេះ ដែលជាហេតុធ្វើអោយបងប្អូនប្រជាពលរដ្ឋ ត្រូវតែនាំគ្នាបង្កើនការប្រុងប្រយ័ត្នអោយបានច្រើនជាងនេះ ដើម្បីការពារសុខភាពរៀងៗខ្លួន៕ 

ព័ត៌មានផ្សេងទៀត