លោក​គីម ជុង​អ៊ុន​ស្រក់​ទឹកភ្នែក​ពេល​អរគុណ​កងទ័ព​និង​សុំទោស​ប្រជាជន​

13-10-2020 11:32 am 451

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​មាន​អារម្មណ៍​រំជួលចិត្ត​នៅពេល​ថ្លែង​សុន្ទរកថា នៅឯ​ពិធី​ព្យុហយាត្រា​យោធា​កាលពី​ចុង​សប្តាហ៍ ខណៈ​លោក​បាន​អរគុណ​ដល់​កងទ័ព ចំពោះ​ការលះបង់​របស់​ពួកគេ និង​បាន​សុំទោស​ដល់​ពលរដ្ឋ ដែល​មិន​បានធ្វើឲ្យ​ជីវិត​របស់​ពួកគេ​ប្រសើរឡើង​។ ​

​នៅក្នុង​សុន្ទរ​កាលពី​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០២០ ក្នុងអំឡុងពេល​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី ៧៥ នៃ​ការបង្កើត​គណបក្ស​ពលករ លោក​គីម ជុង​អ៊ុន​បាន​ថ្លែងអំណរគុណ​ដល់​កងទ័ព​រាប់ពាន់នាក់ ដែល​បាន លះបង់ ​តស៊ូ  នៅក្នុង​យុទ្ធនាការ​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​ខ្យល់ព្យុះ ដែល​វាយប្រហារ​ផ្នែក​ខ្លះ នៃ​ប្រទេស​កូរ៉េខាងជើង កាលពីពេល​ថ្មីៗ​នេះ និង​ការជួយ​ការពារ​ការឆ្លង​រាលដាល​នៃ​វីរុស​កូវី​ដ​១៩​នៅ​ក្នុងប្រទេស​។ លោក​គីម ជុង​អ៊ុន​រំភើព​ចិត្ត ដែល​មិនមាន​ជនជាតិ​កូរ៉េខាងជើង សូម្បីតែ​ម្នាក់​ឆ្លង​វីរុស​កូវី​ដ​១៩​។​

​លោក​គីម​និយាយថា ផលប៉ះពាល់​នៃ​វិធានការ​ដ៏​តឹងរ៉ឹង​ប្រឆាំងនឹង​មេរោគ​ឆ្លង​,​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​និង​ព្យុះ​ទី​ហ្វុង​ជាច្រើន បាន​ក្លាយជា​ឧបសគ្គ​រារាំង​រដ្ឋាភិបាល​មិនឲ្យ​បំពេញ​ការសន្យា ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​បាន​។ លោក​ថា ការខិតខំ​និង​ភាពស្មោះត្រង់​របស់លោក​មិន​គ្រប់គ្រាន់​ទេ ក្នុង​ការលុបបំបាត់​ការលំបាក​របស់​ប្រជាជន​។ តែ​យ៉ាងណាក៏ដោយ ប្រជាជន​នៅតែ​ជឿជាក់​លើ​រូបលោក​។ លោក​គីម ជុង​អ៊ុន​បាន​និយាយ​ទាំង​ស្រក់​ទឹកភ្នែក​និង​អួលដើមក ហើយ​សារ​របស់​មេដឹកនាំ​វ័យ​ជាង​៣០​ឆ្នាំ​រូបនេះ បាន​កន្ត្រាក់​អារម្មណ៍​មន្ត្រី កងទ័ព និង​ប្រជាជន​កូរ៉េខាងជើង រហូត​ធ្វើឲ្យ​ពួកគេ​យំ​យែក​ដោយ​ភាព​ស្ងៀមស្ងាត់​នៅក្នុង​ពិធី​។​

​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង ត្រូវបាន​ប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​ទណ្ឌកម្មរ​បស់​អន្តរជាតិ ប្រឆាំងនឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​។ សេដ្ឋកិច្ច​ដែល​កំពុងតែ​រងគ្រោះ​ស្រាប់ បាន​រង​ផលប៉ះពាល់​បន្ថែមទៀត នៅពេលដែល​ប្រទេស​ដ៏​ឯកោ​មួយ​នេះ បាន​បិទ​ខ្ទប់​ចរាចរណ៍​ព្រំដែន​ស្ទើរតែ​ទាំងអស់ នៅក្នុង​កិច្ចប្រឹងប្រែង ដើម្បី​ការពារ​ការឆ្លង​មេរោគ​កូរ៉ូណា​។ អង្គការសហប្រជាជាតិ​និយាយថា ប្រជាជន​កូរ៉េខាងជើង​ប្រមាណ​ជា ៤០ ភាគរយ ប្រឈម​នឹង​ការ​កង្វះ​ស្បៀងអាហារ ដែល​អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ដោយសារតែ​ផល​ប៉ះ​ពា​ល់ពី​គ្រោះទឹកជំនន់​និង​ខ្យល់ព្យុះ៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត