សាលារាជធានីភ្នំពេញត្រៀមវែកមុខទឹក ពង្វាងកុំឱ្យលិចតំបន់រោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេស

14-10-2020 12:00 pm 721

 ឆ្លើយតបទៅនឹងការជន់លិចតាមដងស្ទឹងព្រែកត្នោតកាលពីយប់ថ្ងៃទី១៣ ខែតុលា លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់វិទ្យុវាយោ នៅព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២០នេះថា មានសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ ទទួលរងប៉ះពាល់ដោយសារទឹកជំនន់ហូរពីដងស្ទឹងព្រែកត្នោត។

លោកម៉េត មាសភក្តីបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នសាលារាជធានីភ្នំពេញ បានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាកម្លាំងអន្តរាគមន៍ចម្រុះធ្វើយ៉ាងណាត្រៀមវែកមុខទឹក ដើម្បីពង្វាងកុំទឹកហូរទៅបែកខាងជើង ដែលជាតំបន់រោងច្រកនិងតំបន់សេដ្ឋកិច្ចពិសេស ព្រោះតំបន់នេះនឹងអាចមានផលប៉ះពាល់ច្រើន ជាងតំបន់ផ្សេងៗ។

មួយវិញទៀតសាលារាជធានីភ្នំពេញនឹងមានកិច្ចអន្តរាគមន៍ត្រៀមទាំងមធ្យោបាយនិងកម្លាំង សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋនិងផ្តល់ស្បៀងអាហារបឋមដល់ពលរដ្ឋដែលកំពុងរងគ្រោះ …..

សំឡេងលោក ម៉េត មាសភក្តី៖

អ្នកនាំពាក្យរូបនេះបន្ថែមថា សាលារាជធានីភ្នំពេញបានបិទផ្លូវជាតិលេខ៣ជាបណ្តោះអាសន្នដោយហាមមិនឱ្យរថយន្តដឹកទំនិញធុនធំ ឆ្លងកាត់ដើម្បីជៀសវាងបញ្ហាណាមួយកើតឡើងដោយសារទឹកជំនន់ ហើយនឹងបើកឡើងវិញនៅពេលដែលស្ថានភាពទឹកមានលក្ខណៈល្អប្រសើរ។

សូមរម្លឹកថា កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដោយសារតែមានភ្លៀងខ្លាំង និងមានទឹកហូរមកខ្លាំង បណ្តាលឲ្យទឹកហូរកាត់កំណាត់ផ្លូវជាតិលេខ៣ ចាក់ទៅកាន់ស្ទឹងព្រែកត្នោតធ្វើឱ្យប្រជាពលរដ្ឋជាង៥០០គ្រួសារ ក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោរងផលប៉ះពាល់៕ដោយ៖ភិន សុភី 

 ពាក្យគន្លឹះ  សាលាក្រុងទឹកជំនន់

ព័ត៌មានផ្សេងទៀត