​លោក​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​​អំពាវនាវ​៦​ចំណុច​បង្ការ​​និង​ទប់ស្កាត់​ក្នុង​ទិវា​ជាតិ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​​

13-10-2020 5:57 pm 219

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​អំពាវនាវ​ចំនួន​៦​ចំណុច​ក្នុង​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ស្របពេល​ដែល​ខេត្ត​មួយចំនួន​របស់​ប្រទេស​កម្ពុជា កំពុងតែ​វាយប្រហារ​ដោយ​ជំនន់​ទឹកភ្លៀង និង​ស្រប​ពេលដែល​ពិភពលោក​កំពុងតែ​មាន​ការរីក​រា​ល​ដាល​ជំងឺ​កូវី​ដ​-១៩​។ ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​ដំបូង​ដែល​រដ្ឋាភិបាល​សម្រេចយក​ថ្ងៃទី​១៣ ខែតុលា ជា​រៀងរាល់ឆ្នាំ ជា​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ រួមជាមួយ​ទិវា​អាស៊ាន​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ទិវា​អន្តរជាតិ​កាត់បន្ថយ​គ្រោះមហន្តរាយ​។

​តាមរយៈ​សារលិខិត​ចុះ​ថ្ងៃទី​០៧ តុលា ឆ្នាំ​២០២០ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់ថា ការបង្កើតឱ្យមាន​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គឺជា​ការ​បំផុសស្មារតី​យកចិត្តទុកដាក់​ពី​ប្រជាជន​កម្ពុជា​រួមជាមួយ​ប្រជាជន​ក្នុង​តំបន់​អាស៊ាន ក៏ដូចជា​នៅលើ​ភិព​ភលោក​ក្នុង​ការប្រុងប្រយ័​ត្ន ទប់ស្កាត់​ផលវិបាក​នៃ​គ្រោះមហន្តរាយ​នៅលើ​សង្គម​សេដ្ឋកិច្ច និង​លើកកម្ពស់​ការយល់ដឹង​អំពី​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​។​

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានលើកឡើង​ផងដែ​រថា ដូច​អ្វីដែល​បាន​សង្កេតឃើញ​ជាក់ស្ដែង​តាមរយៈ​ព្រឹត្តិ​កាណ៍​មិន​ប្រក្រតី​នៃ​គ្រោះមហន្តរាយ​បង្កដោយ​មុខសញ្ញា​គ្រោះថ្នាក់​ធម្មជាតិ ដូចជា ទឹកជំនន់ រាំងស្ងួត ខ្យល់​កន្ត្រាក់ ជំងឺ​រាតត្បាត​ជាដើម ដែល​កើតមាន​ស្ទើរតែ​រៀងរាល់ឆ្នាំ ធ្វើឱ្យមាន​ការខូចខាត​ជា​រូបវន្ត ខាតបង់​ថវិកា ប៉ះពាល់​លើ សេដ្ឋកិច្ច សង្គម និង​ជីវភាព​ប្រជាជន​។ ជាងនេះទៅទៀត​លោក​គូសបញ្ជាក់ថា គ្រោះមហន្តរាយ​បច្ចុប្បន្នកំពុង​ធ្វើឱ្យ​ពិភពលោក​វឹកវរ​នោះ គឺ​មុខសញ្ញា​គ្រោះថ្នាក់​នៃ​មេ​រោគកូ​វីដ​-១៩ ដែលជា​ជំងឺ​រាតត្បាត​សកល​ហើយ​ពិភពលោក​ទាំងមូល ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួមទាំង​កម្ពុជា​យើង​ផងដែរ​។​

​ដូច្នេះ​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំ​២០២០ បានកំណត់​យក​ប្រធានបទ «​ការរស់នៅ​ដោយ​សុវត្ថិភាព និង​ភាព​ធន់​គ្រោះមហន្តរាយ​»​។ លោក​ហ៊ុន សែន បាន​បញ្ជាក់ថា ប្រធានបទ​នេះ​គឺ​ការពារ​ជីវិត​មនុស្ស​ពី​គ្រោះមហន្តរាយ​ចាំបាច់​មនុស្ស​យើង​ម្នាក់ៗ​មាន​ការត្រៀម​បង្ការ និង​ចូលរួម​អនុវត្ត​វិធានការ​ទាំងឡាយ ដែល​ក្រសួងសា្ថ​ប័នមាន​សមត្ថកិច្ច​ដាក់ចេញ​ក្នុង​ការទប់ស្កាត់​គ្រោះមហន្តរាយ​ដែល​បង្កឡើង​ដោយ​មុខសញ្ញា​គ្រោះថ្នាក់​ធម្មជាតិ និង​មនុស្ស​។ ជាមួយគ្នានេះ​លោក​ក៏បាន​អំពាវនាវ​ចំនួន​៦​ចំណុច​ផងដែរ នៅក្នុង​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំ​២០២០​នេះ ដោយ​ក្នុងនោះ​រួមមាន​៖

១. អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​អនុវត្ត​ចែករំលែក​ចំណេះដឹង​រវាង​គ្នា​និង​គ្នា ក្នុង​ការជំរុញ​សកម្មភាព​ការពារ​សុខភាព អនាម័យ​ផ្ទាល់ខ្លួន រស់នៅ​ស្អាត បរិស្ថាន​ល្អ​នៅតាម​មូលដ្ឋាន​ជាមួយ​ការ​ទុកដាក់​កាកសំណល់​សំរាម​ឱ្យបាន​ត្រឹមត្រូវ កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក​ចោល​ពាសវាល​ធ្វើឱ្យប៉ះពាល់​ដល់​ការជន់​លិច ជំនន់​ទឹកភ្លៀង បរិស្ថាន និង​កើត​ជំងឺ​ផ្សេងៗ​ដែលជា​ហានិភ័យ​គ្រោះមហន្តរាយ​។​

២. ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ក្រោម​ជាតិ ត្រូវ​បំផុស​ចលនា​យល់ដឹង​ដើម្បី​ការត្រៀម​បង្ការ ត្រៀម​រៀបចំ​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ ក៏ដូចជា​ការស្ដារ​ឡើងវិញ​ឱ្យ​ប្រសើរ​ជាង​មុន​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ភាព​ធន់​ទៅនឹង​មុខសញ្ញា​គ្រោះថ្នាក់​នានា​ក្នុង​បរិបទ​នៃ​ហានិភ័យ​គ្រោះមហន្តរាយ​កើតឡើង​។​

៣. ត្រូវអនុវត្ត​និង​ប្រកាន់ខ្ជាប់​ជា​រៀងរហូត​នូវ​ស្មារតី​សាមគ្គីភាព​តាមរយៈ​វប្បធម៌​នៃ​ការចែករំលែក​ជួយ​គ្នា​ទៅវិញទៅមក និង​ប្រពៃណី​ចូលរួម​សហការ​ឱ្យបាន​កាន់តែ​រឹងមាំ​ថែមទៀត​ក្នុង​ការរក្សា​ស្ថិរភាព​សង្គម ការកែលម្អ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​ងាយ​រងគ្រោះ គ្រោះមហន្តរាយ និង​យកចិត្តទុកដាក់​លើ​សមត្ថភាព និង​លទ្ធផល​ផ្ទាល់ខ្លួន​ឆ្លើយតប​គ្រោះមហន្តរាយ​ឱ្យ​ទាន់ពេលវេលា​។​

៤. ត្រូវ​ពង្រឹង​យន្តការ​និង​សមត្ថភាព​នៅ​គ្រប់​ថ្នាក់ ពិសេស​នៅ​ថ្នាក់​សហគមន៍​ដោយ​បង្កើន​កម្រិត​ការយល់ដឹង​លើ​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​លើកកម្ពស់​ភាព​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដោះស្រាយ​បញ្ហា​ដែលជា​បុព្វហេតុ​នៃ​ហានិភ័យ​ដើម្បី​ការរស់នៅ​ដោយ​សុវត្ថិភាព និង​ភាព​ធន់​គ្រោះមហន្តរាយ ពិសេស​ស្ត្រី កុមារ ជន​មាន​ពិការភាព ចាស់ជរា​។​

៥. ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាមួយ​ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ និង​អន្តរជាតិ វិស័យ​ឯកជន​រួមគ្នា​ដោះស្រាយ​រៀបចំ​គម្រោង​សុវត្ថិភាព និង​ភាពប្រសើរឡើង​នៅ​មូលដ្ឋាន​ដែល​ងាយ​រងគ្រោះ និង​លើកកម្ពស់​ការដាំ​ដើមឈើ ផលិតកម្ម​សត្វ និង​ដំណាំ​។​

៦. គ្រប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​រដ្ឋ និង​ឯកជន​ព្រមទាំង​ប្រព័ន្ធ​ផ្សាយ​នានា​ចូលរួម​ផ្សព្វផ្សាយ​អំពី​ការចូលរួម​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ដល់​ប្រជាជន​ឱ្យមាន​ការយល់ដឹង ប្រុងប្រយ័ត្ន បង្ការ​មុខសញ្ញា​គ្រោះថ្នាក់​ផ្សេងៗ ទប់ស្កាត់​នូវ​ការកើតឡើង​គ្រោះមហន្តរាយ​៕

ព័ត៌មានផ្សេងទៀត