WB​អនុម័ត​ថវិកា​១២​ពាន់​លាន​ដុល្លារ ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ទិញ​វ៉ាក់សាំង​កូវី​ដ​១៩

14-10-2020 3:18 pm 370

​ក្រុមប្រឹក្សាភិបាល​ធនាគា​រ​ពិភពលោក នៅ​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២០ បានអនុម័ត​ថវិកា​ចំនួន​១២​ពាន​លាន់​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់ឲ្យ​ប្រទេស​កំពុងតែ​អភិវឌ្ឍ ប្រើប្រាស់​នៅក្នុង​ការបញ្ជាទិញ​វ៉ាក់សាំង ចំណាយ​លើ​ការ​ចែកចាយ​វ៉ាក់សាំង និង​ធ្វើតេស្ត ព្យាបាល​ជំងឺ​កូវី​ដ​១៩​ឲ្យ​ប្រជាពលរដ្ឋ​របស់​ពួកគេ​។ កញ្ចប់​ថវិកា​នេះ​ជា​ផ្នែក​មួយ នៃ​ថវិកា​សរុប​ចំនួន​១៦០​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​អ្នកផ្តល់​ប្រាក់កម្ចី ពហុភាគី​បាន​សន្យា​ផ្តល់ឲ្យ​ប្រទេស​កំពុងអភិវឌ្ឍ រហូតដល់​ខែមិថុនា​ឆ្នាំ​២០២១ ដើម្បី​ជួយ​ពួកគេ​ក្នុង ការប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​។ នេះ​បើតាម​របាយការណ៍​ដំបូង​កាលពី​ចុង​ខែកញ្ញា ឆ្នាំ​២០២០​។​

​ធនាគារពិភពលោក​ថា កម្មវិធី​ហិរញ្ញប្បទាន​នេះ នឹង​រួមបញ្ចូល​ទាំង​ការគាំទ្រ​ផ្នែក​បច្ចេកទេស ដល់​បណ្តា​ប្រទេស​អ្នកទទួល ដូច្នេះ​ពួកគេ​អាច​ត្រៀម​សម្រាប់​ការ​ចែកចាយ​វ៉ាក់សាំង​ក្នុង​កម្រិត​មួយ ដោយ​មានការ សម្របសម្រួល​ជាមួយ​ដៃគូ​អន្តរជាតិ​។ កញ្ចប់​ហិរញ្ញប្បទាន​នេះ ក៏​ជួយផ្តល់​សញ្ញា​ដល់​ឧស្សាហកម្ម​ឱសថ ថា​ពលរដ្ឋ​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ មាន​លុយ​ចាយវាយ​ទៅលើ​ការទិញ​វ៉ាក់សាំង​កូវី​ដ​១៩ ប្រកបដោយ​សុវត្ថិភាព​និង​ប្រសិទ្ធភាព​។ 

​ដ្បិត​វ៉ាក់សាំង​ការពារកូ​វីដ​១៩ មិនទាន់​បានបង្ហាញ​រូបរាង​នៅលើ​ទីផ្សារ​នៅឡើយ ប៉ុន្តែ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​បារាំង​ប្រចាំថ្ងៃ Le Figaro លោក​David Malpass ប្រធាន​ធនាគារពិភពលោក បាន​កត់សម្គាល់ថា វា​ចាំបាច់​ត្រូវ​ត្រៀម​រៀបចំ​ជាមុន ដោយសារតែ​ដំណើរការ​ចែកចាយ​វ៉ាក់សាំង​មាន​ភាពស្មុគស្មាញ​។ លោក​David Malpass​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍ ថា​ការទទួលបាន​វ៉ាក់សាំង​ដែលមាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព និង​ពង្រឹង​ប្រព័ន្ធ​នៃ​ការ​ចែកចាយ​វ៉ាក់សាំង​ឲ្យបាន​ល្អ គឺជា​គន្លឹះ​ក្នុង​ការផ្លាស់ប្តូរ​ចរន្ត​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​រាតត្បាត និង​ជួយ​ប្រទេស​ដែល​ជួបប្រទះ​ផលប៉ះពាល់​សេដ្ឋកិច្ច​ដ៏​មហន្តរាយ ឆ្ពោះទៅរក​ភាពប្រសើរឡើង​វិញ​យ៉ាង​ឆាប់រហ័ស​។  

​គួរ​ជម្រាបជូន​ថា ករណី​ឆ្លង​វីរុស​កូវី​ដ​១៩ បាន​បន្ត​កើនឡើង​ជា​រៀងរាល់ថ្ងៃ​នៅ​ទូទាំង​ពិភពលោក ដោយ​ករណី​ឆ្លង​សរុប​មាន​ចំនួន ជាង​៣៨​លាន​នាក់ នៅក្នុង​នោះស្លាប់​ចំនួន​ជាង​១​លាន​នាក់ ព្យាបាល​ជាសះស្បើយ​ជាង​២៨​លាន​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​ជាង​៨​លាន​នាក់​។ នេះ​បើតាម​ការចុះផ្សាយ ដោយ​គ​ហ​ទំព័រ​ធ្វើ​បច្ចុប្បន្នភាព​កូវី​ដ​១៩​ប្រចាំថ្ងៃ worldometer នៅ​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០២០៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត